ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ជាមុខសញ្ញាជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន ចំនួន៣កញ្ចប់ និងកាំភ្លើងចំនួន២ដើម។

ការបង្ក្រាបក្រុមជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរ័ត្ន បូរី ហៅតក់ ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី២-ឈ្មោះស៊្រឺ ភីសារ ភេទប្រុស អាយុ ៣៤ឆ្នាំ មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី៣-ឈ្មោះអ៊ិន ស្រីម៉ី ហៅយួន ភេទស្រី អាយុ៤៦ឆ្នាំ មានលំនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ទី៤-ឈ្មោះថា រឹទ្ធីស័ក្ក ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងទី៥-ឈ្មោះជា ឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសងែ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឈានដល់ការបង្ក្រាបបានករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី បានចំនួន៥នាក់ខាងលើ រួមទាំងចាប់យកសម្ភារៈវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន៣កញ្ចប់ (ទម្ងន់១៣,២៤ក្រាម)។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១។ ទូរស័ព្ទដៃ ចំនួន៥គ្រឿង។ កាំភ្លើង AK47 កែច្នៃ ចំនួន១ដើម។ កាណុងកាំភ្លើង ចំនួន១។ កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ ចំនួន១ដើម។ សំបកគ្រាប់កាំភ្លើង ចំនួន១។ កូនថង់ប្លាស្ទិកថ្លា សម្រាប់ច្រកថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀន មួយចំនួន។ ម៉ូតូ ចំនួន៣គ្រឿង រួមមាន ១-ម៉ាក Honda PCX ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ មានលេខតួនិងលេខម៉ាស៊ីន MLHKF4481P5319268 ២-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌សក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1AM-4368 មានលេខតួ និងលេខម៉ាស៊ីន MH8CE44D00010038 ៣-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AL-2970 មានលេខតួនិងលេខម៉ាស៊ីន NF100M0039491។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការ ដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