Sunday, January 19, 2025
Homeព័ត៌មានជាតិហេតុអ្វីកើតជំងឺ​កាមរោគ ?

ហេតុអ្វីកើតជំងឺ​កាមរោគ ?

ជំងឺកាមរោគ ជាជំងឺឆ្លងតាមផ្លូវភេទដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាពបន្តពូជ និងសុខភាពផ្លូវចិត្តជាខ្លាំង។ ដូច្នេះ ម្នាក់ៗត្រូវយល់ដឹងពីមូលហេតុនាំឱ្យកើតជំងឺកាមរោគនេះ និងវិធីការពារខ្លួន ។
កត្តាសំខាន់នាំឱ្យកើតជំងឺឆ្លងតាមផ្លូវភេទ ៖

-ការរួមភេទ ពិសេសក្នុងករណីដែលមិនបានពាក់ស្រោមអនាម័យប្រភេទជ័រស្វិតឡាតិក (Latex Condom) ទោះបីរួមភេទតាមទ្វារមាស ឬទ្វារធំក្តី ជាមួយនឹងអ្នកដែលកើតជំងឺ និងអ្នកឆ្លងមេរោគក្តី នឹងមានឱកាសឆ្លងមេរោគប្រមាណ ៧០-៨០%។

-ការពាក់ស្រោមអនាម័យភេទប្រុសមិនត្រឹមត្រូវ ឬជួនពាក់ជួនអត់ ជាការបង្កើនអត្រាឆ្លងមេរោគ។

-អត្រាឆ្លងមេរោគនឹងកើនឡើងកាន់តែខ្លាំងទៅតាមចំនួនដៃគូប្រវត្តិការធ្លាប់កើតជំងឺឆ្លងមួយប្រភេទ នឹងនាំឱ្យងាយឆ្លងជំងឺផ្លូវភេទមួយប្រភេទទៀតដូចជា បើអ្នកធ្លាប់កើតជំងឺរើមនៅអវយវៈភេទ ឬកើតរោគស្វាយ ប្រមេះ ហើយមានការរួមភេទជាមួយអ្នកផ្ទុកវីរុសអេដស៍នោះ អ្នកងាយនឹងឆ្លងជំងឺអេដស៍បំផុត។

-ការសេពសុរា ឬថ្នាំញៀន ធ្វើឱ្យសមត្ថភាពក្នុងការសម្រេចចិត្តចុះខ្សោយ ដែលនាំឱ្យឈានទៅរកការរួមភេទ ជាមួយអ្នកមានដៃគូច្រើន នាំឱ្យងាយបណ្តាលឆ្លងរោគពីគេ ដោយមិនដឹងខ្លួន។

-ការប្រើម្ជុលចាក់ថ្នាំរួមជាមួយអ្នកដទៃ អាចធ្វើឱ្យអ្នកអាចឆ្លងជំងឺទាំងនេះបាន ដូចជា វីរុសហ៊ីវ (អេដស៍) ឬវីរុសរលាកថ្លើម B ។ នៅពេលឆ្លងមេរោគពីគេហើយ នឹងអាចចម្លងឱ្យអ្នកដទៃបានទៀតផង។

-ចំពោះស្ត្រីវ័យក្មេង ដែលកោសិកាបរិវេណមាត់ស្បូននៅមិនទាន់លូតលាស់ពេញលេញ អាចមានការប្រែប្រួលនៃកោសិកាគ្រប់ពេលវេលា។ ក្នុងអំឡុងពេលខាងលើ កោសិកាងាយនឹងឆ្លងជំងឺកាមរោគណាស់។

