ខេត្តតាកែវ ៖ ក្មេងស្រី២នាក់ ជាមិត្តភក្តិនឹងគ្នាបាននាំគ្នារត់ប្រឡែងនៅក្បែរមាត់ស្រះ លុះពេលរត់ដេញចាប់គ្នាភ្លេចខ្លួន ក៏ជ្រុលធ្លាក់ ចូលទៅក្នុងទឹកស្រះទាំង២នាក់ បណ្តាលឱ្យ លង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង០៥ នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅ ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។
ក្មេងស្រីទាំង២នាក់ ដែលរត់ប្រឡែងគ្នា ធ្លាក់ចូលស្រះលង់ទឹកស្លាប់ រួមមាន ៖ ទី១–ឈ្មោះលុយ ឡុងលីតា អាយុ១២ឆ្នាំ មុខរបរ សិស្ស មានឪពុកឈ្មោះឆន ឆុន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះឡុង អឿន អាយុ២៩ឆ្នាំ មាន លំនៅក្នុងភូមិខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុក កោះអណ្តែត។ និងទី២–ឈ្មោះប៉ាល សុជា អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ហ៊ីង រង់ អាយុ៥៥ឆ្នាំ និងម្តាយឈ្មោះឌុច ថុន អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាង– លើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រី ទាំង២នាក់ បាននាំគ្នារត់លេងជាមួយគ្នានៅ ចំណុចក្បែរមាត់ស្រះកើតហេតុខាងលើ លុះ ក្រោយមក នៅពេលដែលក្មេងស្រីទាំង២នាក់ កំពុងរត់ប្រដេញគ្នាលេងភ្លេចខ្លួន ស្រាប់តែ រអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះទាំង២នាក់ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារក្មេងស្រីទាំង២នាក់ មិនចេះហែល ទឹកផង ម៉្យាងគ្មានអ្នកប្រទះឃើញទាន់ពេល វេលាផង។
ក្រោយកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បាត់កូនស្រី រកមិនឃើញ ក៏នាំគ្នាចុះរាវរកនៅក្នុងស្រះ ស្រាប់តែប្រទះ ឃើញកូនស្រីលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យ មានការតក់ស្លុតស្រែកទ្រហោយំយ៉ាងខ្លាំង។
លោកវរៈសេនីយ៍ទោ ជា សុផាត អធិការ នគរបាលស្រុកកោះអណ្តែត បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារលង់ ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹង ករណីអ្វីផ្សេងនោះទេ។
សពក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕ វណ្ណ វុធ