Sunday, January 19, 2025
Homeព័ត៌មានជាតិទឹកបែបណាល្អ ?

ទឹកបែបណាល្អ ?

ដោយសាររាងកាយត្រូវការជាតិទឹកជាសមាសធាតុផ្សំ ដល់ទៅ ២ភាគ៣ ក្នុងមួយថ្ងៃៗ តម្រូវឱ្យអ្នកទទួលទានទឹក ឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យប្រព័ន្ធផ្សេងៗធ្វើការបានល្អ។ ប៉ុន្តែ អ្នកខ្លះបែរជាមើលរំលងសារសំខាន់របស់ទឹក និងមិនយកចិត្តទុកដាក់ទទួលទានទឹកឡើយ ។
-ប្រយោជន៍ការទទួលទានទឹក ៖ ការទទួលទានទឹកមានប្រយោជន៍ច្រើនដូចជា ជួយឱ្យប្រព័ន្ធឈាមរត់ក្នុងរាងកាយធ្វើការបានល្អ ជួយឱ្យស្បែកមានសំណើម មានភាពភ្លឺថ្លា បន្ថយការរលាករបស់សាច់ដុំ និងសន្លាក់ផ្សេងៗ នាំឱ្យប្រព័ន្ធរំលាយអាហារ និងការបឺតស្រូបសារធាតុអាហារក្នុងរាងកាយដំណើរការបានល្អប្រសើរ។ ទឹកអាចជួយជម្រះជាតិពុលដ៏ល្អតាមធម្មជាតិ និងនៅជួយរក្សាសីតុណ្ហភាពរបស់រាងកាយផង។
-គុណសម្បត្តិនិងគុណវិបត្តិរបស់ទឹកប្រភេទផ្សេងៗ ៖ ដើម្បីជ្រើសទទួលទានទឹកបែបណាទើបល្អ អ្នកត្រូវយកចិត្តទុកដាក់ និងគិតដល់សុវត្ថិភាពចំពោះសុខភាពផង ព្រោះទឹកដែលមើលទៅបរិសុទ្ធថ្លា ស្អាត ប៉ុន្តែជួនកាលពុំមែនដូចអ្វីដែលអ្នកគិតក៏មាន។
១-ទឹកសុទ្ធក្នុងដប ៖ ភាគច្រើនតែងតែជ្រើសរើសទឹកសុទ្ធក្នុងដបប្លាស្ទិក ដោយជឿជាក់ថា មានគុណភាពល្អជាងទឹកប្រភេទផ្សេង និងងាយស្រួលរកទិញ។ ប៉ុន្តែការប្រើប្រាស់ទឹកសុទ្ធបែបនេះ ត្រូវចំណាយខ្ពស់ និងបង្កើនសំរាមដល់បរិស្ថានទៀតផង។ ក្រៅពីនេះ ការទទួលទានទឹកសុទ្ធពីដបជ័រប្លាស្ទិកយូរៗទៅ នាំឱ្យសារធាតុមិនល្អនៅក្នុងដបជ័រនោះ គឺសារធាតុស៊ីណូអេស្ត្រូចេន  (Xenoestrogen) ជ្រៀតចូលទៅក្នុងរាងកាយ ដោយមិនដឹងខ្លួន។ សារធាតុនេះ ជាសារធាតុបង្កមហារីក ច្រើនមាននៅក្នុងដបដែលធ្វើពីប្លាស្ទិក ប្រអប់ស្នោខ្លាំង។ សារធាតុនេះ នឹងចេញមក ពេលមានការប៉ះទង្គិច កកិត ឬត្រូវកម្តៅខ្លាំង។
២-ទឹកម៉ាស៊ីន ៖ ចំណុចល្អរបស់ការទទួលទានទឹកម៉ាស៊ីន គឺមានភាពងាយស្រួល និងជួយសន្សំសំចៃប្រាក់កាសបានច្រើន បើធៀបនឹងការទិញទឹកសុទ្ធ។ តែចំណុចមិនល្អនៅត្រង់អាចមានក្លិនក្លរីន ដែលគេប្រើសម្រាប់សម្លាប់មេរោគក្នុងទឹក។ ក្រៅពីបញ្ហាក្លិនក្លរីន អ្នកប្រើប្រាស់អាចមិនជឿជាក់លើគុណភាពទឹកថា អាចមានការលាយឡំនឹងសារធាតុអ្វីផ្សេង ដែលបង្កឱ្យកើតជំងឺផ្សេងៗដូចជា អាលុយមីញ៉ូម និងហ្លរអូរ៉ៃដ៍ ដែលដាក់បន្ថែមនៅក្នុងទឹក។ ការស្រាវជ្រាវបានឱ្យដឹងថា