ភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់ ត្រូវសមត្ថកិច្ចអះអាងថារថយន្តដែលបើកនេះទើបនឹង បង់រំលួស ចប់សព្វគ្រប់បែរជាបើករថយន្តបត់លឿនពេកជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសចំទ្វារខាងស្តាំបណ្តាលអោយរងការខូចខាតយ៉ាងដំណំ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦នៅចំណុចស្ពាននាគជិតវត្តភ្នំស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD8737បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមាននារីរូបស្រស់សោភាម្នាក់បើករថយន្តបង្កម៉ាកឡិចស៊ីសRX300 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AM1750ធ្វើដំណើរមកតាមបណ្តោយផ្លូវ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនមិន បានប្រុងប្រយ័ត្នបានបត់ទាំងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសចំទ្វារខាងស្តាំបណ្តាលអោយវិលមួយជុំរងការខូចខាតក្រពិតទ្វារខាងមុខជំហៀងខាងស្តាំចំនែកឯរថយន្តបង្កវិញខ្ទេចមួយកំណាត់មុខចំហៀងខាងឆ្វេង។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា រថយន្តដែលនារីរូបស្រស់សោភាបើកនេះជារថយន្តទិញ បង់រំលួសទើបតែដាច់អស់ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរា ចរណ៍ហើយភាគីទាំងសងខាងចង់យកត្រូវរៀងៗខ្លួនបាន ទូរស័ព្ទហៅខាងធានារ៉ាប់រងមករៀងៗខ្លួនដោយក្រុមហ៊ុនធានារ៉ាប់រងខាងរថយន្តឡិចស៊ីសRX300ដឹងថាខ្លួនខុសក៏ព្រមសងអោយរថយន្តតូយ៉ូតាព្រូសទៅជួសជុលឲ្យ ។
ក្រោយពេលកើតហេតុក្រុមហ៊ុនធានារ៉ាប់រងខាងរថយន្តតូយ៉ូតូព្រូសបានដកប័ណ្ណ បើកបរពីនារីរូបស្រស់សោភាយកទៅរក្សាទុករង់ចាំស្អែកចាំយករថយន្តយកទៅជួសជុលអោយ បញ្ចប់រឿង ៕
ឥន សាន់ស៊ីដេត