កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កម្មវិធីប្រឡង Freshie Contest 2017 ជំនាន់ទី១៦ បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលមានកាផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ MyTV។
ក្រុមអ្នកគាំទ្រជាច្រើនដែលជា fan កម្មវិធីដ៏ពេញនិយមសម្រាប់យុវ័យនេះ បានមកពេញស្ថានីយទូរទស្សន៍ MyTV ហើយពួកគេបានហ៊ោកញ្ជ្រៀវរាល់ពេលបេក្ខជនបេក្ខនាឬីរបស់ខ្លួនដែលពេញចិត្តចេញមកបង្ហាញសមត្ថភាព តាមរយៈការដើរបង្ហាញម៉ូដ និងបញ្ចេញក្បាច់រាំ ជាដើម។
ឆ្លងកាត់ការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មការ ដែលមានជំនាញច្បាស់លាស់នោះ នៅទីបំផុត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលមានបេក្ខជន២៤រូប បេក្ខនារី២៤រូបនោះ កម្មវិធីតម្រូវជ្រើសយកតែ Freshie Girls ១២រូប និង Freshie Boys ១២រូបប៉ុណ្ណោះ ដើម្បីឈានទៅវគ្គបន្ដនឹងឆ្ពោះទៅផ្ដាច់ព្រ័ត្រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅស្ទូឌីយោ MyTV។
Freshie Girls ទាំង១២រូប មានកញ្ញាភី ដារី , ធិន លក្ម្សី, សេង ដាលីម, សរ សេដ្ឋរមណីយ៍, សុខ វិច្ឆិរ៉ា, ពេជ្រ ស្រីល័ក្ខ, ឈន ច័ន្ទបូរមី, ហន ពិសី, ឆែម លីដា, អ៊ិន ម៉ូលីកា, រ៉ន ឌីយ៉ា និងប្រាក់ វណ្ណនីយ៉ា ។ ចំណែកFreshie Boys ទាំង១២រូប មានឈ្មោះលោកចាន់ ស៊ីញស៊ីញ, ម៉ាច សៀវហ្វ័យ, ហ៊ុង ហ៊ីវ, ជ័យ ភិរុណ, មួយ ស៊ីល, ថន ចាន់ថេន, វណ្ណ សំណាង, គង់ តាណារ់ាត់ត្រា, ប្រាក់ លីហួ, ភូម រតន, សុខ វិសាល និងផន សុវណ្ណសិលា៕