ពិធីមង្គលការរបស់តារាសម្ដែង កញ្ញារ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ជាមួយថៅកែហាងនំ ដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ បានប្រព្រឹត្តិឡើងយ៉ាងអធិកអធម និងមានអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ ប៉ុន្តែនៅវេលាកាត់នំខេក និងរាំបទស្លូរ នាងខ្សឹកខ្សួលរំជួលចិត្តស្រក់ទឹកភ្នែក ធ្វើឲ្យភ្ញៀវកិត្តិយសចាប់អារម្មណ៍ជាខ្លាំង។
ខណៈដែលអាជីពសិល្បៈកំពុងតែស្ទុះឡើងខ្លាំង ទាំងផ្នែកសម្ដែង បង្ហាញម៉ូដ និងថតស្ពតពាណិជ្ជកម្មផងនោះ កញ្ញារ៉ូ ចាន់ដារ៉ា ស្រាប់តែសម្រេចចិត្តលាភាពក្រមុំចូលរោងការជាមួយលោកយឹម យ៉ាន់សីហា ដែលជាថៅកែហាងនំមួយ នៅសហរដ្ឋអាមេរិក ហើយមុនឈានដល់ថ្ងៃក្រាបផ្ទឹម នាងបានពិសោធន៍ស្នេហ៍ឆ្លងដែន រយៈពេលជាង២ឆ្នាំ ខណៈដែលនៅក្នុងពិធីមង្គលការរបស់នាងម្សិលមិញនេះបានប្រព្រឹត្តិឡើងយ៉ាងអធិកអធម មិនចាញ់កូនមន្ត្រីធំទ្រព្យស្ដុកស្ដម្ភមួយចំនួនទេ ដែលធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីខ្មែរទាំងស្រុង ។
មានការឲ្យដឹងថា មង្គលការរបស់ស្រីលាភ បានការចំណាយខ្ទង់ម៉ឺនដុល្លារ ដែលបានអញ្ជើញភ្ញៀវចំនួន១៣០០នាក់ (១៣០តុ)។ រីឯតារាសិល្បៈល្បីៗក៏បានចូលរួមយ៉ាងច្រើនកុះករផងដែរ ដែលធ្វើឲ្យមង្គលការរបស់នាងកាន់តែគគ្រឹគគគ្រេង។ យ៉ាងណា នៅក្នុងពិធីមង្គលការរបស់នាង នាវេលាកាត់នំខេក និងរាំបទស្លូរ ស្រីលាភ បានរំជួលចិត្ត សម្រក់ទឹកភ្នែកឱបកូនកំលោះយ៉ាងស្អិតដែលតាមប្រភពពីមិត្តភក្តិនាងថា ស្រីលាភ រំភើបចិត្តខ្លាំង ទើបទប់ទឹកភ្នែកមិនជាប់ក្នុងថ្ងៃមង្គលការ ខណៈដែលនាងបានរៀបការជាមួយបុរសដែលខ្លួនស្រលាញ់ ហើយស្វាមីរបស់នាងក៏ស្រលាញ់នាងស្ទើរលេបដែរនោះ ហើយក្រោយពេលរៀបការរួច នាងក៏គ្រោងទៅរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីផងដែរ៕