Friday, February 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករ៣៩០នាក់ ផ្ទុះការតវ៉ា ថៅកែមិនបើកលុយ

កម្មករ៣៩០នាក់ ផ្ទុះការតវ៉ា ថៅកែមិនបើកលុយ

ខេត្តស្វាយរៀង ៖ ក្រុមកម្មករសំណង់ ២ក្រុម មានចំនួន៣៩០នាក់ បានផ្ទុះការតវ៉ា ម្ចាស់គម្រោងសាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) មិនបើកប្រាក់ឈ្នួលឱ្យកម្មករ។

ករណីផ្ទុះការតវ៉ានេះ បានកើតឡើងរយៈពេល២ថ្ងៃមកហើយ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងការដ្ឋានសាងសង់អគារ ១កន្លែង ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត។

លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា កម្មករសំណង់ដែលផ្ទុះការតវ៉ាទាមទារបើកប្រាក់ឈ្នួលនេះ មានចំនួន២ក្រុម ក្នុងនោះក្រុមទី១ មានចំនួន១៥០នាក់ និងក្រុមទី២ មានចំនួន ២៤០នាក់ សរុប៣៩០នាក់។

លោក អ៊ូ សាខឿន បន្តថា ក្រុមការងារ បានចុះទៅចូលរួមសម្របសម្រួលដោះស្រាយ ក្នុងគោលបំណងរក្សានូវអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករ និងធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ ដោយលោក ម៉ែន អេង អភិបាលរង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកខាំ សុផារី ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី ថុល សុធី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមជាមួយរូបលោក និងលោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះអន្តរាគមន៍ ដោះស្រាយវិវាទការងាររវាងភាគីកម្មករ អ្នកម៉ៅការ និងភាគីម្ចាស់ការដ្ឋានអគារ និងសម្របសម្រួលការបើកប្រាក់ឈ្នួលកម្មករសំណង់ របស់ក្រុមហ៊ុន ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ជាលទ្ធផល នៃកិច្ចសម្របសម្រួលជាច្រើនម៉ោង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការព្រមព្រៀងគ្នាលើចំណុចសំខាន់ៗ មានដូចជា ៖

– ភាគីក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) យល់ព្រមផ្តល់ប្រាក់ចំនួន ១១០ ០០០ដុល្លារ ជូនក្រុមហ៊ុន ឃ្យូ អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក ដើម្បីបើកប្រាក់ឈ្នួលជូនអ្នកម៉ៅការបន្ត និងបងប្អូនកម្មករសំណង់ក្រុមទី១ ចំនួន១៥០នាក់ ទៅតាមចំនួនភាគរយ (ដូចមានបញ្ជីជូនភ្ជាប់)។ ចំពោះទឹកប្រាក់ ៥ភាគរយ ស្មើនឹងទឹកប្រាក់ចំនួន ៣៩២ ៥៨៥ដុល្លារ ក្រុម ហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) នឹងបើកជូនក្រុមហ៊ុនសាងសង់ ឃ្យូ អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

– ចំពោះទឹកប្រាក់ចំនួន ១១០ ០០០ដុល្លារ ក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) នឹងកាត់កងត្រឡប់មកវិញពីទឹកប្រាក់ ៥ភាគរយ លើកទី២ ដែលត្រូវបើកនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយត្រូវទទួល បានចំនួន ២៨២ ៥៨៥ដុល្លារ (ទឹកប្រាក់ត្រូវបើកបន្ទាប់ពីកាត់កងរួច)។ ចំពោះក្រុមទី២ ដែលកម្មករចំនួន២៤០ នាក់ គឺមិនទាន់ឈានដល់កិច្ចព្រមព្រៀងទេ ដូច្នេះក្រុមការងារបន្តសម្របសម្រួលនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ទៀត សង្ឃឹមថា ក្រុមហ៊ុនម្ចាស់ គម្រោងសាងសង់អគារព្រមព្រៀងបើកប្រាក់ឈួលឱ្យកម្មករទៅចុះ។

លោកអ៊ូ សាខឿន បន្តទៀតថា ក្នុងកិច្ចសម្របសម្រួលនេះ លោកម៉ែន អេង អភិបាលរងខេត្ត និងលោកខាំ សុផារី ព្រះរាជអាជ្ញា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា “ការអភិវឌ្ឍ ត្រូវដើរទន្ទឹមនឹងការគោរពសិទ្ធិនិងច្បាប់”។ អាជ្ញាធរខេត្ត មិនត្រឹមតែការពារនូវអត្ថប្រយោជន៍ស្របច្បាប់ និងក្រពះរបស់បងប្អូនកម្មករ ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ ត្រៀមខ្លួនជានិច្ចក្នុងការការពារនូវបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព និងភាពយុត្តិធម៌សម្រាប់ម្ចាស់អាជីវកម្មផងដែរ។

លោកអភិបាលរងខេត្ត និងលោកព្រះរាជអាជ្ញា ក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ ត្រូវតែគោរពច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវបន្តជឿជាក់លើការដោះ ស្រាយ តាមរយៈយន្តការច្បាប់ និងអាជ្ញាធរដែនដី។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជំហរថា នឹងមិនអត់ឱនចំពោះបុគ្គលឬក្រុមហ៊ុនណាដែល រំលោភលើសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ឬធ្វើសកម្មភាពណាដែលបង្កឱ្យមានអសន្តិសុខក្នុងសង្គម។ ក្នុងករណីដែល មានការរឹងរូស មិនអនុវត្តតាមកិច្ចព្រមព្រៀង ឬបន្តរំលោភច្បាប់ការងារ អាជ្ញាធរ មានសមត្ថកិច្ចនឹងប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការច្បាប់ តាមរយៈតំណាងអយ្យការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន ដោយគ្មានការលើកលែង។ ការដោះស្រាយបញ្ចប់វិវាទ នាពេលនេះ គឺជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ដែលមានការចូលរួមពីកម្លាំងចម្រុះ និងមន្ទីរជំនាញ ដើម្បីប្រែក្លាយជម្លោះឱ្យទៅជាការយោគយល់ និងការបន្តកិច្ចសហការគ្នា ឡើងវិញ ក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពសង្គម។

មុននឹងបញ្ចប់ នៃការចុះសម្របសម្រួលដោះស្រាយវិវាទការងារនេះ លោក ម៉ែន អេង អភិបាលរងខេត្ត ក្នុងនាមលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ រហូតឈានដល់ការបញ្ចប់វិវាទដោយសន្តិវិធី និងឈ្នះ-ឈ្នះទាំងសងខាង។ ចំណែកកម្មករ និយោជិត ២៥០នាក់ទៀត ក្រុមការងារ បន្តសម្របសម្រួលរហូតឈានដល់បញ្ចប់វិវាទ ដោយសន្តិវិធីនិងឈ្នះ-ឈ្នះទាំងសងខាង នៅថ្ងៃទី១១កុម្ភៈ៕

RELATED ARTICLES