ភ្នំពេញ ៖ ស្ត្រីរូបស្រស់ ចំនួន២នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ ខ្លួន ដកហូតបានវត្ថុតាង គ្រឿងញៀន (កញ្ឆាក្រៀម) ក្នុងចំនួនសន្ធឹកសន្ធាប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលា ម៉ោង២ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ និងទី២-ឈ្មោះសៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចម្ការមន និងមានការសម្របសម្រួលនីតិវិធីពីលោកស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រីសង្ស័យ ២នាក់ (១-ឈ្មោះហ៊ុត រីណា ២-ឈ្មោះសៅ ចាន់នី) នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (កញ្ឆាក្រៀម)។

ចំពោះវត្ថុតាងចាប់យក រួមមាន កញ្ឆាក្រៀម ៨០កញ្ចប់។ បារីកញ្ឆា ១៥០ដើម។ កញ្ឆាដុំខ្មៅ ១០ដុំ។ ចាហួយពណ៌បៃតង ១០៦គ្រាប់។ ចាហួយពណ៌ឈាមជ្រូក ៣១គ្រាប់។ ចាហួយពណ៌ក្រហម ៦៨គ្រាប់។ ចាហួយកញ្ចប់ពណ៌បៃតង ១២កញ្ចប់។ កញ្ឆា CHEETAH ៦កញ្ចប់។ ចាហួយ WONKA ៤កញ្ចប់។ ចាហួយ CAMINO ១កញ្ចប់។ ចាហួយ RASPBERRY ១កញ្ចប់។ ចាហួយ MINTY MAGIC ១កញ្ចប់ និងម្សៅម៉ដ្ឋពណ៌ស ១កញ្ចប់។

ស្ត្រីសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
