ភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកត្របកភ្នែកខាងឆ្វេងហូរឈាមកក្លាក់ ខណៈដែលកំពុងផឹកសុី កើតមានទំនាស់សម្តីជាមួយក្មេងស្ទាវជាកម្មករសំណង់ជាមួយគ្នា ឈានដល់លោតធាក់មួយជើងដាល់មួយដៃ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ឡាយគង់ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ភ្លាមៗ ត្រូវបានជនរងគ្រោះប្តឹងប៉ូលីសចុះទៅឃាត់ខ្លួនក្មេងបង្កបាននាំចូលបុ៉ស្តិ៍នគរបាល ។
ភាគីរងគ្រោះ មានឈ្មោះ ឈៀ ទឺ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើតភូមិត្បែង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសបែកត្របកភ្នែកខាងឆ្វេង ។ ចំណែក យុវជនបង្ក មានឈ្មោះ ដុំ ឌឿន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត ភូមិព្រៃច្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលក្រុមកម្មករសំណង់បានបើកលុយរួច ខ្លួនរួមជាមួយមិត្តភ័ក្ររួមការងារ បានទិញស្រាមកផឹក គ្នា២នាក់ ខ្លួននិងម្នាក់ទៀតឈ្មោះ ជួប ប្រុស អាយុ២៨ឆ្នាំ ជាកម្មករជាមួយគ្នា ផឹកមិនទាន់អស់១លីត្រផង ស្រាប់តែជនបង្ក មកសាកសួរ និយាយជាមួយ បុរសឈ្មោះ ជួប ប្រុស ស្របពេលនោះ ក៏មាន កម្មការនី សំណង់ ម្នាក់ទៀយដើរមក រកសុំបារីជក់ ហើយជនបង្កបានប្រាប់តបថា ទៅសុំអាមួយ អាវស ពាក្យ«អាមួយ»បែបនេះ ធ្វើឲ្យខឹង ជេរស្តីតបត ពេលដែលខ្លួនស្រវឹងស្រឿងៗផង ទើបឈានដល់ ជនបង្កលោតធាក់មួយជើង ដាល់មួយដៃ អុកគូថ បែកហូរឈាមកក្លាក់ ។
តែបើតាម សម្តីយុវជនបង្កវិញ បានឲ្យដឹងថា ពេលសែលឈ្មោះ ឈៀ ទឺ «ជនរងគ្រោះ» និងឈ្មោះ ជួប ប្រុស អង្គុយផឹកសុី ខ្លួនបានដើរទៅសាកសួរ ទៅលើឈ្មោះ ជួប ប្រុស ជាអ្នករាប់អានគ្នា ជុំវិញ ឈ្លោះ ប្រពន្ធកូន ខណៈពេលនោះ មានស្រ្តីជាកម្មករសំណង់ដូចគ្នា ដើរមករកសុំបារីជក់ គ្រាន់តែខ្លួនប្រាប់ថាទៅសុំពូអាវស ប៉ុណ្ណឹងបែជា ជនរងគ្រោះ ចោទប្រកាន់ ថា ហៅ អា អាវស ទៅវិញ ជេរ ស្ទុះមកវ៉ៃ គេចផុតតវិញមួយដៃ ស្រវឹងស្រាប់ផង ងាយដួលបំផុត ។
ក្រោយកើតហេតុ ភាគីសងខាង ត្រូវបាននគរបាលនាំខ្លួនចូលប៉ុស្តិ៍ ចោមចៅ ដើម្បីធ្វើការសម្របសម្រួលគ្នា ៕