ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ ឆ្លៀតពេលដែលជីដូនរវល់ការងារក្នុងផ្ទះ ក៏ដើរលេង តែម្នាក់ឯង នៅមាត់ប្រឡាយ រួចក៏រអិលជើង ធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ មេទឹក ស្ថិតក្នុងភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកប្រឡាយ ស្លាប់នោះ មានឈ្មោះស៊ុំ ម៉ៃ អាយុ៨ឆ្នាំ សព្វ ថ្ងៃស្នាក់នៅជាមួយជីដូន ក្នុងភូមិ–ឃុំកើតហេតុ ខាងលើ។
តាមសម្តីស្ត្រីជាជីដូនក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ចៅប្រុសម្នាក់នេះ (ក្មេងប្រុសរងគ្រោះ) ត្រូវឪពុកម្តាយរបស់គេ យក មកផ្ញើឱ្យគាត់ជួយមើលថែបីបាច់ចិញ្ចឹម តាំង ពីតូចម៉្លេះ ដោយឪពុកម្តាយរបស់គេរវល់ចេញ ទៅធ្វើការរកស៊ីនៅស្រុកថៃ យូរៗទើបត្រឡប់ មកផ្ទះ មើលកូនម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើត ហេតុ គាត់រវល់ការងារនៅក្នុងផ្ទះ ចំណែកចៅ ប្រុសបានដើរលេងនៅក្រៅផ្ទះដូចសព្វមួយដង លុះក្រោយពីរួចដៃពីការងារនឹកឃើញរកចៅ គាត់ក៏ស្រែកហៅតែមិនឮសំឡេងចៅប្រុសឆ្លើយ តបសោះ ទើបគាត់បានដើររកសួរអ្នកភូមិទើប ដឹងថា ឃើញចៅប្រុសគាត់ដើរសំដៅទៅខាង ប្រឡាយទឹក ធ្វើឱ្យគាត់សង្ស័យចៅលង់ទឹក ក៏ ឆោឡោហៅអ្នកភូមិឱ្យចុះទៅជួយរាវរក ទីបំផុត ក៏ប្រទះឃើញចៅប្រុសលង់ទឹកប្រឡាយស្លាប់ បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេង– ប្រុសរងគ្រោះពិតជាស្លាប់ដោយសារ តែលង់ ទឹកប្រាកដមែន។
សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យស្ត្រីជាជីដូន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ សាមឿន