Saturday, February 1, 2025
Homeព័ត៌មានជាតិជាង​ផ្សារ​ដែក ខ្សែ​ភ្លើង​ឆក់​ស្លាប់

ជាង​ផ្សារ​ដែក ខ្សែ​ភ្លើង​ឆក់​ស្លាប់

ខេត្តកណ្តាល ៖ បុរសជាជាងផ្សារដែកម្នាក់ បានយកម៉ូទ័របុក មកស្វានទម្លុះជញ្ជាំង ដើម្បី ចាប់ដែកផ្សារ ស្រាប់តែអកុសល ត្រូវចរន្ត អគ្គិសនីឆ្លងចេញពីម៉ូទ័រឆក់ បណ្តាលឱ្យរងរបួស ធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ករណីខាងលើនេះ បានកើតឡើង កាល ពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆ្លង ពីម៉ូទ័រឆក់ស្លាប់នោះ មានឈ្មោះឯក ហាច អាយុ ៣៥ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិ តាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិង អ្នករួមការងារប៉ុន្មាននាក់ទៀត បាននាំគ្នាចេញ ទៅផ្សារដែក នៅចំណុចផ្ទះរបស់ឈ្មោះឌួង សំអុន ស្ថិតក្នុងភូមិកើតហេតុខាងលើ។ លុះ ពេលជនរងគ្រោះ កំពុងយកម៉ូទ័របុក មកស្វាន ទម្លុះជញ្ជាំង ដើម្បីចាប់ដែកផ្សារ ស្រាប់តែម៉ូទ័រ នោះ បានឆ្លងចរន្ត បណ្តាលឱ្យឆក់ជនរងគ្រោះ រងរបួសធ្ងន់តែម្តង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ អ្នករួមការងារបានប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅ កាន់មន្ទីរពេទ្យបង្អែកស្រុកល្វាឯម តែអកុសល ពេលទៅដល់មន្ទីរពេទ្យបានមួយសន្ទុះ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆ្លងចេញ ពីម៉ូទ័របុក ឆក់ស្លាប់ប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្ត ព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES