ភ្នំពេញ ៖ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បាននិយាយដូចគ្នាថា សណ្ឋាគារតូចៗមួយចំនួននៅខេត្តសៀមរាប និងក្រុងភ្នំពេញបានបិទទ្វារជាបណ្តើរៗ ដោយសារការធ្លាក់ចុះចំនួនភ្ញៀវទេសចរណ៍មកកាន់ប្រទេសនេះ។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ពិតជាមានសណ្ឋាគារមួយចំនួនបានបិទទ្វារ ដោយសារការមកដល់របស់ភ្ញៀវទេសចរណ៍ មានសភាពយឺតជាងឆ្នាំមុន ពិសេសនៅខេត្តសៀមរាបចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំង។លោកបន្តថា វិស័យនេះកំពុងមានការប្រកួតប្រជែងគ្នាខ្លាំង តាមរយៈការលក់បញ្ចុះតំលៃបន្ទប់សណ្ឋាគារ ដើម្បី ទទួលបានភ្ញៀវ ជាការប្រកួតប្រជែងមួយដែលគ្មានយុត្តិធ៌មក្នុងវិស័យនេះ។
លោកបន្តថា “សណ្ឋាគារដែលបានបិទទាំងនោះ ជាសណ្ឋាគារដែលអ្នកវិនិយោគធ្វើឡើងដោយគ្មានវិជ្ជាជីវៈ ប៉ុន្តែសណ្ឋាគារដែលមានអ្នកវិនិយោគមានកម្រិតវិជ្ជាជីវៈត្រឹមត្រូវមិនបញ្ហានោះទេ”។លោកបន្តថា “ស្ថានភាពនេះមិនមានសញ្ញាគួរឲ្យព្រួយបារម្ភខ្លាំងនោះទេ”។
លោកឌិន សុមេធារិទ្ឋប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា សណ្ឋាគារមួយចំនួនកំពុងប្រឈមនឹងបញ្ហា ហើយសណ្ឋាគារតូចៗមួយចំនួនបានបិទទ្វារ ដោយសារតែចំនួនសណ្ឋាគារកើនឡើងច្រើន ពិសេសរដូវមានភ្ញៀវទេសចរណ៍មកដល់តិច ឬ low seasonចំនួនអត្រាប្រើប្រាស់បន្ទប់សណ្ឋាគារមានអត្រាគ្របដណ្តប់ទាបមែនទែន ប៉ុន្តែនៅរដូវHigh Seasonវិញ រកបន្ទប់សម្រាប់ភ្ញៀវស្ទើរមិនបាន ពិសេសក្នុងខេត្តសៀមរាប។លោកបន្តថា រយៈពេល៦ខែដើមឆ្នាំនេះ វិស័យសណ្ឋា គារមានសភាពស្ងប់ស្ងាត់ខ្លាំង ដែលបានធ្វើឲ្យមានការប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា តាមរយៈការបញ្ចុះតំលៃបន្ទប់យ៉ាងច្រើនពីម្ចាស់សណ្ឋាគារនិមួយៗ។
លោកបន្តថា“ការប្រកួតប្រជែងគ្នាក្នុងវិស័យនេះមិនមានសមភាពនោះទេ ។ការប្រកួតប្រជែងបែបនេះ បានធ្វើឲ្យវិស័យសណ្ឋាគារប្រឈមមុខនឹងបញ្ហាច្រើន”។
សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍លោកលូ ម៉េងបានថ្លែងទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរណ៍មកដល់ខេត្តសៀមរាបបានធ្លាក់ចុះច្រើន ដែលធ្វើឲ្យអត្រាគ្របដណ្តប់ការប្រើប្រាស់ សណ្ឋាគារបានធ្លាក់ចុះច្រើនជាងមុនឆ្ងាយ ដោយសារការថយចុះនូវចំនួនភ្ញៀវកូរ៉េ ជប៉ុន និងភ្ញៀវទេសចរណ៍មកពីប្រទេសផ្សេងៗទៀត។លោកបន្តថា ទោះជាយ៉ាងណាលោកមិនអាចដឹងពីទំហំនៃការធ្លាក់ចុះចំនួនភ្ញៀវឲ្យបានពិតប្រាកដទេ ដោយសារសណ្ឋាគារមកចូលជាសមាជិកសមា គមមានចំនួនតិច ប៉ុន្តែជាក់ស្តែងយើងអាចនិយាយបានថា ចំនួនភ្ញៀវពិតជាបានធ្លាក់ចុះខ្លាំងតាំងពីដើមខែ៣ មិនារហូតមកទល់ពេលនេះ។
លោកបន្តថា “ខ្ញុំបានលឺថាមានសណ្ឋាគារតូចៗមួយចំនួនបានបិទទ្វារ ហើយការបិទនេះមិនមែនដោយសារការកើនឡើងនូវចំនួនសណ្ឋាគារថ្មីៗទេ ព្រោះសណ្ឋាគារថ្មីៗកើនឡើងតិចតួចប៉ុណ្ណោះ”។
នៅកម្ពុជាមានសណ្ឋាគារចំនួនជាង៥០០ ដែលភាគច្រើនមានទីតាំងនៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ កំពង់សោម និងខេត្តបាត់ដំបងជាដើម។
លោកលូ ម៉េងបានបន្តថា ដោយសារការប្រកួតប្រជែងកើនឡើងក្នុងវិស័យនេះ បានធ្វើឲ្យតំលៃសណ្ឋាគារលក់ចេញនៅខេត្តសៀមរាប បានលក់ចេញក្នុងតំលៃទាបមែនទែន ហើយតំលៃនេះជាតំលៃថោកជាងគេ ធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី៕
ដោយ ៖ គង់ លាងហួរ