
ភ្នំពេញ ៖ ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង បានបង្ហាញក្ដីព្រួយបារម្ភថា សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលអាមេរិក និងអ៊ីស្រាអែល រួមគ្នាកម្ទេចអ៊ីរ៉ង ហើយបានសម្លាប់មេដឹកនាំអ៊ីរ៉ង់ អាចបង្កហានិភ័យ ឬជះឥទ្ធិពលផ្នែកភូមិសាស្រ្តនយោបាយដល់កម្ពុជា និងនាំឲ្យមានសង្គ្រាមសាសនាអ៊ិស្លាម នៅជុំវិញពិភពលោក រួមទាំងកម្ពុជា ផងនោះ អ្នកនយោបាយ និងអ្នកវិភាគ ព្រមទាំងអង្គការសង្គមស៊ីវិល ធ្វើការផ្នែកសាសនា បានលើកឡើងថា សង្រ្គាមសាសនា មិនអាចកើតមាននៅកម្ពុជា បានទេ ព្រោះសាសនានៅកម្ពុជា រួមមានព្រះពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ជាដើម សុទ្ធតែត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយបានបណ្ដុះស្មារតីខ្មែរ ឲ្យមានសុខដុមរមនាផ្នែកសាសនា គ្មានការរើសអើងជាតិសាសន៍ ឬសាសនាឡើយ ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា សម្រាប់កម្ពុជា ទាំងខ្មែរអ៊ិស្លាម ខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម មិនអាចបង្កឲ្យមានជាសង្រ្គាមសាសនាអ៊ិស្លាម បានទេ ព្រោះយើងសុទ្ធតែមានបទពិសោធន៍ប្រទេសអស់ទឹកដី ដោយសារប្រទេសជិតខាង ។ ដូច្នេះតាមរយៈបទពិសោធន៍នេះ យើងត្រូវតែមានកម្លាំងឯកភាពជាតិមួយ ការសាមគ្គីរវាងខ្មែរនិងខ្មែរ ទុកមួយឡែកនូវនិន្នាការនយោបាយ សាសនា ហើយនាំគ្នាទប់ជាមួយនឹងប្រទេសឈ្លានពានយើង គឺជារឿងចាំបាច់ណាស់ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមើលបញ្ហាខ្មែរអ៊ិស្លាម ជាមួយជានឹងខ្មែរយើងនៅកម្ពុជា សុទ្ធតែមានអតីតកាលប្រវត្តិសាស្រ្ត ។ អតីតកាលប្រវត្តិសាស្រ្តហ្នឹង គឺវាជាប់ពាក់ព័ន្ធតាំងពីខ្មែរអ៊ិស្លាម ដែលគាត់ភៀសខ្លួន ក្រោយពីគាត់បាត់ទឹកដីចម្ប៉ាមក មកនៅប្រទេសកម្ពុជា មិនតិចជាង ២លាននាក់ទេ ក្នុងប៉ុន្មានទសវត្សរ៍ សតវត្សរ៍មកនេះ ។ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញអំពីការរើសអើង ឬក៏ប្រកាន់សាសនា រហូតថា អាចនឹងមានសង្រ្គាមសាសនានៅកម្ពុជា ខ្ញុំមើលសម្រាប់កម្ពុជា ដូចជាមិនអាចទៅមានសង្រ្គាម ឬក៏រើសអើងជាតិ ឬក៏សាសនាទេ ។ ហេតុអី? ដោយសារយើងមើលហើយ ប្រពៃណីអ៊ិស្លាមនៅក្នុងប្រទេសកម្ពុជា គាត់មានចរិតស្លូតបូត