ខេត្តសៀមរាបៈ លោកពេជ្រ ឃិន មេភូមិបង្កោង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពិធីចាប់ត្រី ដែលជាទំនៀមដូនតាខ្មែរ តាំងពីដើមមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ (ឡើងអ្នកតា) នឹងរៀបចំធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

លោកពេជ្រ ឃិន បានបន្ថែមថា ភូមិបង្កោង ដែលជាភូមិស្ថិតក្នុងតំបន់អង្គរ មួយនេះ នឹងធ្វើពិធីចាប់ត្រី នៅថ្ងៃទី៨ ធ្វើពិធីបុណ្យឡើងមាឃ នៅថ្ងៃទី៩ និងធ្វើពិធីឆ្លងនៅថ្ងៃទី១០ ដោយមានពូនភ្នំខ្សាច់ផងដែរ។

ពិធីចាប់ត្រី របស់អ្នកភូមិបង្កោង ជាកិច្ចពិធីមួយស្របពេលនឹងពិធីឡើងមាឃ ពោលគឺគេមិនមែនចេះតែធ្វើទេ ប៉ុន្តែជាការរក្សាទំនៀមទម្លាប់ដូនតាខ្មែរ ដែលជាវប្បធម៌បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ជាមរតកមនុ ស្សរស់នៅក្នុងដួងចិត្តខ្មែរយើង មិនអាចលុបបំបាត់បាន។

ចំពោះកិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរ តែងធ្វើជាទៀងទាត់ នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្តរដូវកសិកម្ម បានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុក ក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិ ឱ្យសុខសប្បាយ ចៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់ គ្រាន់នារដូវកសិកម្មបន្ទាប់។

បច្ចុប្បន្ន នៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីឡើងមាឃនេះ ដូចជា ភូមិរលួស និងភូមិដូននំ (ឃុំបាគង) ភូមិបង្កោង ភូមិគិរីមានន្ទ និងភូមិត្នោត (ឃុំអម្ពិល) ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវាន់ (សង្កាត់នគរធំ) ភូមិសាលាក្រវាន់ (ឃុំរំចេក) ភូមិក្រសាំងរលើង (សង្កាត់សៀមរាប) ភូមិភ្នំក្រោម (សង្កាត់ចុងឃ្នាស) ក្រុងសៀមរាប ភូមិប្រដាក និងភូមិថ្នល់ត្រង់ (ឃុំព្រះដាក់) ភូមិស្រែចង្កូត (ឃុំរុនតាឯក) ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ (ឃុំលាងដៃ) ស្រុកអង្គរធំ ជាដើម៕
