Friday, March 6, 2026
Homeសង្គម និងជីវិត ចាក់សំឡេងត្រចៀកកាំរំខាន អ្នកជិតខាងប្តឹងអាជ្ញាធរ

 ចាក់សំឡេងត្រចៀកកាំរំខាន អ្នកជិតខាងប្តឹងអាជ្ញាធរ

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានចុះអប់រំណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មចិញ្ចឹមសត្វត្រ ចៀកកាំ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបើកឧបករណ៍បំពងសំឡេងត្រចៀកកាំ លើស ម៉ោងកំណត់ បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។

លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានចាត់តាំងលោកអភិបាលរងក្រុង ដឹកនាំកម្លាំងសមត្ថកិច្ចនិងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចុះទៅដល់ទីតាំងអាជីវកម្មចិញ្ចឹមត្រចៀកកាំ ដែលស្ថិតនៅក្បែរសមាគមអតីតយុទ្ធជន។

ការចុះអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋបានថតរូបភាព ផ្តល់ជាភ័ស្តុតាងថា ទីតាំងខាងលើ បានបើកឧបករណ៍បំពងសំឡេងត្រចៀកកាំ លើសម៉ោងកំណត់ កាលពីយប់ថ្ងៃទី៣ ខែមីនា ដែលជាការល្មើសនឹងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត។

ឆ្លើយតបរហ័សភ្លាមៗ លោកអភិបាលខេត្តស្ទឹងត្រែង បានដាក់គោលដៅជូនលោកអភិបាលក្រុង ដើម្បីចុះពិនិត្យជាក់ស្តែង។

ជាលទ្ធផល រដ្ឋបាលក្រុង បានចុះអប់រំណែនាំដល់ម្ចាស់ទីតាំង ឱ្យបញ្ឈប់សកម្មភាពល្មើស និងបានធ្វើកិច្ច សន្យាជាលាយលក្ខណ៍អក្សរ ដើម្បីធានាថា ការប្រកបអាជីវកម្មនេះ នឹងមិនបង្កផលប៉ះពាល់ដល់អ្នកជិតខាងបន្តទៀតឡើយ ។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពេលវេលាបើកឧបករណ៍បំពងសំឡេងសម្រាប់អាជីវកម្មត្រចៀកកាំ ដោយផ្អែកលើ ៖ អនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់និងការរំខានដោយសំឡេង។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋ រដ្ឋបាលខេត្ត បានដាក់វិធានការម៉ោងពេលដែលត្រូវអនុវត្ត សម្រាប់ម្ចាស់ទីតាំងចិញ្ចឹមសត្វត្រចៀកកាំ ទាំងអស់ ត្រូវហាមឃាត់ដាច់ខាតរាល់ការបើកឧបករណ៍បំពងសំឡេង ចាប់ ពីម៉ោង ១៨ ៈ០០នាទីល្ងាច រហូតដល់ម៉ោង ៦ៈ០០នាទីព្រឹក។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងករណីម្ចាស់អាជីវកម្ម នៅតែបន្តល្មើសនឹងសេចក្តីជូនដំណឹងនេះ នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ យ៉ាងតឹងរ៉ឹង ឈានទៅបិទទីតាំងអាជីវកម្មជាស្ថាពរ។

រដ្ឋបាលខេត្តស្ទឹងត្រែង ក៏បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យបន្តតាមដាននិងត្រួតពិនិត្យជាប្រចាំ លើគ្រប់ទីតាំងទាំងអស់ ដើម្បីធានាសុខុមាលភាពនិងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹង ត្រែង ទាំងមូល…៕

RELATED ARTICLES