គាត់គោរពសាសនាព្រះរបស់គាត់អ៊ីចឹងទៅ គាត់រស់នៅរបៀបជាសហគមន៍របស់គាត់អ៊ីចឹងទៅ ហើយសម្រាប់ខ្មែរយើង កាន់ព្រះពុទ្ធសាសនា គឺថាមានចិត្តមេត្តា ករុណា អាណិត ក្ដីស្រលាញ់ឲ្យគ្នា ដោយមិនរើសអើង នៅជាមួយគ្នា លាយឡំ មានសហគមន៍ខ្មែរអ៊ិស្លាម នៅជុំវិញខ្មែរយើង តាមបឹងទន្លេសាប ខេត្តជុំវិញបឹងទន្លេសាប យើងឃើញថា មិនមានអ្វីដែលរើសអើង ឬក៏ខឹងសម្បា យកសាសនាបាំង មកប្រកាន់គ្នាជាធំទេ ហើយបើទោះបីយើងនៅក្នុងរដ្ឋធម្មនុញ្ញធានានិងការពាថា សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែមាត្រាមួយចំនួន នៅក្នុងជំពូកទី៣ មាត្រាជាច្រើន ដែលចន្លោះពី៣១ ដល់៥០ គឺបានចែងហើយ ថាពលរដ្ឋមានសិទ្ធិជឿជាក់ទៅនឹងសាសនា ទោះបីកាន់ព្រះពុទ្ធសាសនា ឬក៏អ៊ិស្លាម គ្រិស្ទាន ឆឺច អីក៏ដោយ គឺថា មិនមានការរើសអើងទេ គឺបើកសិទ្ធិឲ្យកាន់សាសនា ។ អ៊ីចឹងអាការប្រកាន់ពាក្យសម្ដីអីថា នឹងអាចមានសហរដ្ឋអាមេរិក អីមកចាប់អីៗ អាហ្នឹងគឺថា គេអត់រំលងអធិបតេយ្យរបស់កម្ពុជា ទេ“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “យើងមានការចាំទេ កាលពីដើមឆ្នាំ២០០០ នោះ ដែលមានក្រុមភេរវករមួយ នៅឯខាងស្រុកមុខកំពូល ដែលត្រូវបានចោទ ត្រូវបានចាប់ជាភេរវករសាសនាអីហ្នឹង គឺយើងសុទ្ធតែមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលនៃប្រទេសកម្ពុជា ហើយធ្វើកិច្ចការសហប្រតិបត្តិការ ទី១ ពាក់ព័ន្ធទៅនឹងអ្វីដែលជាការប្រឆាំងទៅនឹងច្បាប់អន្តរជាតិ ឬក៏បង្កើតនូវភេរវករណាដែលមិនត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ ផ្ទុយពីរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងហើយ សរុបមកវិញ ខ្ញុំឃើញបរិបទរឿងថា កម្ពុជា ឲ្យក្លាយជាសង្រ្គាមសាសនាអ៊ិស្លាម កើតមាននោះ គឺវាមិនអាចទៅទេ ពីព្រោះកន្លងមក យើងធ្លាប់មានការប៉ះទង្គិច ដូចជាការលេងសើចរបស់អ្នកដែលធ្វើពិធីករ ពិធីការខាងសាសនាព្រះពុទ្ធ កាត់សក់ កាត់អី យកសាសនា មកលេងសើច ពាក់ព័ន្ធទៅនឹងអតីតកាល ឬក៏ប្រវត្តិ វប្បធម៌សាសនា ពីដើមរហូតមកហ្នឹង គឺថាមិនជាមានការចោទប្រកាន់ ហើយមានការសុំទោសគ្នាទៅ ក៏ឃើញថា វាមិនមានការចោទខឹងអីទេ ។ អ៊ីចឹងហើយ ខ្ញុំថានេះវាជាការមួយសំខាន់នៅលើរដ្ឋាភិបាល ត្រូវចេះគូសវាស ត្រូវចេះប្រើនូវពាក្យសម្ដី ព្រោះអ្នកដឹកនាំ កាលណាបើប្រើសម្ដីវោហារសាស្រ្ត