ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីស្ថាន ភាពមិនស្របច្បាប់របស់កម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញសង្គមតាឡេក្រាម និងនៅតាមទីតាំងមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ធនាគារជាតិនៃកម្ពុជា ជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការលើផ្លេតហ្វម តេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះ មានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញសង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួន នៅក្នុងរាជធានី ភ្នំពេញ និងខេត្តព្រះសីហនុ ផងដែរ។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា កម្មវិធី PAI ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័តរបស់គ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា នោះទេ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្តាលឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ។

សម្រាប់ករណីនេះ ធនាគារជាតិ នៃកម្ពុជា ក៏បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបការផ្សព្វផ្សាយមិនស្របច្បាប់ របស់កម្មវិធីមួយនេះផងដែរ៕