-ការឆ្លងមេរោគពីម្តាយទៅកូន ក្នុងករណីឆ្លងមេរោគប្រមេះ ហូរខ្ទុះ កើតរើម និងកាមរោគ ដោយមានការឆ្លង ទាំងក្នុងពេលមានផ្ទៃពោះ និងខណៈសម្រាល។ ទារកដែលឆ្លងមេរោគ នឹងមានបញ្ហាផ្សេងៗកើតឡើងច្រើន ដូចជា លូតលាស់ខុសប្រក្រតី ឬពិការពីកំណើត។ ដូច្នេះ ស្ត្រីមានផ្ទៃពោះ គួរបានទទួលការពិនិត្យ និងព្យាបាលជំងឺខាងលើ ឱ្យបានជាសះស្បើយផង ចៀសវាងចម្លងទៅឱ្យកូន នាំឱ្យមានបញ្ហាដល់កូនក្នុងផ្ទៃ។

វិធីបង្ការការឆ្លងកាមរោគ ៖

-ការមិនរួមភេទ ជាវិធីល្អបំផុត ដើម្បីបង្ការជំងឺឆ្លង ប៉ុន្តែជាការពិបាក។

-ការមិនប្តូរដៃគូរួមដំណេកញឹកញាប់។

-ការមិនមានដៃគូច្រើន។

-ការរស់នៅជាប្រចាំជាមួយអ្នកដែលពុំមានជំងឺឆ្លង នឹងជួយបន្ថយឱកាសកើតជំងឺ។

-ការចាក់វ៉ាក់សាំងអេចភីវី (HPV) ការពារជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងការពារជំងឺរលាកថ្លើម B ជាពិសេស ក្នុងរយៈពេលសមស្រប តាំងពីវ័យជំទង់ មុននឹងចាប់ផ្តើមរស់នៅជាមួយដៃគូ គឺជាការជួយបន្ថយឱកាសឆ្លងមេរោគទាំងនេះ។

ការថែទាំខ្លួនក្រោយពេលមានជំងឺឆ្លងផ្លូវភេទ ៖

-ករណីសង្ស័យថា ខ្លួនឯងអាចឆ្លងជំងឺផ្លូវភេទ ឬឆ្លងកាមរោគ គួរប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ គួរផ្អាកការរួមភេទ ដើម្បីចៀសវាងចម្លងទៅឱ្យអ្នកដទៃ រហូតដល់ការពិនិត្យបញ្ជាក់ថា អ្នកមិនបានកើតជំងឺកាមរោគនោះទេ ឬបើបញ្ជាក់ថា អ្នកមានកើតជំងឺកាមរោគ ក៏គួរផ្អាកការរួមភេទជាមួយដៃគូ រហូតដល់ពេលព្យាបាលបានជាសះស្បើយសិន។

-ការឆ្លងជំងឺផ្លូវភេទ ប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក ដោយអាចខឹងក្រោធនឹងដៃគូរបស់អ្នក ឬមានការខ្មាសអៀន ពេលដឹងថា ជាជំងឺដែលអាចចម្លងទៅឱ្យគូស្នេហ៍ជាទីស្រឡាញ់របស់អ្នក។ ហើយអ្វីដែលយ៉ាប់បំផុត គឺជំងឺកាមរោគខ្លះ ធ្វើឱ្យអ្នកឈឺថ្កាត់អស់មួយជីវិត ឬដល់ថ្នាក់បាត់បង់ជីវិតផង ថែមទាំងប៉ះពាល់ដល់ការសម្រេច ចិត្តក្នុងជីវិតគ្រួសារ ប៉ះពាល់ដល់ការមានកូន ឬឈានទៅរកការបែកបាក់គ្នា និងមានទស្សនៈមិនល្អចំពោះការរួមភេទទៀតផង។

-ទោះជាយ៉ាងណាក្តី មិនគួរបន្ទោសអ្នកណានោះទេ ការដែលអ្នកឆ្លងមេរោគ អាចមិនបានឆ្លងពីដៃគូបច្ចុប្បន្ន ប៉ុន្តែអាចជាដៃគូពីមុនៗរបស់អ្នកមក ឬដៃគូពីមុនរបស់គូស្នេហ៍អ្នក ឬពីដៃគូ របស់អ្នកទាំងពីរ។

-អ្វីដែលល្អបំផុតគឺ ការការពារខ្លួន កុំឱ្យឆ្លងជំងឺកាមរោគ តាំងពីពេលនេះតទៅ៕

RELATED ARTICLES