ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងថា ខណៈដែលកម្ពុជា នៅបន្តភាពស្ងៀមស្ងាត់ មិនដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារទឹកដី ដែនអធិបតេយ្យរបស់ខ្លួននោះ ពេលនេះ ថៃ បានចាប់ផ្ដើមបំផ្លាញភ័ស្តុតាងនៅលើទឹកដីកម្ពុជា តំបន់ដែលពួកគេបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ ដោយបានដូរឈ្មោះភូមិរបស់ខ្មែរ ទៅជាភូមិថ្មី ជាភាសារបស់គេ ហើយថែមទាំងបន្តកសាងសំណង់រឹង ជាច្រើន បើទោះបីជាកម្ពុជា បានធ្វើកំណត់ទូតតវ៉ាយ៉ាងដាច់ខាត ជាបន្តបន្ទាប់ ឲ្យបញ្ឈប់សកម្មភាពខុសច្បាប់នោះក៏ដោយ ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
លោក ម៉ែន ណាត បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “តើរដ្ឋាភិបាលកម្ពុជា បានប្រមូលភ័ស្តុតាងសម្បូរបែបឬទេ ជុំវិញរឿងសៀមឈ្លានពាន? ឥឡូវសៀម ចាប់ផ្តើមបំផ្លាញភ័ស្តុតាង រួចដាក់ឈ្មោះតំបន់និងភូមិថ្មី ជាភាសាសៀម តាមតំបន់ដែលសៀម គ្រប់គ្រងទាំងខុសច្បាប់ទាំងនោះ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជាការពិត សព្វថ្ងៃថៃ នៅតែបន្តឈ្លានកម្ពុជា ហើយជាមួយនឹងការឈ្លានពាននេះ ថៃ មិនអនុវត្តកិច្ចព្រមព្រៀងណាមួយរបស់កម្ពុជា និងថៃទេ ជាពិសេស ពួកចោរឈ្លានពាននេះ កំពុងព្យាយាមបំផ្លាញភ័ស្តុតាង ដូចជា លេណដ្ឋានទ័ព ផ្ទះប្រជាពលរដ្ឋ ទីវត្តអារាមមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញ ហើយកសាងលេណដ្ឋានថ្មី ផ្ទះសម្បែងថ្មី ដូរឈ្មោះភូមិ ជាដើម ។ ដូច្នេះ លោកជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ថតឯកសារទាំងអស់ ជាភ័ស្តុតាង ដើម្បីដាក់ពាក្យប្ដឹងទៅតុលាការអន្តរជាតិ ព្រោះកម្ពុជា មិនអាចអត់ភ័ស្តុតាងប្ដឹងបានទេ ។

លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ជាការពិតហើយ សព្វថ្ងៃហ្នឹង ថៃ ឈ្លានកម្ពុជា នៅតែបន្ត ហើយជាមួយនឹងការឈ្លានពាននេះ គឺថៃ មិនអនុវត្តកិច្ចព្រមព្រៀងណាមួយរបស់កម្ពុជា និងថៃ ទេ គឺថៃ នៅគឃ្លើន ហើយជាពិសេសហ្នឹង គឺតាមបំផ្លាញភ័ស្តុតាង ដូចជាលេណដ្ឋានទ័ព ដូចជាផ្ទះប្រជាពលរដ្ឋ ទីវត្តអារាមមួយចំនួន ត្រូវបានបំផ្លិចបំផ្លាញ ហើយកសាងលេណដ្ឋានថ្មី ផ្ទះសម្បែងថ្មី ដូរឈ្មោះភូមិ ដូរឈ្មោះអីទៀត នៅខាង ភូមិជោគជ័យ ខាងព្រៃចាន់ អីជាដើមហ្នឹង