ទេពបូព្រឹក្ស រក១ខែបានជាង២ម៉ឺនដុល្លារ ឥឡូវគ្រោងទៅនៅផ្ទះវីឡាតម្លៃ១៤ម៉ឺនដុល្លារទៀត
ទេព បូព្រឹក្ស បានក្លាយទៅជាម្ចាស់កម្មសិទ្ធិវីឡាដ៏ប្រណីតមួយខ្នង តម្លៃ១៤ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ដែលនាងនឹងទៅរស់នៅផ្ទះដ៏មានផាសុកភាពនោះ ក្នុងពេលដ៏ឆាប់ៗនេះហើយ។ ការឡើងកាលីពរបស់តារាលេងក្បាច់រាំ ទេព បូព្រឹក្ស លែងចង់នៅផ្ទះល្វែង មកនៅផ្ទះវីឡាវិញម្តងនេះ គឺហាក់ស្របគ្នា ដែលមុននេះ បូព្រឹក្ស ឬ ស្រីនិច្ច ទើបតែបានទិញរថយន្តទំនើប Toyota Tundra ពណ៌លឿង តម្លៃជាង៤ម៉ឺនដុល្លារផងដែរ ទើបធ្វើឱ្យមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈថា បូព្រឹក្ស មានគូស្នេហ៍នៅពីក្រោយខ្នងចាំ ជួយឧបត្ថម្ភ។
ក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស បានសារភាពថា នាងពិតជាបានទិញវីឡានោះមែន ហើយថែមទាំងទិញផ្តាច់ទៀតផង មិនមែនបង់រំលស់ទេ តែនាងគ្មានគម្រោងឡើងផ្ទះនោះ ដោយហៅតារាៗឱ្យចូលរួមអបអរសាទរដូចគេឡើយ។
បូព្រឹក្ស ថ្លែងថា “អូបង! ដូចខ្ញុំបានប្រាប់បងមុនហ្នឹងហើយថា បើខ្ញុំមានលុយ ខ្ញុំចង់បានផ្ទះ ឥឡូវខ្ញុំអាចទិញវាបានហើយ។ ផ្ទះវីឡាហ្នឹងតម្លៃ១៤ម៉ឺនដុល្លារ ហើយខ្ញុំទិញផ្តាច់តែម្តង មិនបង់រំលស់ទេ និយាយទៅ ឥឡូវកំពុងសាងសង់ជិតរួចរាល់ហើយ ដែលខ្ញុំនិងក្រុមគ្រួសារទៅរស់នៅក្រោយចូលឆ្នាំខ្មែរហ្នឹង។ ផ្ទះហ្នឹងគឺជាលុយបស់ខ្ញុំសុទ្ធសាធ មិនមានអ្នកណាជួយឧបត្ថម្ភអីទេ ព្រោះខ្ញុំអាចមានលទ្ធភាពរកប្រាក់ទិញវាដោយខ្លួនឯងបាន។ និយាយត្រង់ទៅបង ពីមុនខ្ញុំក៏មិននឹកស្មាន ថា យើងអាចរកលុយបានទិញផ្ទះហ្នឹងដែរ តែមួយរយៈចុងក្រោយនេះ ខ្ញុំរវល់ការងារ
សិល្បៈច្រើន គឺនៅរដូវក្តៅនេះ ១សប្តាហ៍ ខ្ញុំរវល់៥ថ្ងៃ ហើយអាចសល់បាន៥ពាន់ដុល្លារ ក្រោយផាត់ចំណាយទៅលើក្រុមរាំអីហើយ អីចឹងក្នុង១ខែៗ ខ្ញុំសល់លុយច្រើនដែរ (សើច)។ បើរកលុយបានអីចឹងហើយ ចាំបាច់ឱ្យគេជួយធ្វើអីទៀតបង?”។
តាមរយៈការអះអាងរបស់ទេព បូព្រឹក្ស នាពេលនេះ បញ្ជាក់ថា នៅរដូវត្រូវប៉ាន់ តារាហង្សមាស រូបនេះ អាចរកលុយបានក្នុង១ខែ ជាង២ម៉ឺនដុល្លារឯណោះ ក្រោយទូទាត់ចំណាយអស់ហើយ ព្រោះតែក្នុង១សប្តាហ៍ បូព្រឹក្ស សល់លុយមិនក្រោម៥ពាន់ដុល្លារឡើយ៕