ភ្នំពេញ ៖ បុរសម្នាក់ បានចោទប្រកាន់ស្រីស្នេហ៍របស់ខ្លួនលួចដេកជាមួយប្រុសផ្សេង ក៏ផ្ទុះភ្លើងប្រចណ្ឌ បានទាញដុំថ្មវាយក្បាលរបស់ នាងបែកហូរឈាមជោកខ្លួន បង្កឱ្យភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កហេតុ មានឈ្មោះសុខា អាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯស្ត្រីរងគ្រោះ ឈ្មោះលី ថាវ អាយុ៣០ឆ្នាំ មុខរបរស្ត្រីបម្រើ ការងារក្នុងហាងខារ៉ាអូខេ រងរបួសបែកក្បាល ហូរឈាមជោក។ ពួកគេទាំង២នាក់ជាគូស្នេហ៍ នឹងគ្នា រស់នៅជាមួយគ្នាក្នុងផ្ទះជួល ស្ថិតក្នុង ភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមសម្តីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹង ថា នាងនិងជនបង្កហេតុ គឺជាសង្សារ ហើយ បានមកស្នាក់នៅនិងរួមរស់ជាមួយគ្នាអស់រយៈ ពេលជាយូរមកហើយ។ ប៉ុន្តែមួយរយៈចុងក្រោយ នេះ សង្សាររបស់នាងបានកើតភ្លើងប្រចណ្ឌ ដោយចោទនាងថា ទៅដេកជាមួយប្រុសផ្សេង ក្បត់ចិត្តគេ។ លុះមកដល់ថ្ងៃកើតហេតុ ខណៈ នាងកំពុងជិះម៉ូតូឌុបចេញពីបន្ទប់ជួល សំដៅ មកហាងខារ៉ាអូខេ នៅម្តុំផ្លូវលេខ២០០៤ ស្រាប់តែលេចមុខសង្សាររបស់នាង បានជិះម៉ូតូដេញ តាមពីក្រោយទាន់ ក៏យកដុំថ្មវាយក្បាលរបស់ នាងបែកហូរឈាមជោកខ្លួន។ ស្ថិតក្នុងសភាព បែបនេះ ធ្វើឱ្យនាងផ្ទុះកំហឹងឡើង ក៏ទាញបាន ច្រវាក់វាយទៅលើប្រុសស្នេហ៍របស់នាងវិញ បណ្តាលឱ្យរងរបួសក្បាលដូចគ្នា។
ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់ពីនាងវាយ បក បណ្តាលឱ្យប្រុសស្នេហ៍របស់នាងរងរបួស វិញហើយ គេក៏ទៅកាន់មន្ទីរពេទ្យបាត់ទៅ។ រីឯរូបនាងក៏បានមកដាក់ពាក្យបណ្តឹងនៅក្នុង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែ នៅពេលទៅដល់ទីនោះ ក៏បានសាកសួរតាម ដំណើររឿងទៅ ទើបសមត្ថកិច្ចប្រាប់ថា កន្លែង កើតហេតុ ស្ថិតក្នុងទឹកដីសង្កាត់កាកាប ហើយ នាងក៏មកដាក់ពាក្យបណ្តឹងនៅទីនេះវិញ។
ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចនៅក្នុង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប ថា នាង មិនប្តឹងទាមទាររកខុសត្រូវ ឬសំណងជំងឺចិត្តអ្វី នោះទេ គ្រាន់តែប្តឹងរក្សាទុកបង្ការខ្លាចកើត មានរឿងរ៉ាវ នៅផ្ទះជួលក្នុងភូមិព្នៀត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាថ្ងៃក្រោយ។
ទោះជាយ៉ាងណា ទាក់ទិននឹងការលើក ឡើងខាងលើនេះ “នគរធំ” មិនអាចទាក់ទង សុំការបំភ្លឺពីភាគីបុរសជាគូស្នេហ៍របស់ស្ត្រីខាង លើបានឡើយ កាលពីម្សិលមិញ>