Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា សុំ​អ្នក​ដឹក​នាំ​នយោ​បាយ សប្បាយ​ជួប​ជុំ​គ្រួសារ គិត​ដល់​អ្នក​ជាប់​ឃុំ​ផង

លោកកឹម សុខា សុំ​អ្នក​ដឹក​នាំ​នយោ​បាយ សប្បាយ​ជួប​ជុំ​គ្រួសារ គិត​ដល់​អ្នក​ជាប់​ឃុំ​ផង

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតជិតមកដល់ នាពេលខាងមុខនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានអំពាវនាវសុំឱ្យអ្នកដឹកនាំនយោបាយខ្មែរដែលទទួលបានសេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារនោះ គួរគិត ថា អ្នកដទៃក៏ប្រាថ្នាចង់បានការជួបជុំក្រុមគ្រួសារ ប្តីប្រពន្ធកូនដូចគ្នាដែរ ដូច្នេះសូមមេត្តា អត់ឱនឱ្យគ្នាបានជួបជុំគ្រួសារវិញផង។

ការលើកឡើងរបស់លោកកឹម សុខា ខាង លើនេះ គឺមានន័យសំដៅដល់សកម្មជនគណ- បក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅពន្ធនាគារ នោះឯង ដែលលោកចង់ឱ្យមានការដោះលែង ឱ្យមានសេរីភាពជួបជុំប្តីប្រពន្ធកូនវិញ នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

លោកកឹម សុខា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែមេសាឆ្នាំ ២០១៧ ថា “ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ជិតចូលមកដល់នេះ ចូរអ្នកទាំងអស់ គ្នាគិតផងថា ឱកាសដែលអ្នកទទួលបាននូវ សេចក្តីសុខសប្បាយ ជួបជុំក្រុមគ្រួសារ ប្រពន្ធ កូនចៅ គ្មានអ្នកណារំលោភបំពាននោះ អ្នកដទៃក៏ប្រាថ្នាចង់បានដូចគ្នាដែរ។

ដូច្នេះ ខ្ញុំសុំឱ្យខ្មែរគ្រប់រូបមេត្តាអត់ឱន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសអ្នក- ដឹកនាំ ជាអ្នកនយោបាយ ក៏ដូចជាអ្នកបើកបរ ផងដែរ។ នេះជាកុសលផលបុណ្យដ៏ធំធេងណាស់ បើលោកអ្នកអាចធ្វើបានក្នុងឱកាសនេះ។ ខ្ញុំក៏ ចូលរួម និងសាទរនូវគុណធម៌នេះ”។

មជ្ឈដ្ឋានអ្នកវិភាគ និងអ្នកតាមដានសង្គម ចាត់ទុកថា សារអំពាវនាវខ្លីរបស់លោកកឹម សុខា ខាងលើនេះ ក្នុងន័យចង់ឱ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំង ដែលអ្នកជាប់ឃុំ ឱ្យបានមកជួបជុំក្រុមគ្រួសារក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនេះវិញ។

អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគ លោកបណ្ឌិតមាស នី បានមានលើកឡើងថា ទោះបីក្នុងសារអំពាវនាវនោះ លោកកឹម សុខា មិនបានបញ្ជាក់ចំប្រធានបទ តែជាការបង្ហាញ ច្បាស់ហើយថា ក្នុងនាមជាមេដឹកនាំកំពូលបក្ស ប្រឆាំង លោកកឹម សុខា ពិតជាមានបំណង ចង់ឱ្យមានការដោះលែងសកម្មជនអ្នកជាប់ឃុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីឱ្យពួកគេ បានជួបជុំក្រុមគ្រួសារវិញ។

