សម្រាប់អ្នកខ្ជិលងូតទឹក តែងមានលេសច្រើន ពេលខ្លះរអ៊ូថា នឿយហត់ខ្លាំងពេក ឬងងុយគេងពេក។ ប៉ុន្តែប្រសិនដឹងពីប្រយោជន៍នៃការងូតទឹក អ្នកដែលមិនចូលចិត្តទឹកប្រាកដជាប្តូរចិត្តវិញ។
-បង្កើនប្រសិទ្ធភាពខួរក្បាល ៖ ការងូតទឹកដែលលាយប្រេងក្លិនក្រអូបប្រហើរពីធម្មជាតិ មានចំណែកជួយជំរុញការធ្វើការរបស់ខួរក្បាល ជួយឱ្យខួរក្បាលចងចាំបានល្អ បន្ថយអារម្មណ៍តានតឹងបាន។
-ជួយបន្ថយភាពតានតឹង ៖ អារម្មណ៍ត្រជាក់ស្រួលអំឡុងពេលងូតទឹក អាចជួយជំរុញអារម្មណ៍ល្អៗក្នុងខ្លួន និងជួយ កម្ចាត់ក្លិនខ្លួន ក្លិនញើស ក្អែលបាន។
-បង្ការកន្ទួលរមាស់ និងជំងឺសើស្បែក ៖ ការងូតទឹក ជួយសម្អាតរាងកាយដែលល្អបំផុត ជាពិសេស កំណកក្អែល និងផ្សែងពុល ដែលតោងជាប់តាមរាងកាយ ឱ្យជ្រុះចេញ សល់តែស្បែកដែលស្រស់ថ្លាមិនរមាស់ស្អុះស្អាប់។
-ជួយឱ្យគេងលក់ស្រួល ៖ ការគេងលក់ស្រួល ចាំបាច់ត្រូវបន្ថយកម្រិតសីតុណ្ហភាពក្នុងរាងកាយ ឱ្យស្ថិតក្នុង សភាពសមស្របនឹងការគេងលក់។ ឯការងូតទឹក ក៏ជាវិធីបញ្ចោញកម្តៅក្នុងរាងកាយ មួយប្រភេទ ឬប្រសិនថ្ងៃណាអាកាសធាតុត្រជាក់ ការងូតទឹកក្តៅឧណ្ហៗ ក៏អាចជួយឱ្យរាងកាយ សម្រួលសីតុណ្ហភាព ឱ្យសមស្របចំពោះការគេងបានដែរ។
-បង្ការជំងឺផ្តាសាយ ៖ ការងូតទឹក អាចជួយឱ្យខួរក្បាលបញ្ចោញអ័រម៉ូនអេនដូរហ៊្វីន ចេញមកកាន់តែច្រើន ជាពិសេស ប្រសិនគេងត្រាំទឹកក្តៅឧណ្ហៗលាយប្រេងក្រអូប។ នៅពេលរាងកាយផលិតអ័រម៉ូននៃសេចក្តីសុខចេញមកហើយបណ្តាអាការចុករួយតាមរាងកាយនឹងថយចុះដែរ ខណៈនោះ ប្រព័ន្ធការពាររាងកាយ ក៏ត្រូវជំរុញឱ្យធ្វើការបានកាន់តែល្អ ការពារពីជំងឺផ្តាសាយបាន។
-បន្ថយអាការកណ្តាស់ ៖ ប្រសិនកណ្តាស់ញឹកញាប់ គួរងូតទឹកក្តៅឧណ្ហៗ ព្រោះចំហាយទឹកដែលបញ្ចោញមកពីការងូតទឹកក្តៅឧណ្ហៗ អាចជួយឱ្យសំណើមជាមួយប្រហោងច្រមុះ បន្ថយអាការកណ្តាស់ រួមទាំងជួយបន្ធូរភាពតានតឹងក្នុងប្រព័ន្ធប្រសាទ ធ្វើឱ្យអាការឈឺក្បាលថយចុះផងដែរ ៕