ភ្នំពេញ ៖ អ្នកលក់លៀសហាលនិង អ្នកលក់លៀសហាលផឹកស៊ីស្រវឹងដៀមដាមដាក់គ្នា ធ្វើបុរសអ្នកលក់លៀសហាលវាយទៅលើស្ត្រីលក់លៀសហាលបណ្ដាលឲ្យរងរបួសដាច់មុខនិងបែកក្បាលហូរឈាម បង្កអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។
ជនបង្កមានឈ្មោះភិន សុផែន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់លៀសហាលស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំនែកជនរងគ្រោះមានឈ្មោះ សេង ធី ភេទស្រី អាយុ៥៨ឆ្នាំមុខរបរលក់លៀសហាល ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញខាងជនរងគ្រោះនិងជនបង្កផឹកស៊ីពីរវង់ផ្សេងគ្នាដោយខាងស្ត្រីរងគ្រោះមានគ្នា៥នាក់ ហើយខាងបុរសបង្កមានគ្នា៥នាក់ដូចគ្នា ព្រមទាំងមានចាក់ខារ៉ាអូខេច្រៀងផងដែរ លុះពេលស្ងាត់ភ្លេង ស្រាប់តែមានហិង្សាវាយគ្នាកើតឡើងបណ្តាលអោយស្ត្រីម្នាក់រងរបួសដាច់មុខបែកក្បាលហូរឈាមផងដែរ លុះបន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានសាកសួរ រួចហើយបាននាំជនបង្កនិងជនរងគ្រោះទៅធ្វើការសាកសួរនៅប៉ុស្ត៍នគរបាលផ្សារដើមថ្កូវ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីរងគ្រោះបាននិយាយថា រូបគាត់មានគ្នាប្រុសស្រីចំនួន៥នាក់បាននាំគ្នាផឹកស៊ីនៅមុខផ្ទះ ស្រាប់តែមានបុរសបង្កខាងលើបានដើរមកបានដើរមករករឿង រួចហើយបានវាយនិងច្រានគាត់ បណ្ដាលឲ្យដួលរងរបួសដាច់មុខបែកក្បាលសៀតថ្កាចំហៀងខាងស្តាំ ហូរឈាមពេញមុខ ហើយព្រមទាំងរកយកកាំបិទមករកកាប់គាត់ទៀត ។
ដោយឡែកជនបង្កវិញបាននិយាយថា នៅពេលកើតហេតុ រូបគាត់មានបងប្អូនមកលេងផ្ទះ បានរៀបចំកម្មវិធីផឹកស៊ីបន្តិចបន្តួច ព្រមទាំងមានចាក់ខារ៉ាអូខេច្រៀងលេងកំសាន្តផងដែរស្របពេលនោះស្រាប់តែស្ត្រីខាងលើ បានទៅជេរដៀមដាម បរិហារកេរ្តិ៍របស់គាត់នៅចំពោះមុខភ្ញៀវនិងបងប្អូនគាត់ ធ្វើអោយរូបគាត់ខឹងទប់អារម្មណ៍មិនបាន បានដើរទៅសួនាំ រួចហើយក៍ជ្រុលបានកៀសដៃចំស្ត្រីខាងលើបណ្ដាលឲ្យត្រូវស្ត្រីរងគ្រោះដួលតែម្ដងទៅ។ ចំពោះរបួសស្នាមនៅលើមុខជនរងគ្រោះគឺរូបគាត់មិនវាយនោះ គឺរងរបួសដោយសារតែដួលទៅប៉ះម៉ូតូ ព្រមទាំងមុតសំបកលៀសនោះទេ ។
ប្រភពដដែលបានបន្តទៀតថា ប្រសិនបើគាត់វាយវិញគឺស្ត្រីរងគ្រោះនិងសន្លប់បាត់ទៅហើយ ព្រោះអីដៃគាត់នៅពេលវាយចេញម្តងៗមានទំងន់ដល់ទៅ៦០គីឡូឯណោះ ។
ក្រោយពេលពីសាកសួររួចសមត្ថកិច្ចបានអោយភាគីទាំងពីរសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងស្ត្រីរងគ្រោះបានទារសំនងជំងឺចិត្តរបួសស្នាមចំនួន៥០០ដុល្លារ តែខាងបុរសបង្កសុំសង១០០ដុល្លារដើម្បីបញ្ចប់រឿង នៅក្នុងប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ៕ណនរ៉ាត់