Thursday, December 5, 2024
Homeព័ត៌មានជាតិជំងឺគ្រោះថ្នាក់កើតចំពោះមនុស្សស្រីច្រើនជាងបុរស

ជំងឺគ្រោះថ្នាក់កើតចំពោះមនុស្សស្រីច្រើនជាងបុរស

ជំងឺខ្លះកើតឡើងចំពោះមនុស្សទូទៅទាំងស្រីទាំងប្រុស ឯជំងឺខ្លះទៀតកើតឡើងចំពោះតែមនុស្សប្រុស ខណៈដែលជំងឺខ្លះកើតឡើងចំពោះតែមនុស្សស្រីទៅវិញ។ ដោយឡែកជំងឺដ៏គ្រោះថ្នាក់ខាងក្រោមនេះ ភាគច្រើនកើតឡើងចំពោះស្ត្រី តែមិនសូវកើតលើបុរសទេ ។

១-ជំងឺរលាកប្រព័ន្ធសរសៃប្រសាទ ៖ ឬហៅថា ជំងឺអឹមអេស (MS- Multiple Sclerosis) ជាជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទផ្នែកកណ្តាល បណ្តាលឱ្យស្លាប់មួយចំហៀងខ្លួន កើតឡើងចំពោះមនុស្ស ២,១លាននាក់​ ទូទាំងពិភពលោក។ អ្វីដែលសំខាន់គឺ ជំងឺនេះច្រើនកើតឡើងចំពោះមនុស្សស្រីច្រើនជាងបុរសដល់ទៅ ២ភាគ៣ ឯណោះ។ គ្រូពេទ្យជំនាញបានឱ្យដឹងថា ជំងឺនេះឋិតក្នុងក្រុមជំងឺខុសប្រក្រតីនៃប្រព័ន្ធការពាររាងកាយ ប៉ុន្តែមិនអាចបញ្ជាក់អង់ទីហ្សែនឱ្យបានច្បាស់លាស់។ ជំងឺនេះ តែងកើតឡើងក្នុងចន្លោះអាយុពី២០-៤០ឆ្នាំ ចាប់ផ្តើមពីអាការសាច់ដុំ គ្មានកម្លាំង ស្លាប់អវយវៈមួយចំហៀង ឬមួយកំណាត់ខ្លួន និងបាត់បង់ការមើលឃើញ (ខ្វាក់ភ្នែក) ជាដើម។ បច្ចុប្បន្ន ពុំមានវិធីព្យាបាលជំងឺនេះឱ្យជាដាច់ស្រឡះនោះទេ គ្រាន់តែព្យាបាលតាមអាការប៉ុណ្ណោះ។

២-ជំងឺប្រព័ន្ធរាងកាយស៊ីខ្លួនឯង ៖ ឬហៅថា ជំងឺអេសអិលអ៊ី (SLE-Systemic Lupus Erythematosus)។ ភាពខុសប្រក្រតីនៃប្រព័ន្ធការពាររាងកាយនោះ បែរជាវាយប្រហារមកលើជាលិការបស់ខ្លួនឯងទៅវិញ ទើបបណ្តាលឱ្យរលាកតាមសន្លាក់ និងអវយវៈផ្សេងៗក្នុងរាងកាយ ធ្វើឱ្យអស់កម្លាំង ល្ហិតល្ហៃ ហើមសន្លាក់ រលាកដៃជើង ឡើងហើមក្រហម។ ការសិក្សារបស់គ្រូពេទ្យបានឱ្យដឹងថា ជំងឺនេះច្រើន កើតឡើងចំពោះមនុស្សស្រីជាងបុរស ៩-១០ដង និងភាគច្រើន អាយុចន្លោះ ២០-៤៥ឆ្នាំ។ ទោះបីជាគ្រូពេទ្យរកមូលហេតុច្បាស់លាស់របស់ជំងឺនេះមិនទាន់ឃើញក្តី ប៉ុន្តែ​ លទ្ធផលការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា មូលហេតុនៃជំងឺអាចបណ្តាលមកពីតំណពូជ អ័រម៉ូនភេទស្រី ការមានផ្ទៃពោះ កាំរស្មីយូវី ឬសារធាតុគីមីខ្លះ ដែលបង្កលក្ខណៈឱ្យកើតជំងឺនេះ ងាយស្រួលកើតឡើងចំពោះ ស្ត្រីភេទ។

៣-ជំងឺល្ហិតល្ហៃរ៉ាំរ៉ៃ ៖ ការសិក្សាមួយបានឱ្យដឹងថា ស្ត្រីភេទមានអត្រាប្រឈមនឹងជំងឺល្ហិតល្ហៃ រ៉ាំរ៉ៃច្រើនជាងបុរសដល់ទៅ ៤ដង។ លក្ខណៈអាការជំងឺ តែងតែអស់កម្លាំង ល្ហិតល្ហៃ ដោយមិនដឹងមូលហេតុ គេងមិនសូវលក់ ឈឺចាប់តាមខ្លួនប្រាណ ប្រព័ន្ធបញ្ចោញចោលមានការប្រែប្រួល។ គ្រូពេទ្យសន្និដ្ឋានថា មូលហេតុដែលស្ត្រីមានទំនោរកើតជំងឺនេះច្រើនជាងបុរស អាចបណ្តាលមកពីអ័រម៉ូនខ្លះ ដែលនៅក្នុងរាងកាយរបស់ស្ត្រីតែម្តង។

