Sunday, January 19, 2025
Homeព័ត៌មានជាតិសារធាតុអាហារ​ដើម្បីបេះដូងរឹងមាំ

សារធាតុអាហារ​ដើម្បីបេះដូងរឹងមាំ

សមាគម​គ្រូពេទ្យជំងឺបេះដូងនៃសហរដ្ឋអាមេរិក (American Heart Association) បានណែនាំអំពីការបរិភោគអាហារ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺបេះដូង។

ពិសាអាហារដើម្បីបន្ថយការកើតជំងឺបេះដូង

គួរពិសាត្រីយ៉ាងហោចមួយសប្តាហ៍១-២ដង ៖ ជាប្រភេទត្រីដែលមានជាតិអាស៊ីដខ្លាញ់ចាំបាច់ខ្ពស់ ដូចជា ត្រី សណ្តាយ ត្រីប្លាធូ ត្រីសាលម៉ន ជាដើម ព្រោះត្រីទាំងនេះ មានជាតិអាស៊ីដខ្លាញ់អូមេហ្គា-៣ អាចបង្ការជំងឺបេះដូង និងជំងឺសរសៃឈាម។ បច្ចុប្បន្ន ការសិក្សាបានរកឃើញថា អូមេហ្គា-៣ អាចបន្ថយកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ ក្នុងឈាម ជួយរក្សាចង្វាក់បេះដូងឱ្យឋិតក្នុងសភាពប្រក្រតី និងមានប្រសិទ្ធភាពប្រឆាំងការរលាក។ បើរាងកាយ បានទទួលអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាបន្តបន្ទាប់ជាប់លាប់ នឹងអាចជួយបន្ថយឱកាសកើតកំណកឈាមស្ទះសរសៃឈាម ដែលជាមូលហេតុនៃជំងឺបេះដូង ខ្វះឈាម បានទៀតផង។
បន្ថយការពិសាជាតិខ្លាញ់ឆ្អែត ៖ ដូចជា ខ្លាញ់ឆ្អែតពីទឹកដោះគោ ប៊័រ សាច់សត្វ ខ្ទិះ ប្រេងដូង ៘ មិនឱ្យលើសពី ១០% នៃថាមពលដែលបានទទួលក្នុងមួយថ្ងៃ និងចៀសវាងការពិសាជាតិខ្លាញ់មិនឆ្អែត (Trans) ដែលមាននៅក្នុងប៊័រកែច្នៃ ប៊័រពណ៌ស ប្រេងបំពងច្រើនដង អាហារទាន់ចិត្ត (Fast Food) ពពួកនំប៉័ង ជាដើម និងចៀសវាងពិសាភេសជ្ជៈផ្អែមៗ និងភេសជ្ជៈលាយជាតិស្រវឹង។
គួរពិសាបន្លែ ផ្លែឈើ និងធញ្ញជាតិជាប្រចាំរាល់ថ្ងៃ ៖ ដោយពិសាបន្លែយ៉ាងតិចមួយថ្ងៃ២០០ក្រាម ផ្លែឈើ២០០ក្រាម និងកាកសរសៃអាហារពីធញ្ញជាតិ៣០-៤៥ក្រាម។
ការប្រើផលិតផលអាហារបំប៉ន
បច្ចុប្បន្ន ការប្រើប្រាស់ផលិតផលអាហារបំប៉នក្នុងការថែទាំសុខភាព ជាជម្រើសមួយដែលមានការចាប់អារម្មណ៍ខ្លាំង។ ផលិតផលអាហារបំប៉នជាច្រើនប្រភេទ ការសិក្សាបានអះអាងថា ល្អចំពោះបេះដូង ដូចជា ខ្លាញ់ត្រី សារធាតុចម្រាញ់ពីរុក្ខជាតិ និងកូអង់ហ្ស៊ីម Q-10។
ខ្លាញ់ត្រី ៖ សម្បូរដោយអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាខ្លាញ់ប្រភេទល្អ បែងចែកជា២ប្រភេទគឺ អ៊ីភីអេ (EPA) ជួយបេះដូង និងឌីអេចអេ (DHA) ជួយប្រព័ន្ធប្រសាទនិងខួរក្បាល។ ដូច្នេះ មុននឹងជ្រើសទិញខ្លាញ់ត្រី ត្រូវដឹងថា ចង់បំប៉នផ្នែកណា ? បើចង់បំប៉នបេះដូង គួរជ្រើសយកខ្លាញ់ត្រី ដែលមានកម្រិតអ៊ីភីអេខ្ពស់ តែបើចង់បំប៉នសរសៃប្រសាទ និងខួរក្បាល គួរជ្រើសយកខ្លាញ់ត្រី ដែលមានកម្រិតឌីអេចអេខ្ពស់។

សារធាតុចម្រាញ់ពីធញ្ញជាតិ (Plant Sterols) ៖ សារធាតុចម្រាញ់ចេញពីធញ្ញជាតិប្រភេទផ្សេងៗ តាមការសិក្សាបានរកឃើញថា អាចបន្ថយកម្រិតជាតិខ្លាញ់ប្រភេទមិនល្អ (LDL) កូលេស្តេរ៉ូលបាន ១០-១៥% និងជួយទប់ស្កាត់ការបឺតស្រូបជាតិខ្លាញ់កូលេស្តេរ៉ូលក្នុងអាហារ មិនឱ្យចូលទៅក្នុងចរន្តឈាមច្រើនពេក។

កូអង់ហ្ស៊ីម Q-10 ៖ ជាសារធាតុអាហារដែលមាននៅក្នុងរាងកាយមនុស្សតាំងពីកើត និងមានច្រើនបំផុតនៅអំឡុងអាយុ២០ឆ្នាំ។ បន្ទាប់ពីនោះ បរិមាណរបស់កូអង់ហ្ស៊ីម Q-10 ក្នុងរាងកាយ នឹងថយចុះទៅតាមអាយុដែលកើនឡើង ទើបធ្វើឱ្យមានអារម្មណ៍ឆាប់ហត់នឿយ។ ការបំប៉នដោយកូអង់ហ្ស៊ីម Q-10 នឹងជួយឱ្យមានការកន្ត្រាក់របស់បេះដូងប្រសើរឡើង ចរន្តឈាមនឹងទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយបានល្អជាងមុន​ ៕

RELATED ARTICLES