Friday, January 31, 2025
Homeព័ត៌មានជាតិបើក​រថយន្ត​បុក​រះ​ម៉ូតូ២​គ្រឿង​ស្លាប់​ម្នាក់ រ​បួស​២​នាក់

បើក​រថយន្ត​បុក​រះ​ម៉ូតូ២​គ្រឿង​ស្លាប់​ម្នាក់ រ​បួស​២​នាក់

បុរសម្នាក់ត្រូវរថយន្តបុកនិងកិនអូសតាមរថយន្តប្រមាណមួយគីឡូម៉ែត្រស្លាប់ភ្លាមៗយ៉ាងអណោចអធមនៅនឹងកន្លែង ប្រពន្ធរងរបួសយ៉ាងដំណំ ចំណែកបុរសផ្សេងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុករះម៉ូតូ​២គ្រឿង ​កាលពីម៉ោង៩និង៣០នាទីយប់ថ្ងៃទី០១ ខែមេសា នៅចំណុចខាងលិចមន្ទីរពេទ្យចោមចៅលើកំណាត់ផ្លូវជាតិលេខ០៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សពមានឈ្មោះសុខ ភារ័ក អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះសុខ ហីម អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិចំរះ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកបុរសម្នាក់ទៀតដែលរងរបួសធ្ងន់​មានឈ្មោះ យ៉ាន យ៉ា អាយុ៣៥ឆ្នាំ មុខរបរកម្មករស្នាក់នៅ​ឃុំព្រែករការ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានប្រាប់ថា មុនកើតហេតុប្តីប្រពន្ធខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រីម ​សេរី២០១៥ ពណ៌ខ្មៅ ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តបង្កម៉ាក វីស្តូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P-5691 បើកបរបញ្ច្រាស់ទិសគ្នា បានបុកចំពីមុខពេញទំហឹង បណ្តាលអោយម៉ូតូនិងស្ត្រីជា​ប្រពន្ធអង្គុយខាងក្រោយខ្ទាតចេញទៅម្ខាងរងរបួសយ៉ាងដំណំ ចំណែកប្តីជាអ្នកបើកម៉ូតូបុក​អូសជាប់រថយន្តប្រមាណមួយគីឡូម៉ែត្រទើបខ្ទាតចេញពីរថយន្តបែកក្បាលស្លាប់​បាត់ទៅហើយ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីរបូតមនុស្សចេញពីរថយន្តហើយរថយន្តបង្កនៅតែព្យាយាមបើករត់ទៅមុខទៀតរហូតទៅបុកបុរសម្នាក់ទៀតដែលកំពុងជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ បានបុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់ ម៉ូតូខ្ទេចមួយកំណាត់ខាងក្រោយ ​ហើយរថយន្តបង្កនៅតែព្យាយាមបើករត់រហូតដល់មុខផ្សារជម្ពូវ័ន្តទើបអ្នកបើករថយន្តចុះពីលើរថយន្តរត់គេចខ្លួនបាត់ ធ្វើឲ្យអ្នកឃើញហេតុការណ៍បាននាំគ្នាបញ្ចេញកំហឹងទៅលើ​រថយន្តបង្កខូចខាតស្ទើរទាំងស្រុង ។

ក្រោយកើតហេតុសពបានប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យនៅស្រុកកំណើត ដោយឡែករថយន្តបង្កនិងម៉ូតូចំនួន២គ្រឿងត្រូវបានការិយាល័យចរាចរណ៍ជើងគោកចុះវាស់វែងនិងយកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ៕

RELATED ARTICLES