វោហារសព្ទបែបណា គឺវាគ្រោះថ្នាក់សម្រាប់ជាតិ ។ បើយើងប្រើត្រូវ គឺថាមិនមានជម្លោះ ឬក៏បញ្ហាសង្រ្គាមសាសនា ឬក៏ពាក្យសម្ដីទេ ។ បើថ្នាក់ដឹកនាំ មិនប្រយ័ត្ននូវសម្ដីទេ អាហ្នឹងក៏វាទៅតាមហ្នឹងដែរ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងសរុបមកវិញ ខ្ញុំមើលឃើញថា សម្រាប់កម្ពុជា មួយ ខ្មែរអ៊ិស្លាម ក៏ដូចជាបងប្អូនខ្មែរយើង ទាំងខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម គឺថា គាត់មិនអាចបង្កឲ្យមានជាសង្រ្គាមអ៊ិស្លាមអីបានទេ ព្រោះយើងសុទ្ធតែមានបទពិសោធន៍ប្រទេសអស់ទឹក អស់ដីដែរ ហើយខ្មែរអ៊ិស្លាម នោះគឺថា គាត់បាត់ប្រទេសចម្ប៉ា ដោយសារយួន ខ្មែរកម្ពុជាក្រោម គាត់បាត់ទឹកដីកម្ពុជាក្រោម ដោយសារបារាំង កាត់ផ្នែករដ្ឋបាល យួនគ្រប់គ្រងមកដល់ឥឡូវ ៧៥ឆ្នាំ ហើយយើងមើលដីនៅខាងថៃ ៣៥ខេត្ត ជាក់ស្ដែងដូចជាខេត្តសុរិន្ទ ស៊ីសាកេត ឧប៊ុន បុរីរ៉ាំ ចន្ទបុរី ត្រាត ហើយនិងខេត្តនៅភាគកណ្ដាលតភ្ជាប់នឹងរាជធានីបាងកង អី គឺថា ជាង៣០ខេត្ត ដែលយើងបាត់ រហូតដល់យើងធ្លាក់ខ្លួននៅក្នុងសម័យលង្វែក សម័យឧដុង្គ ហ្នឹង គឺថាយើងសឹងតែបាត់ទឹកបាត់ដី ពីទន្លេមេគង្គខាងកើត និងខាងលិច គ្រប់គ្រងឥទ្ធិពលនយោបាយដោយយួន ដោយសៀម ។ អ៊ីចឹងហើយ ដំណាក់កាលនេះ គឺជាដំណាក់កាលដែលខ្មែរ ត្រូវរួមឯកភាពជាតិគ្នា អ្វីដែលជាភាពខ្លាំងផ្ទៃក្នុងខ្លួនឯង ព្រោះប្រទេសតូចធំ មិនមែនប្រាកដថា យើងខ្លាំងនៅក្នុងទំនើបកម្មយោធាទេ ។ បើបច្ចេកវិទ្យាទំនើប បញ្ហាទាស់ពាក្យសម្ដី ឬក៏ទប់ស្កាត់នូវអធិបតេយ្យ បូរណភាពទឺកដី គឺយើងត្រូវការឯកភាពជាតិគ្នា ជាជាងយើងបែកបាក់ផ្ទៃក្នុងជាតិ ។ អាហ្នឹងតែយើងខ្សោយ គេមើលងាយ ជាពិសេសប្រទេសជិតខាង ដូចជាប្រទេសសៀម ត្រូវបានត្រួតត្រាទឺកដីយើងនៅខេត្តកោះកុង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ ជាដើមហ្នឹង យើងឃើញហើយសង្រ្គាម ពីរលើក ខែកក្កដា ខែធ្នូ ឆ្នាំ២០២៥ តើយើងបាត់បង់អីខ្លះ? អាហ្នឹងជាមេរៀន ជាបទពិសោធន៍ ដែលយើងត្រូវតែមានកម្លាំងឯងភាពជាតិមួយ ការសាមគ្គីរវាងខ្មែរនិងខ្មែរ ហើយនិងទំនើបកម្មយោធា និងនិន្នាការនយោបាយ គឺថា យើងដាក់ទុកមួយឡែកនៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រទេសគោរពសិទ្ធិមនុស្ស