ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីមានជនសង្ស័យគ្នា២នាក់ជិះមូ៉តូមួយគ្រឿង តាមពីក្រោយហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បណ្តាលឲ្យដួលច្រងាប់ច្រងុលរងរបួសដាច់ក្រចកដៃហូរឈាមកក្លាក់ ហើយជនសង្ស័យនាំគ្នារត់គេខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី មុខច្រកចូលបុរីញូថោនត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីរងគ្រោះមានឈ្មោះ ខៀវ សន អាយុ៥៥ឆ្នាំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវេង ខណ្ឌដង្កោ ។ សម្ភារៈបាត់បង់បាននៅក្នុងកាបូប លុយខ្មែរជាង៣០មុឺនរៀល ប្រាក់ដុល្លា ជាង២០០ដុល្លា ថ្នាំពេទ្យ និងឯកសារមួយចំនួនទៀត ។
តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទើបតែវិលត្រឡប់មកពី ពិនិត្យជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែតវិញ ទិញបានទាំងថ្នាំពេទ្យ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1DH-6148 ធ្វើដំណើរក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះ តាមផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះទើបតែដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដា សេ១២៥មួយគ្រឿងពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយហើយធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយពីស្មា បណ្តាលឲ្យដួល ច្រងាប់ច្រងិលរងបួស ដៃជើង បានសម្រេចហើយជនសង្ស័យបន្ថែមល្បឿនបើកម៉ូតូគេចទៅបាត់ដោយសុវត្តិភាព ។
ក្រោយកើតហេតុ ជនរងគ្រោះ ជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីទុកឲ្យនគរបាលស្រាវជ្រាវ ៕