ភ្នំពេញ ៖ បុរសម្នាក់ដោយសារទឹកចិត្តអាណិតមិត្តភ័ក្ររួមការងារ ក្រោយពីខ្ចាត់ព្រាត់បែក បាក់ពីក្រុមគ្រួសារប្រពន្ធកូន ហៅមកដេកស្នាក់អាស្រ័យជាមួយ ដូចនាំទុក្ខទោសដាក់ដល់ខ្លួន បន្ទាប់ពីមិត្តរួមការងារលួចយកម៉ូតូជិះគេចទៅបាត់ ខណៈដែលលង់លក់ក្នុងដំណេក ទម្រាំដឹងខ្លួនវេលាម៉ោង៦ព្រឹកថ្ងៃទី១២ខែមេសា ហួសពេលបាត់ទៅហើយ ទៅបាត់ដោយសុវត្តិភាព នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះ លឹម វឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកម៉ូតូដែលមិត្តទ្រុស្តមិត្តលួចយកទៅបាត់ម៉ាកហុងដា សេ១២៥ សេរី២០១២ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1I-6762 ។ ដោយឡែកមិត្តជាជនសង្ស័យ មានឈ្មោះ ឃាន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររួមការងារ មានស្រុកកំណើតភូមិត្រពាំងរកា ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យត្រូវជាមិត្តភ័ក្ររួមការងារ ហើយក្រោយពីលែងលះបែកបាក់ប្រពន្ធកូនរួចមក ខ្លួនក៏ឃើញនឹកអាណិត ហៅមកស្នាក់អាស្រ័យជ្រកកោណជាមួយក្នុងបន្ទប់ជួលទើបបាន៣ថ្ងៃ នៅយប់ថ្ងៃទី១១ ខែមេសា ជនសង្ស័យដេកសម្រាកនៅក្រោយ ចំណែកខ្លួនឡើងទៅដេកសម្េាកនៅលើឡៅតឿ លង់លក់ជ្រុល រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមេសា ភ្ញាក់ពីដំណេក បែជាបាត់មិត្តភ័ក្រ បាត់ទាំងម៉ូតូ ទ្វារបន្ទប់ចំហរ ទូរស័ព្ទសាកសួរ គ្រាន់តែនិយាយប្រាប់ថា ចេញឈប់នៅហើយ ក៏ចុចបិទបាត់ ទើបអស់សង្ឃឹម ថាម៉ូតូមិត្តភ័ក្រលួចបាត់ហើយ ទោះជាព្យាយាមខំដើរស្វែងថកមើល សាកសួរ តាមបន្ទប់មិត្តភ័ក្រអ្នកស្គាល់ក៏គ្មានដំណឹង ។ ប្រភពបន្តទៀតថា ពេលដែលមិត្តភ័ក្រ លួចម៉ូតូរបស់ខ្លួនទៅបាត់ មានបន្សល់ទុកឯកសារ លិខិតបញ្ជាក់ សំបុត្រកំណើត របស់ជនសង្ស័យ នៅកន្លែងគេដេកសម្រាក ទើបស្គាល់តម្រុយ អត្តសញ្ញាណ ស្រុកភូមិ កាន់ឯកសារទាំងនោះទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ នាព្រឹកថ្ងៃទី១៣ ខែមេសា នេះដើម្បីផ្តល់ឱកាសឲ្យសមត្ថកិច្ចងាយស្រួលស្រាវជ្រាវបន្ត ៕