៤- ជំងឺក្រៀមក្រំ ៖ ការសិក្សាបានឱ្យដឹងថា ស្ត្រីទំនោរកើតជំងឺនេះ ច្រើនជាងបុរសដល់ទៅ ២ដង។ បើអធិប្បាយតាមជីវវិទ្យា បានឱ្យដឹងថា ភេទស្រីជាភេទដែលមានការប្រែប្រួលខាងអ័រម៉ូនច្រើនជាងបុរស ទាំងក្នុងអំឡុងពេលមករដូវ ក្នុងពេលមានផ្ទៃពោះ ឬសូម្បីតែក្នុងអំឡុងពេលក្រោយសម្រាលកូនក្តី។ ក្នុងអំឡុងពេលទាំងនេះ អ័រម៉ូនភេទស្រីមានការប្រែប្រួលជានិច្ច និងបណ្តាលឱ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ស្ត្រី។ ចំណែកចិត្តវិទូ​ បានបន្ថែមថា តាមធម្មតាភេទស្រីជាភេទដែលគិតច្រើន ធ្វើអ្វីល្អិតល្អន់ជាងភេទប្រុស។ លក្ខណៈបែបនេះងាយនឹងធ្វើឱ្យមានភាពតានតឹងផ្លូវចិត្ត និងឈានទៅរកការក្រៀមក្រំចិត្តនៅទីបំផុត។

៥-ជំងឺពាក់ព័ន្ធក្នុងពោះ ៖ ភាគច្រើន ស្ត្រីតែងកើតមានអាការហើមពោះ និងរាករូសបានដោយងាយ ជាពិសេសក្នុងអំឡុងពេលមករដូវ ដែលសមស្របនឹងការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសុខភាពពោះ បានឱ្យដឹងថា ស្ត្រីតែងតែមានជំងឺពាក់ព័ន្ធនឹងពោះច្រើនជាងបុរស ៦០-៧០%។ មូលហេតុបណ្តាលមកពីបរិមាណជាតិប្រូតេអ៊ីនក្នុងរាងកាយពុំមានតុល្យភាព ដែលអាចពាក់ព័ន្ធនឹងការទទួលទានអាហាររបស់ស្ត្រីភេទ រួមទាំងការប្រែប្រួលនៃរាងកាយក្នុងចន្លោះពេលមករដូវ ឬក្នុងអំឡុងពេលមានផ្ទៃពោះ។

៦-ជំងឺពោះវៀនប្រែប្រួល ៖ ស្ត្រីក៏មានបញ្ហាពាក់ព័ន្ធនឹងពោះវៀន អាហារមិនរំលាយ ឬជំងឺក្រពះរ៉ាំរ៉ៃ ដែលក្នុងមួយឆ្នាំៗ មានអ្នកជំងឺពោះវៀន ទទួលការព្យាបាលពីគ្រូពេទ្យដល់ ទៅ ៣,៥លាននាក់ទូទាំងពិភពលោក ហើយ ៦៥% ជាស្ត្រីភេទ។ ប៉ុន្តែគ្រូពេទ្យមិនបានបញ្ជាក់ច្បាស់អំពីមូលហេតុដែលជំងឺនេះច្រើនកើតឡើងចំពោះស្ត្រីជាងបុរសនោះទេ គ្រាន់តែ សន្និដ្ឋានដូចគ្នាថា អាចពាក់ព័ន្ធនឹងអារម្មណ៍តានតឹង និងអ័រម៉ូនដែលធ្វើឱ្យស្ត្រីទទួលទានអាហារ មិនបានជាប់លាប់។

៧-ជំងឺឆ្លងផ្លូវភេទ ៖ នៅសហរដ្ឋអាមេរិក មានអ្នកជំងឺឆ្លងផ្លូវភេទជាង ១,៩លាននាក់ក្នុងមួយឆ្នាំៗ ហើយស្ត្រីភេទមានចំនួនច្រើនជាងបុរស។ នាយកដ្ឋានអនាម័យ និងសុខភាពស្ត្រីសហរដ្ឋអាមេរិក បានអធិប្បាយពីការសង្កេតនេះថា ដោយសារជាលិកាទ្វារមាសរបស់ស្ត្រីមានសភាពស្តើង និងឆាប់មានប្រតិកម្មជាងស្បែករបស់អង្គជាតបុរស ទើបធ្វើឱ្យងាយឆ្លងបាក់តេរី វីរុស និង មេរោគឆ្លងតាមផ្លូវភេទជាងបុរស​ ៕

RELATED ARTICLES