ប៉ុន្តែការនាំគ្នាឲ្យរឹងមាំដើម្បីទប់ជាមួយនឹងប្រទេសឈ្លានពានយើង គឺជារឿងចាំបាច់ណាស់“ ។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម លោក វ៉ន ចាន់ឡូត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា អត់មានហេតុផលអ្វីដែលខ្មែរ ស្រលាញ់នូវសាសនាផ្សេងៗ ត្រូវធ្វើចលនាដើម្បីឲ្យមាននូវបញ្ហាសម្រាប់ប្រទេសជាតិខ្លួនឯងនោះទេ ។ ប៉ុន្តែអ្វីសំខាន់បំផុត ដើម្បីចូលរួមកុំឲ្យមានបញ្ហារើសអើងសាសនា គំនុំសាសានា យើងត្រូវប្រើប្រាស់នូវឥរិយាបថ ឬពាក្យសម្ដីល្អ ដែលវាជារបៀបនៃការជួយមិនឲ្យកម្ពុជា មាននូវទំនាស់សាសនា ។

លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ជាក់ស្ដែងទៅ កម្ពុជា មិនមានជម្លោះសាសនា ឬក៏នឹងឈានទៅដល់ជម្លោះសាសនា កើតឡើងនោះទេ ។ បើយើងមើលពីស្ថានភាពជាក់ស្ដែង គ្រប់សាសនាទាំងអស់នៅកម្ពុជា អាចរួមរស់ជាមួយគ្នាដោយសុខដុមរមនា មិនមាននៅការរើសអើង មិនមាននៅការបែងចែក ប្រកាន់ ឬក៏បង្ហាញលក្ខណៈពីសាសនាមួយ ទៅសាសនាមួយឲ្យមានការស្អប់ខ្ពើមគ្នា គឺមិនមាននោះទេ ។ នេះគឺជាចំណុចខ្លាំងមួយ ដែលកម្ពុជា មិនអាចនឹងធ្លាក់ចូលទៅក្នុងបញ្ហានៃជម្លោះសាសនាឡើយ ។ ការលើកឡើងរបស់ influencer (អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម) មួយចំនួន គ្រាន់តែជាទស្សនៈ ហើយទស្សនៈនេះ ហាក់មិនឈរលើការពិតនោះទេ បែរជាមានចេតនារុញឲ្យកម្ពុជា មាននូវការរើសអើង មាននូវការស្អប់ខ្ពើម ហើយនិងគុំកួនទៅលើអ្នកកាន់សាសនាអ៊ិស្លាម ដែលប្រកាន់និកាយផ្សេងៗទៅវិញ ។ ដោយឡែក កម្ពុជា មិនបានចូលរួមនៅក្នុងសម្ព័ន្ធណាមួយ ដើម្បីបង្កើននូវភាពតានតឹងនៅមជ្ឈិមបូព៌ានោះទេ ។ ដូច្នេះអ្នកកាន់សាសនាអ៊ិស្លាម និយមសា (Shia) ដែលយើងហៅថា “និយមអ៊ិស្លាមិកបែបអ៊ីរ៉ង់” នោះ ទោះបីជាមាននៅកម្ពុជា ក៏ពួកគាត់នឹងទៅចូលរួមនៅក្នុងការបង្កើតភាពចលាចលនៅកម្ពុជា នោះទេ ហើយករណីនៃការផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ានោះ មិនមែនកើតចេញពីជម្លោះសាសនាឡើយ គឺវាកើតចេញពីជម្លោះនៃផលប្រយោជន៍ភូមិសាស្រ្តនយោបាយ ហើយនិងផលប្រយោជន៍សេដ្ឋកិច្ច“ ។
លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍បន្តថា “បន្ថែមលើនេះ ការចេញមុខមកបញ្ជាក់ពីសំណាក់លោក ហ៊ុន សែន អាចមានន័យគ្រប់គ្រាន់ទៅហើយ ដើម្បីធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ា នឹងមិនមានឥទ្ធិពលផ្នែកសាសនាមកលើចលនាសាសនាអ៊ិស្លាម ទូទាំងពិភពលោក ។ ដោយឡែកគឺចំពោះអ្នកដែលកាន់សាសនាអ៊ិស្លាម នៅកម្ពុជា នៅពេលខ្លះយើងមានការភ័ន្តច្រឡំ ពេលដែលនិយាយដល់ខ្មែរអ៊ិស្លាម គឺយើងហាក់មិនបានចាត់ទុកគាត់ជាខ្មែរនោះទេ យើងចាត់ទុកថាគាត់ជាអ្នកទីទៃ មកពីប្រទេសផ្សេងៗ ដើម្បីសុំកម្ពុជា ជ្រកកោនទៅវិញ ។ នេះគឺជាការយល់ខុស ជាការភ័ន្តច្រឡំមួយយ៉ាងធំ ។ ខ្មែរ ជារួម គ្រាន់តែជជនជាតិខ្មែរ គាត់មួយចំនួនកាន់សាសនាព្រះពុទ្ធ គាត់កាន់សាសនាគ្រិស្ត គាត់កាន់សាសនាអ៊ិស្លាមតែប៉ុណ្ណោះ ។ ដូច្នេះវាអត់មានហេតុផលអ្វីដែលខ្មែរដែលកាន់ ដែលស្រលាញ់នូវសាសនាផ្សេងៗរបស់ខ្លួននោះ ត្រូវធ្វើចលនាដើម្បីឲ្យមាននូវបញ្ហាសម្រាប់ប្រទេសជាតិខ្លួនឯងនេះទេ ហើយពាក់ព័ន្ធទៅនឹងអ្វីដែលពលរដ្ឋខ្មែរ ជាទូទៅ គួរតែចូលរួមនោះ គឺសំខាន់បំផុត យើងមិនត្រូវប្រើប្រាស់នូវឥរិយាបថ ឬក៏ពាក្យសម្ដី ឬក៏អ្វីផ្សេងដែលឈានទៅដល់ការរើសអើង ស្អប់ គុំកួន មិនគួរនោះទេ ពីព្រោះឥរិយាបថទាំងនេះ បើកាលណាកើតឡើង ហើយវាបានវិវត្តទៅជាសកម្មភាពជាក់ស្ដែង នោះបញ្ហាវាច្បាស់ជាកើតហើយ ក៏ប៉ុន្តែបើយើងចាត់ទុកថា ខ្មែរ ជារួម គ្រាន់តែពួកគាត់ស្រលាញ់ពេញចិត្តសាសនាដែលពួកគាត់ពេញចិត្ត នោះខ្ញុំថា ជាជម្រើសសមស្របបំផុត ហើយវាជារបៀបនៃការជួយមិនឲ្យកម្ពុជា មាននូវទំនាស់សាសនា“ ។
ដោយឡែក លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជ្យបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា វានឹងមិនមានសង្រ្គាមជាតិសាសន៍ ឬការរើសអើងសាសនាអ៊ិស្លាមនៅក្នុងសង្គមកម្ពុជា នោះទេ ។ ដូច្នេះអ្នកដែលលើកឡើងពីបញ្ហានេះ គឺគ្រាន់តែជាការលើកឡើង ចង់ញុះញង់ឲ្យមានបញ្ហាសង្រ្គាមសាសនានៅកម្ពុជា ប៉ុណ្ណោះ ឯការពិតវាមិនអាចទៅរួចទេ ព្រោះជាទិដ្ឋភាពរួម ពុទ្ធសាសនិក និងសាសនិកអ៊ិស្លាម បានរស់នៅជាសុខដុមរមនានឹងគ្នារាប់រយឆ្នាំមកហើយ ហើយច្បាប់ក៏តែងតែធានានិងការពារខ្មែរអ៊ិស្លាម និងប្រជាពលរដ្ឋខ្មែរទូទៅ ។

