ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានប្រកាសថា សម្រាប់ការ បោះឆ្នោត នាពេលខាងមុខនេះ គូប្រកួតដែល មានកម្លាំងប្រកៀកប្រកិត គឺគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងគណបក្សប្រជាជន កម្ពុជា (បក្សកាន់អំណាច)។
ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុងនូវគោល- នយោបាយអាទិភាព សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ នៅខេត្តបន្ទាយមានជ័យ កាលពី ព្រឹកថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៧, លោកកឹម សុខា បានបញ្ជាក់ថា “កម្ពុជា គឺជារបស់ខ្មែរ យើងទាំងអស់គ្នា ការបោះឆ្នោតឆ្នាំ២០១៧ និង ឆ្នាំ២០១៨នេះ នឹងនាំមកនូវការចាប់អារម្មណ៍ យ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍ អន្តរជាតិ។ ដោយហេតុថា គូប្រកួតពិតប្រាកដ មួយគូ ដែលមានកម្លាំងប្រកៀកប្រកិតគ្នា គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
ចំពោះការប្រកួតប្រជែងគ្នានេះ ទោះបី ជាគណបក្សណាចាញ់ ឬឈ្នះក៏ដោយ ក៏យើង នៅតែជាខ្មែរ។ ទឹកដីកម្ពុជានេះ ជារបស់យើង ទាំងអស់គ្នា។
ដូច្នេះយើងត្រូវធ្វើអ្វីៗដើម្បីសេចក្តីសុខ ចម្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ គ្នា”។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ ដែរ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុងនូវគោល- នយោបាយអាទិភាព សម្រាប់ការបោះឆ្នោត ឃុំ-សង្កាត់ នៅខេត្តបាត់ដំបង លោកកឹម សុខា បានបញ្ជាក់ថា សង្គមប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាជម្រើសដ៏ល្អ ដើម្បីចៀសវាងសង្គ្រាម បដិវត្តន៍ និងអំពើហិង្សា។
គណបក្សសង្គ្រោះជាតិ កើតពីការរួបរួម កម្លាំងអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យនិយម ហើយមានគោលដៅចូលរួមការបោះឆ្នោត ដោយ ប្រកួតប្រជែង “គោលនយោបាយ”។
យើងមានគោលការណ៍គោលដៅ និង គោលនយោបាយច្បាស់លាស់។ យើងមិនចង់ ឃើញខ្មែរបន្តការប្រកួតគ្នា តាមរយៈសង្គ្រាម ឬបដិវត្តន៍ ឬប្រើអំពើហិង្សាណាមួយឡើយ។ យើងចង់ឱ្យមាន “ការផ្លាស់ប្តូរជាវិជ្ជមាន” តាម រយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌”។
ដោយឡែក ថ្លែងក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាព សម្រាប់ការ បោះឆ្នោតឃុំ-សង្កាត់ នៅខេត្តកំពង់ធំ កាល ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ លោកកឹម សុខា បានសុំឱ្យបញ្ឈប់ទម្លាប់ហៅគណបក្សសង្គ្រោះជាតិថា បក្សលេខ៧ ទៀតទៅ នាំឱ្យមានការ ភាន់ច្រឡំ ព្រោះលេខរៀងគណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ អាស្រ័យលើការចាប់លេខរៀងតាមឃុំ-សង្កាត់ នីមួយៗ ហើយមិនមែនសុទ្ធតែលេខ៧គ្រប់ឃុំ-សង្កាត់ដូចការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ទេ៕ កុលបុត្រ