រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេររោងចក្រអាមេរិកកាំងម្នាក់ បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅទាំងក្ដៅចិត្តដូចភ្លើងដែលកំពុងឆេះងំនៅក្នុងក្រអៅបេះដូងរបស់នាង ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ខាងលើជួយអន្តរាគមន៍រកដំណោះស្រាយឲ្យនាង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧។
នារីកម្មការិនីខាងលើបានប្រាប់ថា នាងឈ្មោះញឹម ផល្លី ហៅអាហៀង អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរអាមេរិកាំង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិខាងលើ។ ប៉ុន្តែនាងមិនបានប្រាប់ថា នាងក្រមុំចាស់ ឬក៏ជាស្រីមេម៉ាយទេ ដោយឡែកបុរសដែលបោកប្រាស់នាងនោះអត់ដឹងថា នាមត្រកូលអ្វីនោះទេ គឺនាងស្គាល់តែឈ្មោះ វី ប៉ុណ្ណោ អាយុប្រហែល៣៥ឆ្នាំដូចនាងដែរ និងមានមុខរបរបើកបររថយន្តឈ្នួលចេញចូលចំណតរថយន្តចោមចៅ ស្នាក់នៅផ្ទះជួលម្ដុំភូមិព្រៃបឹង ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ហើយបុរសកំហូចនោះ មានប្រពន្ធ និងកូនរួចទៅហើយដែរ។
នាង ញឹម ផល្លី ហៅអាហៀង បានរៀបរាប់ថា នាងបានស្គាល់ជនបោកប្រាស់ឈ្មោះវី នោះយូរហើយដែរ ដែលជននោះគឺជាអ្នកបើកបររថយន្តចេញចូលចំណតរថយន្តចោមចៅជាញឹកញាប់ ហើយពេលបានជួបនាងដំបូងជននោះបាននិយាយប្រាប់ថា «គេធ្លាប់ស្គាល់នាង និងលួចស្រឡាញ់នាងយូរហើយ» មិនតែប៉ុណ្ណោះបានប្រាប់នាងទៀតថា «ខ្ញុំស្គាល់ទាំងប៉ាម៉ាកនាងទៀតផង ដែលពួកគាត់ដែលជាពេទ្យឆ្មបទៀតផង» ។ ក្រោយមកទៀតជននោះក៏បានលួងលោមសុំស្នេហ៍ពីនាង រហូតដល់នាងទន់ចិត្តទន់ថ្លើម ហើយបុរសនោះតែងតែទូរស័ព្ទរកនាងរាល់ថ្ងៃ ប៉ុន្តែទោះជាបែបណានាងមិនបាននិយាយឡើយថា ទំនាក់ទំនងស្នេហានោះស៊ីជម្រៅដល់កម្រិតណាឡើយ។ អ្វីដែលនាងនិយាយដោយគ្មានការលាក់លៀមនោះ គឺរឿងឈ្មោះវី ដែលជាអ្នកបើករថយន្តនោះ ជំពាក់លុយ និងលួងលោមសុំស្នេហ៍រហូតនាងទន់ចិត្តតែប៉ុណ្ណោះ។
នាងបាននិយាយបន្តឲ្យដឹងទៀតថា បន្ទាប់មកជនកំពូលបោកបានចាប់ផ្ដើមសុំខ្ចីលុយនាងចាយ ហើយដោយទុកចិត្តជននោះពេក ទើបនាងផ្ញើរលុយទៅឲ្យតាមវីង២លើក តាមរយៈលេខទូរស័ព្ទ ០១៦ ៤៤៣ ៧៤០ ហើយលើកដំបូងគឺបានវេរឲ្យនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ចំនួន១០០ដុល្លារ។ ដោយឈ្មោះវី សន្យាថា និងសងនាងវិញ ហើយជននោះដឹងថា នាងរកស៊ីចងការប្រាក់ ទើបខ្ចី។ ក្រោយពីខ្ចីរួច មិនត្រឹមតែមិនសងប៉ុណ្ណោះទេ រំលងបានមួយរយៈពេលក្រោយមកថែមទាំងលួងលោមខ្ចីលុយពីនាង២០ដុល្លារថែមទៀត។ ខណៈនោះនាងក៏បានវេរឲ្យជាលើកទី២ទៀត ហើយចាប់ពីពេលនោះមកជននោះបានប្រែចិត្តគេចពីនាងរហូត អត់ព្រមសងលុយវិញទេ ថែមទាំងលេខទូរស័ព្ទដែលនាងធ្លាប់វេរលុយនោះ ក៏ដូរចោលទៀត។ បន្ទាប់មកទើបដឹងថា ជននោះបោកប្រាស់ នាងក៏បានតាមទារលុយរហូតមកដល់ពេលនេះ នៅតែមិនព្រមឲ្យទៀត មិនតែប៉ុណ្ណោះពេលនាងទារលុយ ជនកំហូចបានប្រើសម្ដីធ្ងន់ៗដាក់នាង ព្រមទាំងហៅឲ្យទៅយកលុយដល់ផ្ទះរបស់គេទៀតផង។
ស្ត្រីរូបនេះបានបន្តថា នាងមិនហ៊ានទៅរកដល់ផ្ទះនោះឡើយ ព្រោះខ្លាចជននោះធ្វើបាប ទើបសម្រេចចិត្តធ្វើដំណើរមកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យជួយអន្តរាគមន៍ ។
ទោះជាយ៉ាងណាក៏បាននគរបាលជួយដឹងឮនាងដែរ។ ប៉ុន្តែពេលទៅដល់ប៉ុស្ដិ៍ចោមចៅ នគរបាលបានឲ្យនាងទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលកន្ទោកវិញ ព្រោះជននោះស្នាក់នៅទីនោះ នាងក៏បានទៅកាន់ប៉ុស្ដិ៍កន្ទោកវិញ ប៉ុន្តែនគរបាលមិនទទួលពាក្យបណ្ដឹង ទើបចុងក្រោយនាងបានទៅរកជននោះដល់បន្ទប់ផ្ទះជួលដែលគេកំពុងស្នាក់នៅតែម្ដង។ ខណៈនោះនាងបាននិយាយថា «ពេលនោះគាត់ពន្លះជននោះ១០០ៗដោយបានស្រែកដាក់វា។ ប៉ុន្តែលុយអត់បាន១រៀលទេ វាអត់សង តែខ្ញុំខែងដែរនឹងណា ខ្ញុំមិនខ្លាចវាទៀតទេ ខ្ញុំបានទៅស្រែកនៅមុខបន្ទប់ជួលដែលវាស្នាក់នៅម្ដុំកំបូលតាមផ្លូវជាតិលេខ៤នោះតែម្ដង»៕