តារាចម្រៀង Rock ដែលចូលចិត្តច្រៀងបទខ្មែរ និងជាភាសាអង់គ្លេស ថៃ បានយ៉ាងពីរោះ លោកខេវិន បានហោះទៅប្រទេសកាណាដា បាត់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នោះ កំពុងត្រៀមខ្លួនច្រៀងសម្ដែងជាច្រើនរដ្ឋនៅប្រទេសដែល កំពុងតែធ្លាក់ព្រិលខ្លាំង នោះ។
តាមព័ត៌មានថា តារាចម្រៀងដែលនិយមលេងម៉ូដសក់ប្លែកៗនេះ នឹងត្រូវច្រៀងសម្ដែងរយៈពេល៦ខែ នៅកាណា ហើយ Sponsor អាចនឹងបន្តថែមទៀតផង។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ លោកខេវិន បានប្រាប់ថា ពេលខ្លះលោកពិតជាមានអារម្មណ៍ថានឹកផ្ទះ និងពិបាកទ្រាំដែរ ព្រោះតែខែនេះ នៅកាណាដា ត្រជាក់ខ្លាំង ហើយធម្មតាលោកជាខ្មែរអីចឹង ទៅដល់ណាក៏មិនភ្លេចសម្លម្ជួរក្បាលត្រីប្រាដែរ អីចឹងពិបាកបន្ដិចដែលញាំប៊ឺហ្គើររាល់ថ្ងៃនោះ។
លោកខេវិន និយាយថា ”ខ្ញុំមកកាណាដា ៦ខែ ឬអាចបន្ដលើសពីនេះទៀត តាមការទាមទាររបស់អ្នករៀបចំកម្មវិធី ហើយខ្ញុំត្រៀមសម្ដែងនៅទីក្រុង Toronto , Ottawa និងបង្ហួសទៅទីក្រុង London, Montreal, Vancover ជាដើម។ កន្លងមក ខ្ញុំធ្លាប់ចេញទៅសម្ដែងច្រៀងនៅប្រទេសមួយចំនួន ដូចជា អូស្រ្ដាលី បារាំង ប៊ែលហ្សិក ស្វីស ហូឡង់ដ៍ ជាដើម ហើយសម្រាប់កាណាដា នេះជាលើកទី១”។
តាមប្រភពថាការផ្ញើខ្លួននៅប្រទេសកាណាដា ៦ខែនេះ លោកខេវិន បានទៅចោលម្ចាស់ស្នេហ៏ថ្លើមថ្លៃ នាងម៉ុក អានីត អតីតតារាចម្រៀងផលិតកម្ម Rock ឲ្យនៅស្រុកខ្មែរ កណ្ដោចកណ្ដែងតែម្នាក់ឯង ហើយស្រាប់តែទៅដល់កាណាដា រងាដោយសារព្រិលធ្លាក់ខ្លាំងនោះ ទើបតារាចម្រៀងរូបនេះនឹកបណ្ដូលចិត្តខ្លាំងណាស់ រហូតដល់ចង់មកស្រុកវិញមុនកំណត់ទៀតផង។
លោកខេវិន បន្ថែមថា ”រឿងនឹកផ្ទះហ្នឹង ពិតមែនហើយ ពេលខ្លះពុលយន្ដហោះផង កាន់តែនឹក ចង់ទៅផ្ទះទៀត។ តែយើងត្រូវតែជម្នះតស៊ូ ព្រោះជាឱកាសយើងរកលុយ និងស្គាល់ស្រុកគេដែរ។ ជាការពិតហើយ ខ្ញុំមកកាណាដា នេះ អ្នកនាងម៉ុក អានីត មិនបានរួមដំណើរជាមួយឡើយ ព្រោះតែគាត់ជាប់រវល់ការងារច្រើននៅស្រុកខ្មែរ តែគាត់ក៏ត្រៀមចេញទៅសម្ដែងនៅប្រទេសផ្សេងទៀតដែរ”។
គួរបញ្ជាក់ថា ការហោះទៅកាណាដា ៦ខែនេះ លោកខេវិន មិនត្រឹមតែឃ្លាតកាយបណ្ដូលចិត្ត ម៉ុក អានីត ទាំងចិត្តមិនចង់ឃ្លាត១វិនាទីនោះឡើយ តែតារាចម្រៀងដែលនិយមច្រៀងបទភាសាបរទេសបានយ៉ាងល្អនេះ ក៏ដើរចោលស្រីស្អាតសាច់សខ្ចីជាង១០០នាក់ នៅហាងបៀហ្គាឌិន ”ពិភពរាត្រីថ្មី” ទល់មុខស្ថានទូតចិន ផងដែរ ព្រោះនៅហាងល្បីឈ្មោះនោះ លោកខេវិន បានគ្រប់គ្រងនារីស្អាតៗទាំងនោះរៀងរាល់រាត្រី។
បុគ្គលិកនៅហាងនោះ បាននិយាយថា ការដែលលោកខេវិន ទៅរកលុយនៅកាណាដា នាពេលនេះ អាចជាការសន្សំប្រាក់សម្រាប់ចូលរោងការជាមួយម៉ុក អានីត ក៏ថាបាន ព្រោះអ្នកទាំង២បានស្រលាញ់ និងរួមរស់ជាមួយគ្នាជាច្រើនឆ្នាំដូចប្ដីប្រពន្ធអីចឹង តែគូស្នេហ៏តារាមួយគូនេះមិនទាន់កំណត់ថ្ងៃចូលរោងការឡើយ។ ចំណែកស្រីស្អាតនៅហាងនោះ បាននិយាយសរសើរលោកខេវិន ថា ជាបុរសល្អម្នាក់ដែលកម្ររកបាន ព្រោះតាំងពីខេវិន គ្រប់គ្រងស្រីៗនៅទីនោះមក អ្នកចម្រៀងរូបនេះមិនដែលហ៊ានប៉ះសាច់នារីណាម្នាក់ឡើយគឺលោកស្មោះស្ម័គ្រតែនាងអានីត តែម្នាក់គត់។
អ្នកចម្រៀងដែលមិនចង់ប៉ះសាច់ស្រីស្អាតជាកូនចៅ រូបនេះ អះអាងថា ”ចំពោះការងារខ្ញុំនៅហាងពិភពរាត្រី នោះ ខ្ញុំឲ្យគេជំនួសមួយរយៈសិន។ តែនៅពេលខ្ញុំត្រឡប់មកស្រុកខ្មែរវិញ ខ្ញុំនឹងចូលធ្វើការធម្មតា ព្រោះខ្ញុំបាននិយាយជាមួយថៅកែហើយ។ ចំពោះរឿងថា ខ្ញុំមិនដែលប៉ះពាល់កូនចៅនោះ ជាការពិតមែន គឺខ្ញុំមិនដែលមានការងារអីផ្សេងទាក់ទងគ្នា ក្រៅពីម៉ោងធ្វើការនោះទេ ឲ្យខ្ញុំស្បថក៏ហ៊ានដែរ។ ខ្ញុំស្រលាញ់តែអ្នកពិសេសរបស់ខ្ញុំម្នាក់ទេ តែពួកយើងមិនទាន់មានគ្រោងចូលរោងការឡើយ”៕