ហើយជាជំហរ យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ថតឯកសារទាំងអស់ហ្នឹងជាភ័ស្តុតាង ដើម្បីដាក់ប្ដឹងទៅតុលាការអន្តរជាតិ ព្រោះកម្ពុជា មិនអាចអត់ភ័ស្តុតាងប្ដឹងបានទេ ត្រូវតែមានឯកសារប្ដឹង ទី១ ប្ដឹងពីការឈ្លានពានឈរជើងក្នុងទឹកដីខ្មែរ ពីសំណាក់ថៃ ហើយទី២ ប្ដឹងអំពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ។ អាហ្នឹងវាមានពាក់ព័ន្ធតុលាការពីរ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ នៅក្នុងរឿងហ្នឹង យើងចង់ជំរុញថា រដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរនៅគ្រប់មូលដ្ឋានហ្នឹង ប្រមូលឯកសារភ័ស្តុតាងទាំងអស់ហ្នឹង ដើម្បីចងក្រងជាឯកសារផ្លូវការ ចងក្រងទុកសិន ហើយបន្តបន្ទាប់មកទៀត គឺត្រូវប្ដឹងថៃ ទៅតុលាការអន្តរជាតិ ហើយរឿងហ្នឹង សួរថា តើយើងមានភ័ស្តុតាងអីខ្លះ? ថៃ កំពុងបំផ្លាញអីខ្លះ? ហ្នឹង ខ្ញុំឃើញប្រជាពលរដ្ឋ លោកផុសផ្សាយ ផ្សព្វផ្សាយលើបណ្ដាញសង្គម គ្រាន់តែជាផ្នែកតូចមួយទេ តែរដ្ឋាភិបាល មានវិសាលភាពការងារធំ“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងរដ្ឋាភិបាលកម្ពុជា ត្រូវថតទៅ ហើយប្រមូលឯកសារពីបណ្ដាញអង្គការ NGO ពីបណ្ដាញក្រុម AOT ពីអ្នកអង្កេតការណ៍អន្តរជាតិ ពីសារព័ត៌មានអន្តរជាតិ សារព័ត៌មានអីហ្នឹង ប្រមូលភ័ស្តុតាង យកមទុក ចងក្រងជាឯកសាររូបភាព ឯកសារវីដេអូទាំងអស់ ជុំវិញការដែលថៃ ឈ្លានពាន ហើយបន្តបំផ្លិញបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលើទឹកដីកម្ពុជា ដែលខ្លួនឈរជើងហ្នឹង រួចបំផ្លាញភ័ស្តុតាងអីទាំងអស់ហ្នឹង ។ អាហ្នឹងវាជាការបំពានច្បាប់អន្តរជាតិ ។ ការឈ្លានពាន វាខុសច្បាប់អន្តរជាតិមួយហើយ ដល់ពេលឈ្លានពានហើយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ នៅតំបន់ខ្លួនគ្រប់គ្រង ជាការឈ្លានពានមួយទៀត ឈ្លានពានលើឈ្លានពាន ហើយខុសច្បាប់អន្តរជាតិ យ៉ាងសម្បើម“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ហើយសំណួរថា តើកម្ពុជា អាចទាមទារទឹកដីហ្នឹងបានមកវិញទេ? ខ្ញុំថា កម្ពុជា ទាមទារបាន ប៉ុន្តែយន្តការ វាមាន៣ ដូចយើងធ្លាប់ជជែកគ្នាកន្លងទៅដែរ ។ យន្តការទ្វេភាគីហ្នឹង វាគ្រាន់តែថា ដើម្បីទប់ស្ថានការណ៍ហ្នឹង កុំឲ្យមានអំពើហិង្សាផ្ទុះអាវុធ សង្រ្គាមបន្ថែម ។ ប៉ុន្តែយន្តការទ្វេភាគី