លោបណ្ឌិតមាស នី មានប្រសាសន៍ថា “តាមពិតទៅ នៅក្នុងឱកាសបុណ្យទានម្តងៗ ជាពិសេសបុណ្យជាតិ គឺតែងតែមានការដោះ- លែង ឬការបន្ធូរបន្ថយទោស។ អ៊ីចឹងនៅក្នុង ហ្នឹង វាមិនមានភាសាអីចម្លែកទេ វាគ្រាន់តែ ជាផ្នែកមួយដែលដាស់តឿនទៅរដ្ឋាភិបាល ដើម្បីពិចារណាទៅវិញ ទៅលើថា តើក្នុងពិធី បុណ្យម្តងៗ អ្នកដែលមានជាប់ពិរុទ្ធអី ដែលមិន មែនជារឿងធ្ងន់ធ្ងរនោះ គួរតែមានការអធ្យា- ស្រ័យគ្នា ដើម្បីឈានទៅរកការផ្សះផ្សាជាតិ។ ខ្ញុំគិតថា រដ្ឋាភិបាល ក៏គួរពិចារណាដែរ ទៅលើ រឿងអស់ហ្នឹង បើសិនជាម្នាក់ៗមានសុច្ឆន្ទៈ ក្នុងការបង្រួបបង្រួមជាតិ ហើយឈានទៅរក ការឯកភាពជាតិ គួរតែមានដំណោះស្រាយទៅ លើរឿងអស់ហ្នឹងដែរ។ បានន័យថា រដ្ឋាភិបាល គួរតែពិចារណាទៅ ព្រោះរៀងរាល់ឆ្នាំ នៅពេល បុណ្យចូលឆ្នាំថ្មី ក៏មានការដោះលែងអ្នកទោស រាប់រយនាក់ដែរ ហើយឆ្នាំនេះ ខ្ញុំអត់ទាន់មាន ឮសូរប្រកាសយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំរំពឹងថា សម្រាប់ អ្នកដែលជាប់ពិរុទ្ធក្នុងរឿងសិទ្ធិមនុស្ស ឬគណបក្សប្រឆាំង គួរតែមានដំណោះស្រាយណាមួយ ដែលអាចធ្វើការដោះលែងនៅក្នុងអំឡុងមុន ចូលឆ្នាំហ្នឹង។ ដូច្នេះខ្ញុំមិនមានប្រតិកម្មអីនឹង លោកកឹម សុខា ទេ ព្រោះនេះជាសារធម្មតា ដែលក្នុងគណបក្សនីមួយៗ មិនមានអ្នកណាចង់ ឱ្យសមាជិកឬក៏មន្ត្រីរបស់ខ្លួនជាប់នៅក្នុងមន្ទីរឃុំឃាំង នៅពេលដែលមានបុណ្យទានអ៊ីចឹង ចេះតែចង់ឱ្យដោះលែងហើយ ដោយសារបើ មិនបានអំពាវនាវ អ៊ីចឹងវាដូចជាមិនបានគិតគូរ អំពីមន្ត្រីរបស់ខ្លួនដែរ។ គ្រាន់ថារឿងនេះ ជា រឿងរសើបអ៊ីចឹងមិនហ៊ាននិយាយអីឱ្យចំៗតែ ម្តងទេ”។

អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម លោកម៉ៅ មុនីវណ្ណ បាន បញ្ជាក់ថា លោកគាំទ្រចំពោះសារអំពាវនាវ របស់លោកកឹម សុខា ហើយយល់ស្របនឹងការ យល់ឃើញរបស់មជ្ឈដ្ឋានតាមដានសង្គមដែរ ព្រោះឱកាសបុណ្យចូលឆ្នាំថ្មីនេះ គួរតែជាក្តី រីករាយសម្រាប់ការជួបជុំគ្នា រវាងក្រុមគ្រួសារ និងអ្នកជាប់ឃុំ។ ដូច្នេះក្នុងនាមជាអ្នកនយោបាយម្នាក់ លោកសំណូមពរទៅដល់អ្នកនយោបាយកំពូល នៃគណបក្សទាំង២ ធ្វើយ៉ាងណា តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយដោះស្រាយរវាងខ្មែរនិងខ្មែរ ឱ្យបានជោគជ័យ។

