ភ្នំពេញ ៖ ស្រ្តីក្រមុំចាស់ ពុំមានកូនចៅ ប្តីប្រើនឹងគេ សុខចិត្តឡើងដើមស្វាយបេះប្រឡេះផ្លែដោយខ្លួនឯង តែជាអកុសល ពេលដែលប្រតោង ឡើងឈោងបេះផ្លែ ភ្លាត់ស្នៀតរបូតដៃធ្លាក់ពីលើចុងស្វាយបណ្តាលឲ្យរងរបួសធ្ងន់សន្លប់ ឈឹងនៅកន្លែង កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីរងគ្រោះ មានឈ្មោះ បុិល យ៉ុង អាយុ៥០ឆ្នាំ មុខរបរកសិករ ជាស្រ្តីក្រមុំចាស់មុឺនឆ្នាំ គ្មាគូរគាប់នឹងគេ រស់នៅជាមួយម្តាយចាស់ជរា បងប្អូន ក្នុងភូមិសង្កាត់កើតហេតុខាងលើ ។
តាមដូនចាស់ ជាម្តាយបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឡើងដើមស្វាយកែវល្មៀត កំពង់ប្រហែល៥ម៉ែត្រ បេះផ្លែ ដោយខ្លួនឯង ពុំបានប្រើ ពឹងពាក់ ក្មួយប្រុសៗណាឲ្យជួយឡើយ ហើយពេលដែលកំពុងប្រយិតប្រតោង ឈោងបេះផ្លែស្វាយ រអិលរបូតដៃ ធ្លាក់មកដីបណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ឈឹង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ជួយហៅរករថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ បើតាមក្រុមគ្រូពេទ្យបានបង្ហើបប្រាប់ឲ្យដឹងថា ជនរងគ្រោះ ប៉ះពាល់ដល់ឆ្អឹងក ត្រគៀក រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែលទៅហើយ ជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយ ហើយគ្រូពេទ្យក៏កំពុងជួយសង្រ្គោះផងដែរ ដោយបន្តបញ្ចូលខ្យល់អុកសុីហ្សែន ជាជំនួយ ៕