កម្ពុជា មិនត្រូវព្រមព្រៀងតាមការចង់បានរបស់ថៃ ទាំងបំពានច្បាប់អន្តរជាតិហ្នឹងទេ ហើយយន្តការការទូតហ្នឹង លោកប្រាក់ សុខុន ធ្វើត្រូវហើយ ប៉ុន្តែត្រូវតែបង្កើនសមត្ថភាពការទូតហ្នឹង កុំឲ្យវាឆ្គាំឆ្គង ហើយកន្លងទៅ យើងឃើញថា មានការខកខាន ការទូតខ្មែរ ខ្សោយ គ្រាន់តែកិច្ចប្រជុំចង្អៀតការបរទេសអាស៊ាន ហ្នឹង ក៏កម្ពុជា ហ្នឹងមិនបានលើកប្រធានបទឲ្យគេជជែកពិភាក្សាទូលំទូលាយពីបញ្ហាជម្លោះកម្ពុជា-ថៃ ហើយយើងមើលទៅ ហ្វីលីពីន អ្នកដឹកនាំកម្មវិធីប្រជុំហ្នឹង ហាក់ដូចស្ថិតនៅក្រោមសម្ពាធរបស់ថៃ ច្រើនជាង មិនផ្ដល់យុត្តិធម៌ឲ្យកម្ពុជា ហើយកម្ពុជា ទទួលភាពអយុត្តិធម៌ហើយ មិនតវ៉ាឲ្យបានខ្លាំងក្លា ។ អាហ្នឹងជាចំណុចដែលខុសឆ្គង តែឆ្លងកាត់ចំណុចខុសឆ្គងហ្នឹងហើយ កម្ពុជា ត្រូវតែបង្កើនសមត្ថភាពការទូត នៅតាមតំបន់ផ្សេងៗទៀត ឲ្យខ្លាំង ដើម្បីឲ្យថៃ ដកកងទ័ពចេញពីទឹកដីកម្ពុជា អាហ្នឹងការទូតសំខាន់ណាស់។ ហើយយន្តការទី៣ គឺប្ដឹង ។ ដើម្បីបានយុត្តិធម៌ ដើម្បីឲ្យថៃ គោរពបូរណភាពទឹកដីកម្ពុជា ដែលបន្សល់ទុកពីអាណានិគមបារាំង គឺមានតែប្ដឹងចូលទៅតុលាការអន្តរជាតិ មានតុលាការយុត្តិធម៌អន្តរជាតិ ប្ដឹងពីបញ្ហាសៀម ឈ្លានពានព្រំដែន ឆ្លងលើបន្ទាត់ព្រំដែនកម្ពុជា ចូលមកត្រួតត្រាក្នុងទឹកដីកម្ពុជា អាហ្នឹងតុលាការយុត្តិធម៌។ ហើយពាក់ព័ន្ធនឹងតុលាការ ICC តុលាការឧក្រិដ្ឋកម្ម គឺពាក់ព័ន្ធនឹងការដែលថៃ បង្កសង្រ្គាមលើកម្ពុជា អ៊ីចឹង ហើយយន្តការហ្នឹង យើងផ្ដល់យោបល់ច្រើនណាស់ ទៅរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង ត្រូវធ្វើយ៉ាងម៉េច យកសារហ្នឹងទៅគិត ទៅពិចារណា ការពារផលប្រយោជន៍ជាតិទាំងអស់គ្នា ការពារទឹកដីជាតិទាំងអស់គ្នា ហើយកុំឲ្យថៃ ហ្នឹងគឃ្លើនតទៀត ។ អ៊ីចឹងយន្តការទាំង៣ ដែលខ្ញុំជូនហ្នឹង គឺកម្ពុជា ត្រូវតែប្រើបន្តទៅទៀត ហើយសំខាន់ ប្រមូលភ័ស្តុតាង ចងក្រងឲ្យបានជាឯកសារ ហើយកសាងពាក្បបណ្ដឹងប្ដឹងថៃ ទៅតុលាការអន្តរជាតិ“ ។

លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា
ស្របនឹងការលើកឡើងរបស់លោក ម៉ែន ណាត អ្នកឃ្លាំមើល ដូចខាងលើនេះដែរ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការពិតហើយ ថៃ បានបំផ្លាញភ័ស្តុតាងនៅលើទឹកដីកម្ពុជា តាមរយៈការឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋចោល សាងសង់សំណង់រឹង និងដូរឈ្មោះភូមិខ្មែរ ទៅជាភូមិឈ្មោះភាសាគេ ជាដើម ដែលនេះជាលទ្ធផលដោយសារមេដឹកនាំកម្ពុជា អត់ទៅរារាំងថៃ និងមិនព្រមប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងមិនប្ដឹងថៃ ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ ដូច្នេះនៅពេលបាត់ភ័ស្តុតាង យើងពិបាកនឹងប្ដឹងទាមទារមកទឹកដីដែលបាត់បង់មកវិញ ។ បើឆាប់ៗនេះ អាចប្ដឹងបាន ប៉ុន្តែពេលអនាគត បើអត់ប្ដឹង ក្មេងជំនាន់ក្រោយមក មិនអាចទាមទារបាន នឹងកាត់ទឹកដីទៅឲ្យថៃ ហើយ ។ លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “ជាការពិតហើយ គឺថៃ បានបំផ្លាញភ័ស្តុតាងនៅលើទឹកដីកម្ពុជាយើង ឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋចោល សាងសង់សំណង់រឹង ដូចជាផ្លូវចាក់បេតុង រូបសំណាកព្រះពុទ្ធប្បដិមា សាងសង់ដងទង់ជាតិ និងសំណង់រឹងដទៃទៀត ដើម្បីបំបាត់ភ័ស្តុតាង ពីការកាន់កាប់ទឹកដីកម្ពុជា ខុសច្បាប់ គេចង់ឲ្យទឹកដីហ្នឹង ទៅជាទឹកដីដែលស្របច្បាប់ ដូចជាដូរភូមិជោគជ័យ ទៅជាភូមិឈ្មោះភាសាគេអ៊ីចឹង ។ ដូច្នេះការសាងសង់ជាសំណង់រឹងនេះ គឺនឹងធ្វើឲ្យថៃ ប្រែក្លាយពីការកាន់កាប់ខុសច្បាប់ ទៅជាការកាន់កាប់ស្របច្បាប់ ហើយជាការពិតហើយ នេះជាលទ្ធផលដោយសារមេដឹកនាំកម្ពុជា យើងអត់ទៅរារាំងថៃ ដែលបានបំផ្លិចបំផ្លាញ ឈូសឆាយផ្ទះប្រជាពលរដ្ឋ ហើយនិងសាងសង់សំណង់រឹងនៅលើដីខ្មែរយើង ហើយដោយសារតែកម្ពុជា មិនព្រមប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនិងមិនប្ដឹងថៃ ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនៅពេលដែលបាត់បង់ភ័ស្តុតាងដែលគេបំផ្លាញចោលហ្នឹង ហើយគេសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី នៅលើទឹកដីហ្នឹង នៅពេលដែលមកបាត់ភ័ស្តតាងអ៊ីចឹង យើងអាចប្ដឹងបាន ប៉ុន្តែយើងពិបាកទាមទារមកវិញ ព្រោះអាហ្នឹងគេសំអាងទៅលើគោលការណ៍ ដឺហ្វេកតូ ។ គោលការណ៍ ដឺហ្វេកតូ គោលការណ៍នៃការកាន់កាប់ជាក់ស្ដែង កាលណាកាន់កាប់ជាក់ស្ដែងយូរទៅ នឹងក្លាយទៅជាទឹកដីស្របច្បាប់របស់ថៃ ។ អាហ្នឹងយើងពិបាកនឹងប្ដឹងទាមទារមកវិញ នៅពេលអនាគត ។ បើឆាប់ៗនេះ មិនអីទេ យើងអាចប្ដឹងបាន ប៉ុន្តែពេលអនាគត បើយើងអត់ប្ដឹង អ៊ីចឹងតទៅទៀត ក្មេងជំនាន់ក្រោយមក មិនអាចទាមទារបាន នឹងកាត់ទឹកដីហ្នឹង ទៅឲ្យថៃ ហើយ“ ៕ កុលបុត្រ