តើអ្នកមានបញ្ហាគេងមិនលក់ ឬនៅដល់យប់ជ្រៅមែនដែរទេ? ជាការពិតណាស់ គេងមិនលក់ធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ដូចនេះ ដើម្បីឱ្យគេងលក់ស្រួល និងបានស្កប់ស្កល់ដូចពីមុនវិញ ត្រូវកែប្រែទម្លាប់មួយចំនួន ដែលអ្នកមិនបានចាប់អារម្មណ៍ ដែលជាមូលហេតុធ្វើឱ្យរំខានដំណេកដូចជា…
១-ប្រើប្រាស់ឧបករណ៍អេឡិកត្រូនិក ៖
ដូចជា មើលទូរទស្សន៍ ជាពិសេសគឺ ប្រើប្រាស់ទូរស័ព្ទដៃ ឬ iPad តែម្តង វាធ្វើឱ្យមិនងាយគេងលក់ ព្រោះតែពន្លឺដែលជះចេញពីអេក្រង់ នាំឱ្យរាងកាយស្វាងងងុយ។ ជាមួយគ្នានេះដែរ អ្នកជំនាញផ្នែកសុខភាពនៅសហរដ្ឋអាមេរិកបានឱ្យដឹងដែរថា ខណៈឈានដល់ពេលព្រលប់ ឬមុនពេលចូលគេងមួយម៉ោង អ្នកមិនគួរប្រើប្រាស់ឧបករណ៍ទាំងនេះឡើយ ដើម្បីឱ្យរាងកាយបានសម្របខ្លួន និងងងុយគេងទៀងម៉ោង គ្មានការរំខាន ទើបធ្វើឱ្យគេងលក់ស្កប់ស្កល់ពេញមួយយប់តែម្តង។
២-ផឹកភេសជ្ជៈមានជាតិកាហ្វេអីុន ៖
បើអ្នកមិនចង់គេង ឬត្រូវបំពេញការងារដល់យប់ជ្រៅ អាចពឹងលើភេសជ្ជៈប្រភេទនេះបាន។ តែបើអ្នកកំពុងតែមានបញ្ហាដំណេក វាកាន់តែធ្វើឱ្យពិបាកនឹងគេងលក់ទ្វេឡើង។ ភេសជ្ជៈប្រភេទនេះ គេនិយមផឹកនៅពេលព្រឹក ប៉ុណ្ណោះ ដើម្បីបង្កើនកម្លាំងថាមពល ធ្វើឱ្យរាងកាយស្រស់ស្រាយពេញមួយថ្ងៃ។ ពេលផឹករួច ត្រឹមតែ ១៥នាទីប៉ុណ្ណោះ អ្នកនឹងដឹងថា មានថាមពលភ្លាម តែវានឹងស្ថិតនៅក្នុងរាងកាយយូរដល់ទៅ ៦ម៉ោងឯណោះ ហើយបញ្ចោញ មកវិញតាមរយៈទឹកនោម ឬញើស។ ដូចនេះ ជាការល្អត្រូវចៀសវាងភេសជ្ជៈ ប្រភេទនេះ មុនពេលគេង។
៣-ហាត់ប្រាណ ៖
ការហាត់ប្រាណមុនគេង ក៏មានចំណែកជួយឱ្យគេងមិនលក់ដែរ ព្រោះវាដាស់រាងកាយឱ្យស្វាហាប់ទៅហើយ ពិបាកនឹងសម្របឱ្យធូរស្រាលវិញណាស់។ បើចង់ហាត់ប្រាណមុនគេង គួរហាត់ ២-៣ម៉ោងមុន ដើម្បីឱ្យរាងកាយត្រឡប់ មកមានសភាពដូចធម្មតាវិញ។ បែបនេះ ទើបគេងលក់ស្រួលតែម្តង។ មិនមែនហាត់ប្រាណចប់ ងូតទឹក ចូលគេងនោះទេ។ ជាការប្រសើរបំផុត បើក្រោកហាត់ប្រាណនៅពេលព្រឹកព្រលឹម ដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយពេញមួយថ្ងៃ មិនស្ពឹកស្រពន់ និងធ្វើការបានយ៉ាងមានប្រសិទ្ធភាព ៕