Monday, January 26, 2026
Homeព័ត៌មានជាតិក្រសួងការងារ ព្រមានផាកពិន័យរោងចក្រ ទាមទារអត្តសញ្ញាណប័ណ្ណពលករមកពីថៃ

ក្រសួងការងារ ព្រមានផាកពិន័យរោងចក្រ ទាមទារអត្តសញ្ញាណប័ណ្ណពលករមកពីថៃ

ភ្នំពេញៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ ត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ។

យោងតាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីភពលករ ខ្មែរត្រឡប់មកពីថៃត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជា តិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ បានបញ្ជាក់ថា ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ទាំងអស់ ឱ្យបានជ្រាបថា ក្រសួង នឹងចាត់វិធានការផាកពិន័យចំពោះម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ ត្រូវតែផ្តល់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ។ ការទាមទារនេះ ជាការអនុវត្តផ្ទុយ នឹងខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ ០២៦/២៥ ក.ប/ស.ជ.ណ.ខ.ល ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុង ការដាក់ពាក្យធ្វើការ ចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវចាត់ទុកជាការបំពានលើចំណាត់ការរបស់អធិការការងារ ដោយប្រឈមនឹងការផាកពិន័យជាប្រាក់ ស្របតាមច្បាប់ស្តីពីការងារ។

ក្រសួងសូមបញ្ជាក់ថា ម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចប្រើប្រាស់សំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស (លិខិតធ្វើដំណើរ TD) ឬប័ណ្ណព្រំដែនកម្ពុជា-ថៃ ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្នើសុំធ្វើសៀវភៅការងារកម្មករនិយោជិតខ្មែរ និងការចុះបញ្ជី ប.ស.ស សម្រាប់បងប្អូនពលករខ្មែរ ដែលត្រឡប់មកពីថៃ។

ក្នុងករណីសាធារណជនបានដឹងអំពីការដាក់លក្ខខណ្ឌតម្រូវឱ្យយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ ចំពោះបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីថៃ សូមប្តឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍ លេខ ១២៨៦ ឬ ១២៩៧ ឬប្រអប់បណ្តឹងអនាមិក របស់ក្រសួង https://feedback.mlvt.gov.kh/feedback ដើម្បីក្រសួង ចាត់វិធានការតាមច្បាប់ ជាធរមាន។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ អនុវត្តបានត្រឹមត្រូវ តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕

RELATED ARTICLES