ភ្នំពេញ ៖ បុរសជាឪពុកម្នាក់ បានកាន់រូបថត តាមរកកូនប្រុសរបស់ខ្លួន ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយអះអាថា កូនប្រុសរបស់គាត់ ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែបាត់ខ្លួនឈឹង គិតមកដល់ពេលនេះ បាត់រយៈពេល ៦ថ្ងៃមកហើយ និងបានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ច ជួយស្វែងរក ស្រាប់តែនៅរសៀលថ្ងៃដដែលនោះ មានគេទូរស័ព្ទប្រាប់គាត់ថា បានឃើញកូនប្រុសគាត់ ចងកសម្លាប់ខ្លួន នៅក្នុងវត្តមួយ នៅឯ ស្រុកពញាឮ ខេត្តកណ្តាល។

បុរសដែលជិតដល់ថ្ងៃចូលរោងការ បែរជាចងកសម្លាប់ខ្លួននោះ មានឈ្មោះ យី តូ អាយុ២៩ឆ្នាំ មានលំនៅ ភូមិស្រែសំរោង ឃុំស្រែសំរោង ស្រុកជុំគិរី ខេត្តកំពត។
តាមសម្តីបុរសជាឪពុក ឈ្មោះហេង ទូច អាយុ៥៨ឆ្នាំ មុខរបរជាងផ្ទះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ ឈ្មោះយី តូ ធ្លាប់បានជួបឧប្បត្តិហេតុគ្រោះថ្នាក់រាចរណ៍ ចំនួន២លើកមកហើយ គឺកាលពីអាយុ ១២ឆ្នាំ ពេលកំពុងជិះកង់ ត្រូវបានម៉ូតូបុក បណ្តាលឱ្យដួល របួសក្បាល ធ្ងន់ ដែលបានធ្វើឱ្យមានសតិស្មារតីមិនសូវល្អ ប៉ុន្តែបន្ទាប់ពីគាត់នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកក៏បានជាសះស្បើយ។ លុះដល់អាយុ១៦ឆ្នាំ ខណៈជិះម៉ូតូ ស្រាប់តែជាប់ហ្គារ ជ្រុលទៅបុកគំនរដើមត្នោត បណ្តាលឱ្យគ្រោះថ្នាក់ម្តងទៀត តែស្រាលជាងមុនទេ ព្រោះដើម ត្នោតពុកផុយ ហើយក៏បានលេបថ្នាំព្យាបាល ជាប់រហូតមកដែរ។

បុរសជាឪពុក បានបន្តថា ដោយសារតែឃើញកូនជាសះស្បើយហើយ ទើបគាត់ស្តីដណ្តឹងប្រពន្ធឱ្យ ប៉ុន្តែជាង ១ខែមុន ជិតដល់ថ្ងៃចូលរោងការទៅហើយ ដោយគាត់បានកក់តុ រោង ចុងភៅ រួចអស់ហើយ ស្រាប់តែជំងឺកូនប្រុសគាត់នេះ រើឡើងវិញ។ ពេលនោះ គាត់បាន ពិភាក្សាជាមួយដន្លង ហើយពន្យារពេលរៀបការសិន រង់ចាំពេលកូន ជាពីជំងឺស្រួលបួល ចាំគិតគូរឡើងវិញម្តងទៀត ។ ដោយឡែកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ គាត់និងកូនប្រុសបានទៅធ្វើរោងគោ ឱ្យគេ នៅក្នុងភូមិ។ លុះដល់វេលាម៉ោង ១រសៀល កូនប្រុសបានសុំគាត់ទៅរកទិញស្បែកជើង រួចជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ១V-៨០៧៦ ចេញទៅ ស្រាប់តែបាត់ខ្លួនរហូតតែម្តង ពុំឃើញត្រឡប់ទៅផ្ទះវិញទេ ហើយគាត់បានព្យាយាមតាមរកច្រើនថ្ងៃដែរ តែមិនឃើញសោះ។

ក្រោយពីរាយការណ៍ប្រាប់អាជ្ញាធររួចហើយ បុរសជាឪពុក បានចាកចេញពីសាលាសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ ដើម្បីដើរស្វែងរកកូនប្រុសរបស់គាត់ បន្តទៀត ដោយពុំដឹងថា គាត់ទៅរកដល់ទីកន្លែងណាទៀតនោះទេ។

ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បុរសខាងលើ បានឱ្យកូនប្រសា ប្រុសរបស់គាត់ម្នាក់ ឆាតមកប្រាប់ក្រុមអ្នកសារត័ត៌មានថា មានគេទូរស័ព្ទប្រាប់គាត់ថា បានប្រទះឃើញកូនប្រុសគាត់ ចងកសម្លាប់ខ្លួន ស្លាប់នៅក្នុងវត្តមួយកន្លែង នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែគាត់ពុំទាន់ជឿជាក់ថា ជាកូនរបស់គាត់ ១០០ភាគរយនៅឡើយទេ ដោយរង់ចាំទៅមើលជាក់ស្តែងសិន ហើយបើជាកូនរបស់គាត់ពិត ឬមិនពិតបែបណានោះ គាត់នឹងប្រាប់នៅពេលក្រោយទៀត៕