ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ម្នាក់ បានសម្រេចចិត្តចងកបញ្ចប់ជីវិតក្នុងបន្ទប់ឃុំឃាំង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយពុំដឹងមូលហេតុ។
ករណីចងកបញ្ចប់ជីវិតនេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចបន្ទប់ឃុំឃាំង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

បុរសដែលចងកបញ្ចប់ជីវិតក្នុងបន្ទប់ឃុំឃាំង មានឈ្មោះវុទ្ធី សុវណ្ណ អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន។ ជនរងគ្រោះ បានយកក្រណាត់ភួយពណ៌សក្រហម មូរចងកជាប់នឹងចម្រឹងដែក ដោយស្លាប់អង្គុយ។
ជុំវិញករណីខាងលើ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មាន តាមទូរស័ព្ទ នៅវេលាម៉ោង ១និង០៦នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ករណីខាងលើ ពិតជាកើតមានមែន ប៉ុន្តែនៅមិនទាន់មានរបាយការណ៍នៅឡើយទេ ដោយជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿង ញៀន។
លោកអធិការ បញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានឯកភាពពីក្រុមគ្រួសារ និងលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់ ថែមទាំងធ្វើការពិនិត្យពីសំណាក់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធផងដែរ៕