បើមានអាការហើមកូនកណ្តុរ ( ក្រពេញទឹករងៃ ) នៅបរិវេណ ក្លៀក គន្លាក់ភ្លៅ ក និងផ្នែកផ្សេងៗ លើសពី ២សប្តាហ៍ មិនត្រូវព្រងើយកន្តើយឡើយ គួរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិនិត្យនិងព្យាបាល ព្រោះអាចប្រឈមនឹងជំងឺមហារីកក្រពេញទឹករងៃ។
១-មូលហេតុនៃជំងឺ ៖ ដោយសារជាជំងឺតាមប្រព័ន្ធឈាម គេមិនទាន់អាចបញ្ជាក់ពីមូលហេតុបានច្បាស់លាស់នោះទេ។ ប៉ុន្តែ គេរកឃើញថា កត្តាប្រឈមដែលពាក់ព័ន្ធនឹងការកើតមហារីកក្រពេញទឹករងៃ ដូចជា អាយុ និងភេទ។ អត្រាកើតមហារីកក្រពេញទឹករងៃ តែងកើតឡើងតាមអាយុ និងកើតចំពោះភេទប្រុសច្រើនជាងភេទស្រី។ ការទទួលរងនូវសារធាតុគីមី ដូចជា សារធាតុ បេនស៊ីន នីកូទីន និងភាពខុសប្រក្រតីនៃប្រព័ន្ធការពាររាងកាយ ដូចជា មានផ្ទុកមេរោគអេដស៍ ជាដើម ដោយសារមេរោគនេះ ជំរុញឱ្យកើតមហារីកក្រពេញទឹករងៃផងដែរ។
២-ប្រភេទមហារីកក្រពេញទឹករងៃ ៖ បែងចែកជា ២ ប្រភេទធំៗ គឺ ៖
– ប្រភេទហត់គីន (Hodgkin Lymphoma) ៖ ជាមហារីកក្រពេញ ទឹករងៃ ដែលកម្រជួបប្រទះ អ្នកជំងឺតែងមានអាការយឺត ជំងឺប្រព្រឹត្តទៅជាសន្សឹមៗ ឱកាសព្យាបាលឱ្យជាដាច់មានច្រើន។
– ប្រភេទណាន់ហត់គីន (Non-Hodgkin Lymphoma) ៖ ជាមហារីកក្រពេញទឹករងៃដែលកើតឡើងច្រើន។ ចែកជា ៣០ប្រភេទតូចៗទៀត។ ប៉ុន្តែ បើអាស្រ័យលើការលូតលាស់របស់មហារីក អាចបែងចែកជា ២ប្រភេទ ប៉ុណ្ណោះគឺ ប្រភេទសន្សឹមៗ និងប្រភេទធ្ងន់ធ្ងរ។
៣-អាការសំខាន់ៗ ៖ ជាទូទៅ មហារីកក្រពេញទឹករងៃ មិនអាចពិនិត្យ ដឹងបានតាមរយៈការពិនិត្យឈាមនោះទេ ចាំបាច់ត្រូវអាស្រ័យភាពខុសប្រក្រតី ផ្សេងៗ ដោយចែកជាអាការសំខាន់ៗ៣ ក្រុមគឺ ៖
– ក្រពេញទឹករងៃរីក ៖ ជាទូទៅក្រពេញទឹករងៃ តែងហើម រីកធំ ពេលមាន មេរោគទន្ទ្រានចូលក្នុងរាងកាយ ដូចជា ផ្តាសាយ រលាកឆ្លងមេរោគ បើជាពី ជំងឺទាំងនេះហើយ ក្រពេញទឹករងៃនិងឹស្រកចុះមិនខាន។ បើជាមហារីកក្រពេញទឹករងៃនឹងហើមរីកធំខ្លាំងឡើងៗ ដោយពុំមានការរលាកឆ្លងមេរោគទេ។ ដូច្នេះ បើឃើញថា ហើមក្រពេញទឹករងៃលើសពី ២សប្តាហ៍ ( ចំពោះមនុស្សពេញវ័យ ) ឬមានទំហំធំជាង ២សង់ទីម៉ែត្រ និងមិនស្រកចុះដោយខ្លួនឯង ឬក្រពេញទឹករងៃហើមរីកធំឡើងៗ ត្រូវប្រញាប់ទៅរកគ្រូពេទ្យភ្លាម ព្រោះជាអាការដែលជួបញឹកញាប់បំផុតរបស់មហារីកនេះ។
– មានដុះសាច់នៅសរីរាង្គផ្សេងៗ ៖ ដូចជា ខួរក្បាល ក្រពះ សួត ក៏ជាអាការ ដែលអាចមាននៃមហារីកនេះ ដោយសារក្រពេញទឹករងៃមាននៅពេញខ្លួន។ ទោះជាយ៉ាងណាក្តី ពេលពិនិត្យឃើញថា មានដុំសាច់ដុះនៅសរីរាង្គផ្សេងៗ គ្រូពេទ្យមិនទាន់អាចបញ្ជាក់បានថា ដុំសាច់នោះបណ្តាលមកពីមហារីកក្រពេញទឹករងៃ ឬ មហារីកពីសរីរាង្គនោះទេ រហូតទាល់តែច្រឹបសាច់នោះមកពិនិត្យវិភាគសិន ទើបអាចវិនិច្ឆ័យបានច្បាស់។
– អាការផ្សេងៗ ៖ ដូចជា គ្រុនក្តៅ រងាញ័រញាក់ ទម្ងន់ខ្លួនស្រក អស់កម្លាំង ល្ហិតល្ហៃដោយមិនដឹងមូលហេតុ បែកញើសច្រើនពេលយប់ រមាស់ពេញខ្លួន ជាដើម។
៤-ការព្យាបាល ឱកាសជាដាច់មានច្រើន ៖ វិធីព្យាបាលមហារីកក្រពេញ ទឹករងៃ ដូចជា ការចាក់ថ្នាំគីមី ការប្រើអង្គបដិបក្ខ ការបាញ់កាំរស្មី និងការ បណ្តុះកោសិកាខួរឆ្អឹង (Stem Cell)។ មហារីកក្រពេញទឹករងៃ បែងចែកជា៤ ដំណាក់កាល បើអ្នកជំងឺបានទទួលការព្យាបាលតាំងពីដំណាក់កាលដំបូង អាច មានឱកាសជាសះស្បើយដាច់ស្រឡះដល់ទៅ ៨០%។ ចំណែកអ្នកជំងឺដែល ទទួលការព្យាបាលនៅដំណាក់កាលទី ២-៤ មានឱកាសជាសះស្បើយ ៦០% បើធៀបនឹងមហារីកប្រភេទផ្សេងៗ និងមិនចាំបាច់អាស្រ័យការវះកាត់។
៥-ការថែទាំខ្លួន ៖ អ្នកជំងឺគួរពិសាអាហារចម្អិនឆ្អិន មានអនាម័យ និង មានគ្រប់ទាំង ៥ ក្រុមអាហារ។
– គួរចៀសវាងអាហារផ្អាប់ ត្រាំ ឬជ្រក់។
– គួរលាងសម្អាតដៃរាល់លើក មុនពិសាអាហារ។
– ហាត់ប្រាណសមល្មមជាប្រចាំ។
– ធ្វើចិត្តឱ្យសប្បាយរីករាយ មិនតានតឹងអារម្មណ៍ មិនពិបាកចិត្ត។
– គេងសម្រាកឱ្យបានគ្រប់គ្រាន់។
– រក្សាអនាម័យរាងកាយជាប្រចាំ។
– ឈប់ពិសាគ្រឿងស្រវឹង និងកុំជក់បារី ៕