នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មហាវិថីសម្រេចតេជោ ហ៊ុន សែន” ស្ថិតនៅបឹងទំពុន ដែលមានប្រវែងសរុប ៩.១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ១៥ម៉ែត្រ សងខាងសរុប៦០ម៉ែត្រ។ មហាវិធីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែគកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានប្រកាសថា សម្តេចនឹងទៅរាំបទចម្រៀង “ឆ្កែរត់បុកប៉ោត” របស់អ្នកនាងពេជ្រ សោភា នៅអង្គរសង្ក្រាន្ត ក្នុងទឹកដីអច្ឆរិយសៀមរាប ចំថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាត់ខ្មែរ តែម្តង។
ទស្សនិកជនបាននិយាយថា ពេជ្រ សោភា នឹងបានរីកមុខមាត់ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីសម្តេចហ៊ុន សែន បានប្រកាសរាំបទ “ឆ្កែរត់បុកប៉ោត” នេះ ដោយក្នុងឆ្នាំ២០១៦ សម្តេចក៏បានរាំបទ “ញីកែងជើង” របស់ងួន ចាន់ដេវីត ដែលពេជ្រ សោភា ជាអ្នករ៉េប ធ្វើឲ្យតារាចម្រៀងទាំងពីរនេះឡើងកូដកាន់តែខ្លាំងផងដែរ៕