ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ក្រោយពីឈឺពោះសម្រាលក៏ត្រូវប្តីប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសម្រាល តែអកុសល ក្រោយពីសម្រាល បានកូនប្រុសម្នាក់រួច ស្ត្រីរងគ្រោះក៏ធ្លាក់ឈាម យ៉ាងច្រើនរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាប្តីកើតទុក្ខមិនសុខចិត្តបន្ទោស ថា ក្រុមគ្រូពេទ្យមានការធ្វេសប្រហែស ទើប បណ្តាលឱ្យប្រពន្ធរបស់គាត់ស្លាប់។
ករណីស្ត្រីសម្រាលកូន រួចធ្លាក់ឈាមរហូត ដល់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ស្ត្រីរងគ្រោះដែលសម្រាលកូនរួចធ្លាក់ ឈាមស្លាប់ មានឈ្មោះហៀត ចាន់នី អាយុ ២៩ឆ្នាំ មុខរបរកម្មករអូសរទេះនៅច្រកទ្វារ អន្តរជាតិប៉ោយប៉ែត មានប្តីឈ្មោះសុខ ភីរម្យ អាយុ៤៨ឆ្នាំ មុខរបរកម្មករអូសរទេះដូចគ្នា។ ចំណែកកូនដែលទើបនឹងសម្រាល ជាកូនប្រុស និងជាកូនទី៤ ក្នុងគ្រួសារ។ ក្រុមគ្រួសារខាង លើ សព្វថ្ងៃរស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ប្រពន្ធរបស់ គាត់ ដែលកំពុងមានផ្ទៃពោះគ្រប់ខែ បានចាប់ ផ្តើមឈឺពោះសម្រាល ទើបគាត់ប្រញាប់ប្រញាល់ ដឹកបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យបង្អែកក្រុង ប៉ោយប៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យ និងឆ្មបជំនាញ ជួយសម្រាល ចៀសវាងកើតមានគ្រោះថ្នាក់ ជាយថាហេតុ។ ទីបំផុត ប្រពន្ធរបស់គាត់ក៏សម្រាល បានកូនប្រុសម្នាក់ មានសុខភាពល្អ ប៉ុន្តែនៅ អំឡុងពេលសម្រាល ដោយសារតែគ្រូពេទ្យ មានការធ្វេសប្រហែស ធ្វើឱ្យដាច់កន្ទុយលិន ទើបបណ្តាលឱ្យប្រពន្ធរបស់គាត់ចេះតែធ្លាក់ ឈាមមិនឈប់សោះ។
បុរសជាប្តីស្ត្រីរងគ្រោះបន្តថា ក្រោយពី ឃើញប្រពន្ធគាត់ធ្លាក់ឈាមច្រើនពេក ក្រុម– គ្រូពេទ្យក៏ចាត់បញ្ជូនប្រពន្ធគាត់ទៅកាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា–ជប៉ុនមង្គលបុរី ដើម្បី ឱ្យក្រុមគ្រូពេទ្យជំនាញនៅទីនោះជួយសង្គ្រោះ តែអកសុល នៅពេលដែលដឹកប្រពន្ធគាត់ចេញ ផុតពីមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បាន ប្រមាណ៥គីឡូម៉ែត្រ មកដល់ចំណុចម្តុំវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ ប្រពន្ធរបស់គាត់ក៏ខ្សោះ ឈាមស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
បុរសជាប្តីស្ត្រីរងគ្រោះរូបនេះ បានបន្ទោស ថា មូលហេតុដែលនាំឱ្យប្រពន្ធរបស់គាត់ស្លាប់ គឺមកពីគ្រូពេទ្យមានការធ្វេសប្រហែស ធ្វើឱ្យ ដាច់កន្ទុយលិនពេលសម្រាល ទើបប្រពន្ធគាត់ ហូរឈាមមិនឈប់ រហូតដល់ស្លាប់បែបនេះ។ កន្លងមកប្រពន្ធរបស់គាត់ធ្លាប់សម្រាលកូនដល់ ទៅ៣នាក់រួចមកហើយ មិនធ្លាប់មានបញ្ហាអ្វី នោះទេ។
ជុំវិញករណីខាងលើនេះ លោកវេជ្ជបណ្ឌិត ហ៊ុល សុផល្លី ប្រធានមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត បានបញ្ជាក់ថា តាមពិត ក្រុមគ្រូពេទ្យ បានព្យាយាមប្រឹងប្រឹងជួយសម្រាលកូនឱ្យស្ត្រី រងគ្រោះ និងជួយសង្គ្រោះជីវិតនាងអស់ពីលទ្ធភាពហើយ ប៉ុន្តែដោយសារក្រោយពេលសម្រាល ឈាមមិនកក ទើបធ្វើឱ្យហូរចេញមកច្រើន ហើយខាងមន្ទីរពេទ្យក៏ស្វះស្វែងបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា–ជប៉ុន មង្គលបុរី ដើម្បីសង្គ្រោះជីវិតដែរ តែអកុសល ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង៕