Thursday, December 5, 2024
Homeព័ត៌មានជាតិវ័យចំណាស់ប្រឈមកើតជំងឺផ្លូវអាហារ

វ័យចំណាស់ប្រឈមកើតជំងឺផ្លូវអាហារ

វ័យចំណាស់ ជាវ័យត្រូវសម្រាក ព្រោះរាងកាយ មានភាពទ្រុឌទ្រោម ប្រព័ន្ធក្នុងរាងកាយចុះខ្សោយខ្លាំង ត្រូវថែទាំឱ្យ បានល្អ ដូចជា ហាត់ប្រាណ សង្កេតភាពខុសប្រក្រតីនៃរាងកាយ ពិសាអាហារមានប្រយោជន៍ និងពិនិត្យសុខភាពប្រចាំឆ្នាំ…។

ផ្លូវអាហារប្រែប្រួលជាប្រភពនៃបញ្ហា ៖

– ប្រអប់មាត់ ៖ អាយុកាន់តែច្រើន ទឹកមាត់មានតិចជាងមុន ធ្វើឱ្យធ្មេញឆាប់ពុក បាត់បង់ធ្មេញពេលអាយុកាន់តែច្រើន នាំឱ្យការទំពាអាហារមិនសូវបានល្អ ងាយនឹងឈ្លក់។ ក្រៅពីនេះ ស្ងួតទឹកមាត់ ងាយកើតដំបៅក្នុងមាត់ រួមទាំងការដឹងរសជាតិអាហារថយចុះ បណ្តាលឱ្យថយនូវចំណង់អាហារ និងខ្វះសារធាតុអាហារ។

– ការលេបអាហារ ៖ សាច់ដុំបំពង់អាហារធ្វើការមិនសូវល្អ ពិបាកលេប ងាយឈ្លក់អាហារ និងពិសាបានតិច។

– ក្រពះនិងពោះវៀន ៖ មនុស្សវ័យចំណាស់ តែងមានភ្នាសក្រពះស្តើង ងាយកើតជំងឺរលាកក្រពះ ឬងាយកើតដំបៅក្នុងក្រពះ ពិសេសពេលទទួលទានឱសថដែលកាត់ក្រពះ។ រីឯការកន្ត្រាក់ខ្លួនរបស់ក្រពះ និងពោះវៀន ក៏តិចជាងមុនដែរ នាំឱ្យប្រើពេលក្នុងការរំលាយអាហារយូរជាងមុន ជាពិសេស អ្នកដែលមានចលនាតិច។ ចំណែកថ្នាំលេបតាមប្រព័ន្ធរំលាយអាហារ រាងកាយអាចបឺតស្រូប បានតិចដែរ។

– ថ្លើម ៖ អង់ហ្ស៊ីមដែលប្រើរំលាយជាតិឱសថ ឬសារធាតុគីមីពីខាងក្រៅ រាងកាយធ្វើការបានតិចជាងមុន បណ្តាលឱ្យអ្នកមានវ័យចំណាស់ ប្រឈមនឹងបញ្ហាឱសថប្រឆាំងគ្នា ឬប្រតិកម្មពីឱសថច្រើនជាងមនុស្សពេញវ័យធម្មតា។

– ពោះវៀនធំ ៖ ចលនារបស់ពោះវៀនធំ ក៏ធ្វើការយឺតទៅតាមវ័យដែរ នាំឱ្យលាមកក្នុងពោះវៀនធំនៅកកស្ទះយូរ និងមានលក្ខណៈរឹង ងាយទល់លាមក។

សង្កេតសុខភាពខ្លួនឯង ៖

អ្នកមានវ័យចំណាស់ គួរសង្កេតមើលភាពខុសប្រក្រតី ក្នុងប្រព័ន្ធរំលាយ អាហាររបស់ខ្លួនឯងផង។ ភាពខុសប្រក្រតីដែលគួរទៅជួបគ្រូពេទ្យគឺ ៖

– បន្ទោបង់ប្រែប្រួល ៖ ដូចជា ពីមុនមិនធ្លាប់ទល់លាមក ប៉ុន្តែពេលនេះ បែរជាមានអាការទល់លាមក ឬទល់លាមក ឆ្លាស់គ្នានឹងរាករូស ជាដើម។

– លក្ខណៈលាមកខុសប្រក្រតី ដូចជា មានសម្បោរ ឬលាយឈាម។

– ធុញអាហារ ស្រកទម្ងន់។

– ពិបាកលេបអាហារ។

ទម្លាប់ល្អនាំឱ្យសុខភាពល្អ ៖

បញ្ហាមួយចំនួនក្នុងប្រព័ន្ធរំលាយអាហារ អាចមិនចាំបាច់ត្រូវប្រើឱសថ ក៏បាន គ្រាន់តែបង្កើតទម្លាប់ល្អៗដល់ខ្លួន ដូចជា ៖

– បង្កើនបរិមាណកាកសរសៃក្នុងអាហារមួយពេលៗ។

– ពិសាទឹកយ៉ាងហោចមួយថ្ងៃ ១,៥ – ២ លីត្រ។

– ទម្លាប់ចូលបន្ទប់ទឹកឱ្យទៀងពេល ដើម្បីបន្ថយអាការទល់លាមក។

– ពិសាអាហារឱ្យទៀងពេល កុំពិសាអាហារពេល ច្រើនពេក។

– ហាត់ប្រាណឱ្យបានជាប់លាប់។

– ឧស្សាហ៍សង្កេតភាពខុសប្រក្រតីនៃប្រព័ន្ធបញ្ចោញចោល។

– បន្ថយឬចៀសវាងភេសជ្ជៈ គ្រឿងស្រវឹង ឬជាតិកាហ្វេអីុន ដើម្បីបន្ថយបញ្ហាអាស៊ីដហូរច្រាល់។

– បន្ថយឬចៀសវាងទឹកក្រូចមានជាតិហ្គាស់ ដោយសារប្រភេទខ្លះមានជាតិកាហ្វេអីុន និងជាតិហ្គាស់ ធ្វើឱ្យហើមពោះ សៀតពោះ៕

RELATED ARTICLES