ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រានិយាយទូរស័ព្ទជាមួយសង្សារដេកលក់មួយភាំងនៅលើចិញ្ចើមផ្លូវរថន្តភ្លើងត្រូវរទេះភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័មហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះមឿន ឈុន អាយុ២៨ឆ្នាំមុខរបរកម្មកររោងចក្រនិងបញ្ចូលបទភ្លេងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងខ្នារឃុំនិទានស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះអង្គុយបញ្ចូលបទភ្លេងដូចសព្វដង។លុះក្រោយមកជនរងគ្រោះទៅផឹកស្រាជាមួយមិត្តភក្ដិរួចក៏ទូរស័ព្ទនិយាយលេងជាមួយនិងសង្សារ។សង្ស័យដេកលក់មួយភាំងនូវលើចិញ្ចើមផ្លូវរថភ្លើងត្រូវរទេះភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម។បន្ទាប់មកមានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុដើរមកឃើញទើបរាយការណ៍ប្រាប់កម្លាំងនគរបាលមូលដ្ឋានចុះទៅពិនិត្យ ដោយសារសាច់ញាតិបងប្អូនជនរងគ្រោះពុំប្ដឹងផ្ដល់អ្វី ហើយសុំយកសពយកទៅធ្វើបុណ្យទើបកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរ
បាលខណ្ឌប្រគល់ទៅក្រុមគ្រួសារនៃសព។
បច្ចុប្បន្ននេះសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌប្រគល់ទៅអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
នូផាន់ណា