ភ្នំពេញ ៖ ដីឡូត៍មួយកន្លែងដែលជាកន្លែងចំរាញ់ប្រេងខ្មៅត្រូវបានអគ្គីភ័យឆាបឆេះសន្ធោ សន្ធៅបង្កអោយប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងតំបន់រត់ជាន់ជើងគ្នាហៅរថយន្តពន្លត់ អគ្គីភ័យមកពន្លត់អស់ប្រាំគ្រឿងទើបអាចគ្រប់គ្រងបាន ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៣ ខែមិនាឆ្នាំ២០១៧ ត្រង់ចំនុចក្នុងដីឡូតិ៍ មួយកន្លែងក្បែរផ្ទះឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីស្ថិត ក្នុងភូមិទួលពពែ ក្រុម៥ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញមានផ្សែងខ្មៅបានហុយចេញពីកន្លែងចំរាញ់ប្រេងខ្មៅមួយកន្លែងក្នុងដីឡូតិ៍ជួលដែលមានទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រខណៈពេលដែលគេមកមើលស្រាប់តែឃើញភ្លើងបាន ឆាបឆេះក្នុងឡសំរាប់ស្លប្រេងខ្មៅឆេះយ៉ាងសន្ធោសន្ធៅទោះជាបីជាប្រជាពលរដ្ឋនាំគ្នាយកទឹកមកបាញ់ពន្លត់ក៍គ្មានប្រយោជន៍ដែរព្រោះក្នុងឡស្លប្រេងខ្មៅនោះពោរពេញទៅដោយប្រេងដែលជាហេតុធ្វើអោយពេលដែលគេយកទឹកទៅបាញ់ធ្វើអោយភ្លើងឆេះកាន់តែខ្លាំងឡើង រហូតដល់សមត្ថកិច្ចមកដល់ទីតាំងកើតហេតុបានទាក់ទងទៅកាន់រថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញមកបាញ់ពន្លត់ចំនួន៨គ្រឿងតែប្រើប្រាស់ អស់តែ៥គ្រឿងនោះទេបានរលត់ទៅវិញ ដោយប្រើរយៈពេលមួយម៉ោង។
គួរបញ្ជាក់ថាចំពោះកម្មករដែលស្នាក់នៅក្នុងកន្លែងចំរាញ់ប្រេងខ្មៅខាងលើនេះពេលដែលភ្លើងបានឆេះឡើងគឺបាននាំគ្នារត់ចេញអស់ពីកន្លែងកើតហេតុអស់រលីងហើយគ្មាននរណាម្នាក់ដឹងអំពីមូលហេតុនៃការបង្កអោយមានអគ្គីភ័យនេះកើតឡើងនោះទេ ។
បើតាមលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថាទីតាំង ខាងលើនេះបើកអាជីវកម្មខុសច្បាប់កន្លងមកថ្មីៗត្រូវបានលោកចាត់អោយមន្ត្រីក្រោមឪវាទចុះមកធ្វើការណែនាំនិងពិនិត្យរួចមកហើយដឹងថាទីតាំងខាងលើមិនមានច្បាប់អនុញ្ញាតទេនៅថ្ងៃស្អែកលោកនិងប្រើកណ្ដាប់ដៃដែករបស់លោកចុះបិទទីតាំងមួយកន្លែងខាងលើនេះដោយសារតែមិនគោរពនិងហ៊ានបំពានច្បាប់ ៕ សោល វណ្ណៈ យឹម ឈឿន