ខេត្តកំពង់ធំ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងបានវាយតប់ប្រពន្ធយ៉ាងដំណំ លុះស្ត្រីជាបងថ្លៃចូលមកឃាត់ ស្រាប់តែត្រូវ បុរសប្រមឹកកាប់២ដាវរងរបួសធ្ងន់ រួចព្យាយាម ជិះម៉ូតរត់គេចខ្លួន ក៏ត្រូវទាហាន២នាក់ជិះម៉ូតូ ប្រដេញតាមហៅឱ្យឈប់ លុះបុរសស្រវឹងមិន ព្រមឈប់ ក៏ត្រូវមន្ត្រីយោធាទាញកាំភ្លើងបាញ់ បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិខ្ញោម ឃុំសូយោង ស្រុកបារាយណ៍។
បុរសដែលប្រើអំពើហិង្សាក្នុងគ្រួសារ រហូត ត្រូវមន្ត្រីយោធាចូលអន្តរាគមន៍ និងឈានដល់ ការបាញ់ធ្លាយពោះ មានឈ្មោះណាំង ម៉េងឡៃ អាយុ២៣ឆ្នាំ មានមុខរបរកម្មករលីសែង ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ បុរសជាប្តីឈ្មោះ ណាំង ម៉េងឡៃ បានផឹកស្រាស្រវឹង រួចក៏បង្ក រឿងអុកឡុកដេញវ៉ៃប្រពន្ធ ឃើញបែបនេះ ស្ត្រីជាបងថ្លៃឈ្មោះប៊ូ សល់ ក៏ចូលទៅឃាត់ ស្រាប់តែត្រូវបុរសស្រវឹងជាប្អូនថ្លៃកាប់ពីរដាវរងរបួស ហើយភ្លាមនោះ ប្តីស្ត្រីរងគ្រោះ បាន រាយការណ៍ឱ្យមេភូមិជួយអន្តរាគមន៍។ លុះមេ– ភូមិមកដល់ ក៏ត្រូវបុរសស្រវឹងដេញកាប់ទៀត តែសំណាងល្អ មេភូមិរត់រួច ទើបបុរសស្រវឹងកាប់ ម៉ូតូមេភូមិ បណ្តាលឱ្យខូចមួយកំណាត់មុខ។
ប្រភពដដែលបន្តថា នៅពេលឃើញស្ថាន– ការណ៍កាន់តែធ្ងន់បែបនេះ លោកមេភូមិក៏ រាយការណ៍បន្តសុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយ ភ្លាមនោះ គេឃើញមន្ត្រីនគរបាល២នាក់ និង មន្ត្រីយោធារ២នាក់ នៅអង្គភាពកងពលង៧០ ប្រចាំការឡានទឹកនៅឃុំសូយោង បានមកដល់ ចំណុចកើតហេតុ។ បន្ទាប់មក មន្ត្រីយោធាបាន ព្យាយាមកាក់ម៉ូតូជនស្រវឹងដែលបម្រុងជិះ គេចខ្លួន តែជនស្រវឹងមិនព្រមឈប់ ទើបមន្ត្រី យោធារូបនោះ បានដកកាំភ្លើងបាញ់ បណ្តាល ឱ្យបុរសស្រវឹងស្រាធ្លាយពោះរងរបួសធ្ងន់ និង ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ក្នុងករណី ខាងលើនេះ មានមនុស្សរងរបួស៣នាក់ ទី១–ឈ្មោះខេង ញ៉ ភេទប្រុស អាយុ៤៩ឆ្នាំ ទី២– ឈ្មោះប៊ូ សល់ ភេទស្រី អាយុ៤៩ឆ្នាំ និងទី៣–ឈ្មោះកង កែវកិត្យា ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងខូចខាតទ្រព្យ និងម៉ូតូមួយគ្រឿង ទៀតផង។
ក្នុងករណីនេះដែរ ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ទៅលើចំណាត់ការរបស់មន្ត្រី យោធា ដែលបានប្រើប្រាស់អំណាចហួសពីដែន កំណត់បាញ់សម្លាប់ជនរងគ្រោះដោយគ្មានត្រាប្រណី ខណៈគ្រាន់តែរឿងអំពើហឹង្សាសោះ ម៉្យាងទៀតរបាយការណ៍របស់សមត្ថកិច្ចនៃអធិ– ការស្រុកបារាយណ៍ និយាយថាទាហានបានឈប់ ម៉ូតូពីមុខ ហើយបាញ់លើជនរងគ្រោះ បណ្តាល ឱ្យរបួសធ្ងន់ តែដល់ចុងក្រោយ បែរជាថាជា ករណីរៀលកៃអាវុធទៅវិញ។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិន ទាន់ទទួលបានការបំភ្លឺពីភាគីមន្ត្រីយោធា ដែល បានផ្ទុះអាវុធទៅលើបុរសខាងលើនេះឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕ អ៊ុង សំអាត