ភ្នំពេញ៖ បុរសជាអ្នកលក់ត្រីដុតអំបិលម្នាក់បានឆ្លងចរន្តអគ្គីសនីពីរទេះលក់ត្រីដុតបណ្តាលអោយឆក់ដាច់ផ្ងារស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ នៅមុខវិទ្យាល័យជម្ពូវ័ន្ត លើកំណាត់ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលស្លាប់មានឈ្មោះ ឃុត ឈុនលីន អាយុ២៧ឆ្នាំ មុខរបរលក់ត្រីដុតអំបិល ស្នាក់នៅផ្ទះលេខ០៧ ផ្លូវជាតិលេខ០៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីបុរសឈ្មោះប៉ុក ឡេង អាយុ៤២ឆ្នាំ មុខរបរលក់ទាខ្វៃនៅក្បែរជនរងគ្រោះ បានប្រាប់ថា មុនកើតហេតុមានភ្លៀងកក់ខែមួយមេខ្លាំង បណ្តាលអោយកន្លែងលក់ដូរមានទឹកដក់លើនៅថ្នល់ រហូតដល់ម៉ោងកើតហេតុដល់ម៉ោងឈប់លក់ដូរហើយ រូបគាត់និងជនរងគ្រោះជិតដល់ម៉ោងរើឥវ៉ាន់ឈប់ដូរទៅហើយបានឈរជជែកគ្នាលេង ស្រាប់តែជនរងគ្រោះឈរតោងបង្គោលដែកនៅលើរទេះអាំងត្រីរួចស្រែកខ្លាំងៗថាឆក់ខ្សែភ្លើងពេលនោះគាត់ស្មានតែជនរងគ្រោះនិយាយលេងទេ ក៏បានយកដៃទៅប៉ះជនរងគ្រោះធ្វើអោយឆក់មកខ្លួនគាត់ទៀត ទើបគាត់ស្ទុះទៅដកឌុយភ្លើងចេញហើយឃើញជនរងគ្រោះដាច់ផ្ងារមក
ក្រោយពេលឃើញសភាពបែបនោះក៍ព្យាយាមសង្គ្រោះនិងហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ តែអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់កណ្តាលផ្លូវមុនបញ្ជូនដល់មន្ទីពេទ្យបាត់ទៅហើយ។
ប្រភពដដែលបន្តទៀតថា នៅលើរទេះដុតត្រីលក់នៅមានតខ្សែភ្លើងរាយចេញពីផ្ទះមកចង ដាក់អំពូលបំភ្លឺនៅលើរទេះ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធ្វើឲ្យឆ្លងចរន្តអគ្គិសនី ខណៈពេល ដែលជនរងគ្រោះកាន់បង្គោលដែកចងខ្សែភ្លើងនៅលើរទេះនោះបណ្តាលឲ្យស្រូបឆក់ស្លាប់ ភ្លាមតែម្តង ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកមកផ្ទះវិញនិងធ្វើបុណ្យតាមប្រពៃណី៕