លោម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា “បាទ! ជាប្រពៃណីរបស់ខ្មែរយើង តែកាលណា បុណ្យចូលឆ្នាំអ៊ីចឹង គឺយើងតែងតែទៅជួបជុំ ក្រុមគ្រួសារហើយ យ៉ាងណាមិញ គឺក្រុមគ្រួសារ ខ្មែរទាំងអស់ រួមទាំងអ្នកទោសដែរ ពិសេស បងប្អូនដែលនៅក្នុងពន្ធនាគារហ្នឹង វាជាការពិត ហើយ គឺយើងត្រូវតែក្នុងគោលជំហរមួយអាច រវាងខ្មែរនិងខ្មែរ យើងត្រូវតែជជែកគ្នា ហើយ ត្រូវតែមានការលើកលែង បន្ធូរបន្ថយ អាហ្នឹង ជាវប្បធម៌ ជាប្រពៃណីរបស់ខ្មែរយើងហើយ។ រវាងមេដឹកនាំនយោបាយ ដើម្បីការបង្រួបបង្រួមជាតិ ដោះស្រាយបញ្ហាជាតិ យើងគួរតែ ពិចារណា ជជែកគ្នារកច្រកចេញមួយ ដើម្បី បន្ធូរបន្ថយដល់សកម្មជននយោបាយដែលនៅ ក្នុងពន្ធនាគារ។ ជំហរគណបក្ស យើងចង់ឱ្យតែ មានការជជែកគ្នា សម្រួលបរិយាកាសនយោ-បាយ ឱ្យវាមកប្រក្រតីឡើងវិញ”។

ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរដ្ឋា- ភិបាល លោកឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ថា ការលើកឡេងិរបស់លោកកឹម សុខា ខាងលើ នេះ គ្រាន់តែជាភាសាបោកប្រាស់ប៉ុណ្ណោះ។

លោកឈឹម ផលវរុណ មានប្រសាសន៍ថា “ចំណុចនេះ គួរឱ្យប្រជាពលរដ្ឋ សួរទៅលោក កឹម សុខា វិញថា នៅអាមេរិក ដែលជាប្រទេស ដែលលោកកឹម សុខា ចាត់ទុកជាចៅហ្វាយនាយរបស់គាត់នោះ ជាប្រទេសគ្រូបិតាប្រជាធិបតេយ្យរបស់គាត់ហ្នឹងថា នៅអាមេរិក ពេល ចូលឆ្នាំសកលម្តងៗ ហើយនិងពេលបុណ្យជាតិ ធំៗរបស់អាមេរិក តើប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក មានពន្លែងអ្នកជាប់ទោសនៅពន្ធនាគារ ឱ្យចេញពីពន្ធនាគារ ដើម្បីមកជួបជុំក្រុមគ្រួសារ ដែរឬអត់? ចម្លើយរបស់ខ្ញុំមានតែប៉ុណ្ណឹងទេ បើ លោកកឹម សុខា ចង់យកអាមេរិកជាគំរូ ប្រាប់ មក តើនៅរបៀបម៉េច? ឯនៅកម្ពុជារៀងរាល់ ឆ្នាំ មានពិធីធំៗ គឺយើងតែងតែមានការស្នើព្រះ- រាជក្រឹត្យសម្រាលនិងលើកលែងទោស តែ យើងមិនអាចពន្លែងអ្នកទោស និងអ្នកជាប់ឃុំ នៅពន្ធនាគារ ឱ្យមានសេរីភាពបានទេ ព្រោះ ពាក់ព័ន្ធនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។ ការពិតអ្នកជាប់ទោសនៅពន្ធនាគារ ក៏ដូចអ្នក ជាប់ឃុំនៅក្នុងពន្ធនាគារ យើងពុំបានគតិទៅ លើពណ៌សម្បុរនយោបាយទេ គឺយើងគិតទៅ លើតើជននោះមូលហេតុអីបានជាប់ឃុំបណ្តោះ- អាសន្ន ឬក៏ជាប់ទោសក្នុងនាមជាទណ្ឌិត? គឺ យើងផ្អែកទៅលើច្បាប់ជាមូលដ្ឋាន ហើយនិង អំពើប្រព្រឹត្តបទល្មើសរបស់ជនទាំងនោះ ដោយ មិនគិតទៅលើពណ៌សម្បុរនយោបាយទេ។ ឯ រឿងអ្នកទាំងនោះជានិន្នាការនយោបាយណាក៏ ដោយ វាជារឿងធម្មជាតិនៃការគាំទ្រសេរីភាព នយោបាយទេ តែមិនមែនជាហេតុផលនៃការ ធ្វើឱ្យពួកគាត់នៅក្នុងពន្ធនាគារទេ។ ការដែល គាត់នៅក្នុងពន្ធនាគារ គឺជាហេតុផលនៃការ ប្រព្រឹត្តបទល្មើសនឹងច្បាប់។ ភាសារបស់លោក កឹម សុខា យើងអាចសួរទៅលោកកឹម សុខា ខ្លួនឯង ការដែលគាត់ធ្វើជាប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា តើលោកកឹម សុខា មាន ការអាណិតអាសូរដល់មន្ត្រីបុគ្គលិកនៅក្នុង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែរឬទេ ដែល គាត់បានកាត់ប្រាក់ខែ និងកាត់របបលុយនានា របស់មន្ត្រីបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីគាត់យកលុយហ្នឹងមកបម្រើផលប្រយោជន៍ ក្រុមគ្រួសារ និងផលប្រយោជន៍ខ្លួនគាត់នោះ តើគាត់មានការអាណិតអាសូរគេទេ? ហើយ រហូតដល់គេស្នើសុំឱ្យមានការដំឡើងប្រាក់ខែ ស្រាប់តែលោកកឹម សុខា ចាត់ទុកថា អ្នកទាំង នោះ ជាខ្មាំងស៊ីរូងផ្ទៃក្នុងបង្កប់នៅមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា តើចរិតនេះ លោកកឹម សុខា មានបាននឹកឃើញទេ ឬក៏ភ្លេចទៅហើយ?”។

លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា “រឿងភាសារបស់លោកកឹម សុខា គឺគ្មាន ន័យអ្វីបន្តិចទាល់តែសោះ ចំពោះភាពបរិសុទ្ធ និងសុចរិត គឺគ្រាន់តែជាការបោកប្រាស់ និងឆបោក ប្រជាពលរដ្ឋ ដើម្បីកេងចំណេញទេ។ បើសិន ជាយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ ពិតជាមាន សន្តានសុចរិតក្នុងការចូលរួមសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ គឺយើងត្រូវនាំគ្នារីករាយជាមួយនឹងការ លើកស្ទួយសតិសម្បជញ្ញៃៈនការគោរពច្បាប់ នោះការគោរពច្បាប់នេះហើយដែលធ្វើឱ្យយើង ជួបនូវសុខដុមរមនា ជួបនូវសេចក្តីសុខក្សេមក្សាន្ត ហើយធានាបានូវស្ថិរភាព និងសន្តិភាព។ អ៊ីចឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ គឺទាំងប្រជាពលរដ្ឋរស់នៅជួបជុំគ្រួសារ ក៏ដូចប្រជាពលរដ្ឋ ដែលរស់នៅក្នុងពន្ធនាគារ ក្នុងនាមជាទណ្ឌិត ក៏ដូចជាពលរដ្ឋរស់នៅក្នុងពន្ធនាគារក្នុងនាម ជាការឃុំខ្លួនបណ្តោះអាសន្ន ក៏ត្រូវចាប់ផ្តើម កែខ្លួន ទទួលស្គាល់កំហុស ហើយនិងតាំងចិត្ត រៀនសូត្រ កែលម្អអំពីសតិសម្បជញ្ញៈ ដើម្បី សេចក្តីសុខក្សេមក្សាន្តទាំងអស់គ្នា ហើយជា-មួយគ្នានោះ គឺក្នុងឱកាសចូលឆ្នាំថ្មីនេះ ចំពោះ ក្រុមគ្រួសារទណ្ឌិត ក៏ដូចជាអ្នកនៅឃុំខ្លួននៅ ឯពន្ធនាគារ ក៏អាចមានសិទ្ធិមកលេងប្តី ឬប្រពន្ធ ឬសមាជិកញាតិរបស់ខ្លួនដែលកំពុងនៅពន្ធនាគារ ដើម្បីដាស់សតិអំពីអំពើល្មើសនឹងច្បាប់ វានាំឱ្យ ជួបនូវភាពសៅហ្មងហ្នឹងឯង មិនមែនជាកំហុស របស់អ្នកណាទេ ជាកំហុសខ្លួនឯង ដែលម្នាក់ៗ ត្រូវវិលមករកការគោរពច្បាប់វិញ នៅពេល ដែលខ្លួនរួចទោស ហើយនិងនៅក្នុងអំឡុងនៅ ក្នុងពន្ធនាគារ ត្រូវរៀនសូត្រកែលម្អខ្លួន ក្រែង- លោអាចទទួលបាននូវការសម្រាលទោស ក៏ ដូចលើកលែងទោសពីព្រះមហាក្សត្ររបស់ យើង”៕ កុលបុត្រ

RELATED ARTICLES