ខេត្តប៉ៃលិន ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនជនបរទេស ចំនួន១៧នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិសាស្ត្រឆ្ងាយពីទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។

ការចុះបង្ក្រាបករណីនេះ ធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាម ប្រព័ន្ធបច្ចេក វិទ្យា Online Scams និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹងអនុក្រឹត្យលេខ០៣ ស្តីពី ការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅ ប្រមូលផ្តុំ ដោយបច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទឃ្លុំ ទីតាំងនោះជាបណ្តោះអាសន្ន ចំណែកមនុស្សទាំង១៧នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវ បាន ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី។

តាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យ ដឹងថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាបនិងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦កន្លែង ក្នុងនោះមានទីតាំងកាស៊ីណូ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន១៤៥កន្លែង ហើយបើយោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយ នេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩សំណុំរឿង ដោយផ្តន្ទាទោស មេខ្លោង និងបក្ខពួកចំនួន ៦៩៧នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)៕