ខេត្តកណ្តាល ៖ ស្ត្រីជាអាជីវករលក់កាបូបម្នាក់ ត្រូវស្ត្រីម្នាក់ទៀតជាមិត្តភក្តិ ដាក់ពាក្យ ប្តឹងចោទប្រកាន់ថា បានឆបោកប្រាក់អស់ជិត ១ម៉ឺនដុល្លារ តាមរូបភាពខ្ចីប្រាក់ និងគ្រឿង អលង្ការជាបន្តបន្ទាប់ រួចក៏យកទៅបញ្ចាំអស់ និងព្យាយាមគេចវេះ រហូតទីបំផុតស្ត្រីរងគ្រោះ បានសម្រេចដាក់ពាក្យបណ្តឹង និងត្រូវកម្លាំង អាវុធហត្ថស្រុកកៀនស្វាយ ចុះឃាត់ខ្លួនតាម ដីកា កាលពីវេលាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ខណៈដែលស្ត្រីសង្ស័យកំពុងបើករថយន្តទំនើប តាមដងផ្លូវ។
ស្ត្រីសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថ ស្រុកកៀនស្វាយ ចុះចាប់ឃាត់ខ្លួននោះ មាន ឈ្មោះអៀត សារឹម អាយុ៥១ ឆ្នាំ មុខរបរ លក់កាបូប និងមានលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ចំណែកភាគីជនរងគ្រោះមានឈ្មោះសុខ សោភ័ណ្ណ ភេទស្រី អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។
កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បាន បញ្ជាក់ថា ការឃាត់ខាងលើនេះ ធ្វើឡើងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ និងតាមដីកា បង្គាប់ឱ្យឃាត់ខ្លួន។ បន្ទាប់មក កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ក៏ស្រាវជ្រាវ រហូតឈាន ដល់ការចាប់ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ខណៈ ដែលកំពុងបើករថយន្តមួយគ្រឿង ម៉ាកឡិចស៊ិស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២្ញ-៦២៤២ នៅតាមផ្លូវ។ បន្ទាប់ពីឃាត់ខ្លួនស្ត្រីសង្ស័យបញ្ជូនទៅដល់តុលាការ និងត្រូវលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរធ្វើការសាកសួររួច ក៏សម្រេចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅពន្ធនាគារតែម្តង។
លោកលាវ ស្រេង ព្រះរាជអាជ្ញាសាលា ដំបូងខេត្តកណ្តាល បានឱ្យដឹងថា ស្ត្រីខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកកៀនស្វាយ ឃាត់ ខ្លួនទៅតាមដីការបង្គាប់ឱ្យនាំខ្លួនរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត កណ្តាល ចំណែករថយន្តដែលស្ត្រីខាងលើ កំពុង ជិះនោះ ត្រូវប្រគល់ឱ្យក្រុមគ្រួសារវិញ ព្រោះ ការឃាត់ខ្លួន គឺយើងឃាត់តែជនសង្ស័យទេ ចំណែកអ្វីក្រៅពីមនុស្សដែលយើងត្រូវឃាត់ គឺ យើងមិនឃាត់នោះទេ។
តាមប្រភពពីស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីសង្ស័យត្រូវជាមិត្តភក្តិជិតដិតរបស់គាត់ ហើយធ្លាប់រកស៊ីជាមួយគ្នាទៀតផង។ មុនដំបូង ស្ត្រីសង្ស័យបានខ្ចីលុយគាត់៧០០ដុល្លារ រួចបាន ខ្ចី៨០០ដុល្លារទៀត ក្រោយមកបានខ្ចី១០០០ ដុល្លារ និងបានខ្ចីខ្សែដៃ ខ្សែក រួមនិងគ្រឿង សង្ហារិមផងដែរ សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ។ លុះក្រោយមក គាត់ត្រូវការលុយ ក៏ ទៅសួរនាំ ចង់យកមកវិញ ស្រាប់តែស្ត្រីសង្ស័យ ចេះតែដោះសារថ្ងៃនេះថ្ងៃនោះ គេចវេះមិន ព្រមសង ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹង រហូតដល់ប្រព័ន្ធតុលាការខេត្តកណ្តាល ឱ្យជួយ រកយុត្តិធម៌ ជូនពួកគាត់ ហើយអ្វីដែលគាត់ សប្បាយចិត្តនោះ គឺតុលាការបានជួយរកយុត្តិធម៌ ជូនគាត់ ដោយសម្រេចនាំខ្លួនស្ត្រីសង្ស័យ យក ទៅដាក់ពន្ធនាគារឱ្យទទួលទោសទៅតាមទង្វើ របស់គេ៕