ភ្នំពេញ ៖ ស្រ្តីម្នាក់និយាយបណ្តើរបង្ហូរទឹកភ្នែកបណ្តើរ រៀបរាប់ពីឆាកជីវិតរបស់ខ្លួន បន្ទាប់ពីមានប្តីទី១ជួបតែទុក្ខព្រួយឥតស្រាកស្រាន្ត ជួបស្នេហ៍ទី២ ប៉ះចំជនជាតិចិន ស្រមើស្រម៉ៃនឹកថាប្រសព្វបុិនខាងរកសុី ផ្ទុយទៅវិញ ទី១និងទី២ ដូចតែគ្នាវេទនាចិត្តត្បិតលួច យកតែរបស់ទ្រព្យពីក្នុងផ្ទះចេញក្រៅ រកអ្វីក៏គ្មានសល់ បន្សល់តែទឹកភ្នែកទុកជូនភរិយា ទ្រាំលែងបាន សម្រេចចិត្តរត់ទៅប្តឹងប៉ូលីស អាជ្ញាធរ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧នេះ ឲ្យជួយអន្តរាគមន៍ និងឈានទៅរកការលែងលះគ្នា កុំឲ្យក្រៀមចិត្តវេទនាកាន់តែទ្វេរឡើង ។
ស្រ្តីក្រៀមក្រំចិត្តត្បិតប្តីធ្វើបាប មានឈ្មោះ មិន ចិន្តា អាយុ៣៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកលោកប្តី មិនថ្នមចិត្ត មានឈ្មោះ ចាង សុីឈាន អាយុ៣៤ឆ្នាំ ជាជនជាតិចិន មុខរបរ រត់តាក់សុី បានគេចខ្លួនបាត់ ។
បើតាមការរៀបរាប់ពីស្រ្តីខាងលើបានឲ្យដឹងថា បានប្តីទី១ ជាជនជាតិខ្មែរ មានយសស័ក្ត មុខមាត់ ខ្ពង់ខ្ពស់ តែមិនមានភាពកក់ក្តៅសម្រាប់គ្រួសារ ផឹកសុី ស្រីញីអូនបង បានកូនស្រីម្នាក់ ដោយរស់ នៅមិនចុះសម្រុងគ្នាក៏បានលែងលះចែកផ្លូវគ្នាបាត់ទៅ ហើយក្រោយពីចែកផ្លូវ បែកបាក់ស្នេហ៍ទី១ រួចមក បែជាមកលង់ជាប់ផុងអន្ទាក់ស្នេហ៍ បានប្តីទី២ជាជនជាតិចិន នឹកថាបុិនរកសុី ពុទ្ធោ ! ៤ឆ្នាំ បានកូនស្រីមួយ កាក់កបតែទុក្ខព្រួយដដែល ក្នុងអំឡុងពេល២ឆ្នាំកន្លងមកនេះ មិនចេះយល់ពី អារម្មណ៍ប្រពន្ធ លួចយកតែលុយកាក់ ទ្រព្យសម្បត្តិចេញពីក្នុងផ្ទះ អស់ៗ រកតែសល់អ្វីមិនបាន ។ ស្រ្តីខាងលើបន្តទៀតថា រហូតមកដល់ល្ងាចថ្ងៃទី១២ ខែមេសា ខណៈដែលនាំគ្នាទៅលេងស្រុកកំណើត ខាងខេត្តកំពង់ចាម ជួបជុំសាច់ញាតិនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ស្រាប់តែលោកប្តី ប្រាប់ថា ត្រឡប់មកភ្នំពេញវិញហើយ ប្រញាប់ដឹកម៉ូយ ដោយបើករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-9681 ហើយនឹងវិលត្រឡប់ទៅស្រុកវិញ សង្ស័យដោយមួយយប់ ទូរស័ព្ទសួរនាំ មិនបាន ទើបនៅព្រឹកថ្ងៃទី១៣នេះ ធ្វើដំណើរចេញពីស្រុក មកដល់ផ្ទះរកប្តីទើបដឹងថា លោកប្តីជនជាតិចិនរូបនេះ យកទាំងរថយន្ត គាស់ទាំងផ្ទះប្រមូលទ្រព្យសម្បត្តិចេញបាត់អស់រលីង ។ ស្រ្តីដដែលបន្តទៀតថា បើតាមអ្វីដែលអ្នកជិតខាងឃើញ ហើយប្រាប់ ថា កាលពីយប់ថ្ងៃទី១២ ខែមេសា គឹឃើញ បុរសជាប្តីរូបនេះ បានរើជញ្ជូនឥវ៉ាន់ដាក់រថយន្ត បើកចាកចេញទៅបាត់ សូម្បីតែទ្វារផ្ទះមិនបានចាក់សោវិញផង នឹកស្មានថាគាត់វិលវិញ មិនបានចាប់អារម្មណ៍ ។
ក្រោយពីដឹងថា ប្តីភូតកុហក់ ប្រមូលទ្រព្យសម្បត្តិចេញពីផ្ទះ ទោះជាពកយាយាម ទំនាក់ទំនងតាមរយះទូរស័ព្ទក៏មិនបាន សម្រេចចិត្តរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ ដើម្បីព្យាយាមរក ហៅលោកប្តីមកនិយាយគ្នា រឿងលែងលះ ៕