Wednesday, March 4, 2026
Homeសង្គម និងជីវិតទន្សោងជាប់អន្ទាក់ ដាច់ជើងងាប់

ទន្សោងជាប់អន្ទាក់ ដាច់ជើងងាប់

ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោង ១ក្បាល ត្រូវបានប្រទះឃើញជាប់អន្ទាក់ ដាច់ជ់ង ងាប់នៅក្នុងដែនជម្រក សត្វព្រៃសង្ឃរុក្ខាវ័ន ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍មន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា សត្វទន្សោង ដែលជាសត្វព្រៃកម្រ ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅចំណុចភ្នំអណ្តូង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ប្រភពដដែល បន្តថា តាមការពិនិត្យ សត្វទន្សោងនេះ មានទម្ងន់ប្រហែល ៧៥០គីឡូក្រាម ដាច់ជើងខាងក្រោយត្រឹមកជើងខាងស្តាំ អាចដោយសារជាប់អន្ទាក់យូរថ្ងៃ នៅក្បែរស្រះទឹកនៃស្នាក់ការសហគមន៍ភ្នំអណ្តូង ស្ថិតភូមិសាស្ត្រភូមិសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីពិនិត្យរួចរាល់ មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ បានដឹកសត្វទន្សោង ទៅកប់នៅក្បែរស្នាក់ការបរិស្ថាន ភ្នំអណ្តូង។

សូមបញ្ជាក់ថា សត្វទន្សោងជាប្រភេទសត្វព្រៃកម្រ ដែលបច្ចុប្បន្ននេះក្រសួងបរិស្ថាន បានប្រឹងប្រែងថែរក្សា និងដាក់ចេញវិធានការនានា ដើម្បីការពារជីវិតសត្វទន្សោង។ បើទោះបីជាយ៉ាងណា ជារឿយៗ សត្វទន្សោង តែងរងគ្រោះដោយសារក្រុមអ្នកប្រកបរបរចាប់សត្វព្រៃ យកសាច់ ទៅលក់ ដូចជាការដាក់អន្ទាក់ និងបរបាញ់ ដោយខុសច្បាប់។

ការចាប់ ការដឹកជញ្ជូន និងជួញដូរសត្វព្រៃជាទង្វើខុសច្បាប់។ ជនដែលចាប់ ដឹកជញ្ជូន និងជួញដូរសត្វព្រៃ ប្រឈមនឹងការពិន័យជាប្រាក់ ចន្លោះពី ១០០លានរៀល ទៅ៥០០លានរៀល និងជាប់ពន្ធនាគារ ចន្លោះពី១ឆ្នាំ ដល់៥ឆ្នាំ៕

RELATED ARTICLES