លោកបណ្ឌិតយង់ ពៅ បានមានប្រសាសន៍ថា “ នៅក្នុងសង្គមកម្ពុជា គឺជាសង្គមដែលមានភាពសុខដុមនៅក្នុងបញ្ហាសាសនា គឺទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋ គឺឲ្យតម្លៃទៅលើជំនឿសាសនានេះខ្លាំងណាស់ ហើយសង្គមនៃសាសនា ទាំងសាសនាព្រះពុទ្ធ ទាំងសាសនាអ៊ិស្លាម ហើយនិងសាសនាផ្សេងទៀត តែងតែរស់នៅសុខដុមនឹងគ្នា ហើយប្រជាពលរដ្ឋអ៊ិស្លាម ត្រូវបានយើងហៅថា ខ្មែរអ៊ិស្លាម មានន័យថាវាស្ទើរតែក្លាយទៅជាសាច់មួយទៅហើយ ហើយប្រជាជនកម្ពុជារបស់យើងក៏មានចំណងអាពាហ៍ពិពាហ៍ឆ្លងសាសន៍ហ្នឹង មានន័យថា រៀបការជាមួយសាសន៍អ៊ិស្លាម អ៊ិស្លាមរៀបការជាមួយសាសន៍ខ្មែរ ។ អ៊ីចឹងទៅជាកូនកាត់ ទៅជាសាច់ឈាមនឹងគ្នា ។ ដូច្នេះយើងឃើញថារាប់រយឆ្នាំ រាប់សតវត្សរ៍មកហើយ កម្ពុជា ខ្មែរ និងអ៊ិស្លាមនេះ គឺតែងតែរស់នៅសុខដុមនឹងគ្នា ។ អ៊ីចឹងបច្ចុប្បន្ននេះ អ្នកនយោបាយយើងក៏ផ្ដល់នូវភាពសុខដុមហ្នឹងកាន់តែសម្បូរបែបទៅទៀត សាសនាអ៊ិស្លាម ក៏ដូចប្រជាពលរដ្ឋខ្មែរអ៊ិស្លាមហ្នឹងក៏មានតួនាទីសំខាន់ៗក្នុងរាជការ ក៏ដូចជានៅក្នុងការងារសង្គមផ្សេងៗទៀតអីជាដើម ហើយការគោរពនូវសាសនាអ៊ិស្លាមនេះក៏មានភាពទូលំទូលាយ ។ អ៊ីចឹងខ្ញុំយល់ថា វាមិនមានសង្រ្គាមជាតិសាសន៍ ឬការរើសអើងអីទេ ហើយច្បាប់របស់យើងតែងតែធានា ។ អ៊ីចឹងខ្ញុំគិតថា បញ្ហាដែលគេលើកឡើង ឬក៏ចង់ញុះញង់ឲ្យមានបញ្ហាសង្រ្គាមសាសនានៅកម្ពុជានេះ វាមិនអាចទៅរួចទេ “ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគ ខាងលើនេះ បានធ្វើឡើង ក្រោយពីអ្នកស្រី កន្និដ្ឋា អ្នកផលិតមាតិកាសង្គម សេដ្ឋកិច្ច និងនយោបាយ លើកឡើងថា អាមេរិក អាចមកចាប់បងប្អូនខ្មែរអ៊ិស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់ នៅកម្ពុជា ។
ទោះបីយ៉ាងណា ក្រោយការលើកឡើងរបស់អ្នកស្រី កន្និដ្ឋា ដូចខាងលើនេះ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញមកប្រតិកម្ម ចាត់ទុកការលើកឡើងនេះ ថាជាលើកឡើងមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះដែរ ។ សម្ដេច បញ្ជាក់ថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀត គឺបង្កគ្រោះថ្នាក់នៃការបែងចែកនិកាយសាសនាក្នុងសាសនាអ៊ិស្លាម ផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជា ផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនា។ សម្ដេច បន្តថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា សម្ដេចខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជា នោះឡើយ ៕ កុលបុត្រ