Saturday, February 1, 2025
Homeព័ត៌មានជាតិស្រី​មិន​ស្រលាញ់ កាន់​ដាវ​មក​គំរាម

ស្រី​មិន​ស្រលាញ់ កាន់​ដាវ​មក​គំរាម

ភ្នំពេញ ៖ យុវជនជាសិស្សសាលាម្នាក់ ព្រោះតែស្រលាញ់មិត្តស្រីរួមថ្នាក់ម្នាក់ខ្លាំងពេក តែទំនងជាខាងស្រីមិនស្រលាញ់តបវិញ ក៏ស្រាប់ តែបែកគំនិតកាន់ដាវទៅគំរាមសួរខាងស្រីថា ស្រឡាញ់បងអត់? បើមិនស្រឡាញ់ ប្រយ័ត្នខ្លួន ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញសាលា និង ឈានដល់ការរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនយុវជនខាងលើ កាលពី វេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវិទ្យាល័យជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវជនឈាមរាវ ដែលកាន់ដាវគំរាមស្រី ឱ្យស្រលាញ់ខ្លួន មានឈ្មោះភី លីដា អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី12C វិទ្យាល័យជម្ពូវ័ន មាន លំនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីខាងស្រី មានឈ្មោះ វង់ ឌីណា អាយុ១៨ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ ជាមួយគ្នា មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បាន ឱ្យដឹងថា យុវជនខាងលើ រៀនថ្នាក់ជាមួយនារី រងគ្រោះ ហើយមិននឹកស្មានថា យុវជនរូបនេះ លួចស្រឡាញ់នារីរងគ្រោះដែលជាមិត្តរួមថ្នាក់ដែរ។ ចំណែកនារីរងគ្រោះ គ្រាន់តែរាប់អាន យុវជនខាងលើធម្មតាៗក្នុងនាមជាមិត្តភក្តិ មិន ធ្លាប់នឹកគិត ឬចាប់អារម្មណ៍ដល់រឿងស្នេហា អូនបងអ្វីដែរ ព្រោះតែកំពុងស្ថិតក្នុងវ័យសិក្សា។

ប្រភពដដែលបន្តថា ស្រាប់តែនៅរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ យុវជនខាងលើ ប្រដាប់ដោយដាវមួយដើម បានកាន់ចូលទៅក្នុង ថ្នាក់រៀន និងបានគំរាមសួរនារីរងគ្រោះថា តើអូនស្រឡាញ់បងអត់? បើមិនស្រឡាញ់ ប្រយ័ត្នខ្លួន ទើបធ្វើឱ្យភ្ញាក់ផ្អើលដល់សិស្សក្នុង ថ្នាក់ លោកគ្រូអ្នកគ្រូ ដឹងដល់អាណាព្យាបាល ក្មេងស្រី ហើយត្រូវបានគ្រូក្នុងសាលារាយការណ៍ ប្រាប់ប៉ូលិសចុះទៅឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនដែលកាន់ ដាវទៅគំរាមសុំស្នេហាពីមិត្តភក្តិស្រីរួមថ្នាក់នេះ បានបញ្ជាក់ថា តាមពិតរូបគេមិនមានចេតនា គំរាម ព្យាបាទអ្វីលើនារីរងគ្រោះជាមិត្តរួមថ្នាក់ ឡើយ ហេតុតែមិនដឹងផ្លូវច្បាប់ឃើញគេដាក់ ដាវតាមខ្លួន គេក៏ដាក់តាមគេដែរ។ លុះមកដល់ សាលារៀន យកទៅលេងសើចជាមួយសិស្ស រួមថ្នាក់ ស្រាប់តែត្រូវគ្រូប្តឹងប៉ូលិសចាប់តែម្តង តាមពិតរូបគេគ្មានចេតនាអ្វីលើសពីនេះទេ។

យុវជនខាងលើត្រូវបាននគរបាលឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែក ជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សាកសួរ បន្តទៅតាមនីតិវិធី ដោយសារលាក់ដាវទុកនឹងខ្លួន៕

RELATED ARTICLES