បើទទួលសារធាតុអាលុយមីញ៉ូមក្នុងបរិមាណច្រើន និងរយៈពេលយូរ អាចប្រឈមនឹងការកើតជំងឺវង្វេងវង្វាន់ស្មារតី (Alzheimers)។ ទោះជាយ៉ាងណាក្តី ខាងអង្គភាពផលិតទឹកម៉ាស៊ីន បានអះអាងថា ជាតិអាលុយមីញ៉ូមដែលមាននៅក្នុងទឹកម៉ាស៊ីននោះ ពុំមានបរិមាណច្រើន រហូតបង្កឱ្យកើតជាជំងឺនោះទេ។ ចំណែកការកើតជំងឺវង្វេងវង្វាន់ ក៏មកពីកត្តាជាច្រើនដែរ ដូចជា តំណពូជ និងរបៀបនៃការប្រើប្រាស់ជីវិត។ ដូចនេះ ការទទួលទានទឹកម៉ាស៊ីន មិនគួរជះឥទ្ធិពលធ្វើឱ្យកើតជំងឺទាំងនោះទេ។
៣-ទឹកដាំពុះ ៖ ជាជម្រើសមួយសម្រាប់អ្នកស្រឡាញ់សុខភាព ភាគច្រើនយកទឹកម៉ាស៊ីនមកដាំពុះទៀត មុននឹងទទួលទាន ដើម្បីឱ្យច្បាស់ក្នុងចិត្តថា ទឹកដែលខ្លួនបរិភោគទៅនោះ មានភាពស្អាត និងល្អចំពោះសុខភាពមែន។ ទោះជាយ៉ាងណាក្តី ការដាំពុះនោះ អាចជួយក្នុងការសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលឋិតនៅក្នុងទឹកប៉ុណ្ណោះ។ ប៉ុន្តែ មិនអាចកម្ចាត់សារធាតុពុលខ្លះ ដែលរលាយក្នុងទឹកបានទេ។ មិនត្រឹមតែប៉ុណ្ណោះ ការដាំលើភ្លើង អាចកាន់តែធ្វើឱ្យសារធាតុទាំងនោះ មានកំហាប់កាន់តែខ្ពស់។ អ្នកខ្លះប្រើកំសៀវដោតខ្សែភ្លើងចោលរហូត គឺដាំទឹកម្តងហើយម្តងទៀត មិនឈប់ឈរ ទឹកកាន់តែហួតចេញបន្សល់ទុកនូវពពួកលោហៈធ្ងន់ ដូចជា ថ្មកំបោរ ច្រែះដែក ជាដើម។ ដូច្នេះ ការទទួលទានទឹកដាំ អាចមិនល្អចំពោះសុខភាព ដូចដែលអ្នកគិតនោះទេ។
៤-ទឹករ៉ែ ៖ ជាទឹកដែលឆ្លងកាត់ការច្រោះតាមធម្មជាតិ ជាទឹកដែល ជ្រាបចូលទៅក្នុងដីយ៉ាងយឺតៗ ទើបមានជាតិរ៉ែ ដែលមានប្រយោជន៍ ចំពោះរាងកាយច្រើន ដូចជា ជាតិកាល់ស្យូម សូដ្យូម ហ្លរអូរ៉ៃដ៍ ស្ពាន់ធ័រ ជាដើម។ ទោះជាការទទួលទានទឹករ៉ែ មានប្រយោជន៍ច្រើនចំពោះរាងកាយក្តី ប៉ុន្តែបើទទួលទានក្នុងរយៈពេលយូរ សារធាតុរ៉ែខ្លះ នឹងប្រែមូលផ្តុំនៅក្នុងរាងកាយច្រើន។
ជាតិរ៉ែខ្លះ មានគុណសម្បត្តិជួយបន្ថយអាការជំងឺបានល្អ ដូចជា ទឹករ៉ែស្ពាន់ធ័រ ជួយជំរុញយន្តការរបស់ពោះវៀន សមស្របចំពោះអ្នកទល់លាមករ៉ាំរ៉ៃ។ ទឹករ៉ែស៊ុលហ្វាតកាបូណាត ប្រើព្យាបាលអាការថង់ទឹកប្រមាត់ខុសប្រក្រតី និងរ៉ែស៊ុលហ្វឺរ៍ និងកាបូណាត ប្រើក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ជួយបន្ថយកម្រិតជាតិស្ករ និងអាការស្រេក ទឹក។ ដូច្នេះ សម្រាប់អ្នកដែលមានសុខភាពល្អស្រាប់ហើយ ការទទួលទានទឹករ៉ែ គឺលើសពីតម្រូវការចាំបាច់របស់រាងកាយហើយ ៕

RELATED ARTICLES