ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យជាចោរប្លន់ម៉ូតូចំនួន២នាក់ ដែលតែងធ្វើសកម្មភាព ប្លន់នៅក្នុងទឹកដីខេត្តចំនួន២ គឺខេត្តកំពត និង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៧។
ជនសង្ស័យជាចោរប្លន់ម៉ូតូ ទាំង២នាក់ ដែលសមត្ថកិច្ចចាប់ក្របួចបាន រួមមាន ទី១–ឈ្មោះម៉ៅ គឹមអេង ហៅចន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច និង មានស្រុកកំណើតនៅភូមិចំលងជ្រៃ ឃុំស្តេច គង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ និងទី២–ឈ្មោះចាន់ រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច និងមាន ស្រុកកំណើតនៅភូមិកោះតាចាន់ ឃុំកំពង់ត្រាច ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំស្រួច បាន ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើង ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពភ្ជង់ ប្លន់ម៉ូតូមួយគ្រឿងពីប្រជាពលរដ្ឋ ដែលរស់ នៅភូមិតាយុង ឃុំដំបូករូង ស្រុកភ្នំស្រួច។ លុះ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចហើយ ក្រុម ជនសង្ស័យ ក៏ជិះម៉ូតូជនរងគ្រោះសំដៅទៅ ខេត្តកំពត ភ្លាមនោះសមត្ថកិច្ចខេត្តកំពង់ស្ពឺ បាន ទាក់ទងសុំកិច្ចសហការភ្លាមៗពីកម្លាំងនគរាលខេត្តកំពត និងត្រូវបានសមត្ថកិច្ច ខេត្ត កំពត ចេញជួយស្ទាក់ក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្រាប់តែជនសង្ស័យហាក់ ដូចជាដឹងខ្លួនមុន ក៏បានជិះម៉ូតូត្រឡប់មក ខេត្ត កំពង់ស្ពឺវិញ តាមផ្លូវជាតិលេខ៤១ ក៏ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់បាននៅមុខអធិការដ្ឋាន នគរបាលស្រុកគងពិសីតែម្តង។
ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យបាន សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានដក ហូតម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-6919 ដែល មានម្ចាស់ឈ្មោះផាត សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតាយ៉ុង ឃុំដំបូករូង ស្រុកភ្នំស្រួច។
ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់ ពីឃាត់បានជនសង្ស័យម្នាក់ កម្លាំងនគរបាល បានសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ង៉េងជួ និងលោក ឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ បានឈានដល់ ការចាប់ខ្លួនគូគនជនសង្ស័យម្នាក់ទៀត ដែល កំពុងយកម៉ូតូទៅលក់នៅចំណុចគល់ស្ពានស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយដកហូតបាន ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-4747 ដែលក្រុមជនសង្ស័យតែង ជិះធ្វើសកម្មភាពប្លន់ កាលពីពេលកន្លងមកនៅ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកំពង់ស្ពឺ។ ក្រោយការចាប់ខ្លួននគរបាលនាយកដ្ឋានព្រហ្មទណ្ឌបាននាំជនសង្ស័យទៅយកអាវុធ ដែល បានលាក់ទុកផងដែរ និងដកហូតបានកាំភ្លើង ខ្លី១ដើម ព្រមទាំងគ្រាប់១បង់ទៀតផង។
ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវ បាននាំយកទៅសួរនាំបន្តនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាម នីតិវិធី៕ អ៊ុំ ណូន